ប៉ុន្តែ កិច្ចប្រជុំនេះក៏បានបង្ហាញវត្តមានស្ត្រីវ័យក្មេងដ៏ស្អាតសោភាមួយរូប ដែលបកប្រែឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់ចិន គឺនាង ចាង ជីង (Zhang Jing) ។ នាង ចាង ជីង ត្រូវបានមហាជនចិននៅលើបណ្ដាញសង្គមកោតសរសើរចំពោះការបកប្រែយ៉ាងស្ទាត់ជំនាញនិងប្រកបដោយវិជ្ជាជីវៈរបស់នាង ។
អ្វីដែលមហាជននៅលើបណ្ដាញសង្គមនៅប្រទេសចិនកោតសរសេរនាង គឺនាងអាចបកប្រែយ៉ាងស្ទាត់ជំនាញនូវប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់ចិន លោក យ៉ាង ជៀឈី (Yang Jiechi) ដែលជាការវាយប្រហារឆ្លើយតបទៅភាគីសហរដ្ឋអាមេរិកវិញ ។ លោក យ៉ាង ជៀឈី និយាយជាភាសាចិនរយៈពេល ១៥នាទី ខណៈនាង ចាង ជីង កត់ត្រាយ៉ាងយកចិត្តទុកដាក់ ហើយបន្ទាប់មក បានបកប្រែជាភាសាអង់គ្លេសប្រមាណជិត ២០០០ពាក្យ ប្រកបដោយភាពស្ទាត់ជំនាញ ។
នាង ចាង ជីង ធ្លាប់បានបកប្រែនៅក្នុងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាជិប្រជាជនជាតិ និងក្រុមប្រឹក្សានយោបាយប្រជាជនចិន ក្នុងអំឡុងឆ្នាំ២០១៣ ដែលនាងត្រូវបានគេស្គាល់ថាមានជំនាញបកប្រែល្អ និងមានកាយវិការប្រកបដោយវិជ្ជាជីវៈ ។
នាង ចាង ជីង ជាអ្នកស្រុកមានកំណើតកើតជានៅក្រុងហានចូវ (Hangzhou) នៃខេត្តជេជាំង (Zhejiang) ប្រទេសចិន ។ នាងបញ្ចប់ការសិក្សាពីសាលាភាសាបរទេសនៅឆ្នាំ២០០៣ បន្ទាប់មក រៀនបន្តនៅសាកលវិទ្យាល័យកិច្ចការបរទេសចិន ដោយយកមុខវិជ្ជាភាសាអង់គ្លេស ។ នាងត្រូវបានក្រសួងការបរទេសចិនជ្រើសរើសឲ្យចូលបម្រើការងារនៅឆ្នាំ២០០៧ ។
ឆ្នាំ២០០៨ ដល់ឆ្នាំ២០០៩ នាង ចាង ជីង បានទទួលសញ្ញាបត្រអនុបណ្ឌិតពីការសិក្សានៅចក្រភពអង់គ្លេសតាមរយៈកម្មវិធីអាហារូបករណ៍ ។ ចាប់តាំងពីនោះមក នាងបានបំពេញការងារបកប្រែជាច្រើនជូនថ្នាក់ដឹកនាំបក្សនិងរដ្ឋ នៅក្នុងសកម្មភាពកិច្ចការបរទេស ។
នាង ចាង ជីង មិនត្រឹមតែមានរូបសម្ផស្សស្រស់ស្អាតសោភាប៉ុណ្ណោះនោះទេ ប៉ុន្តែ នាងក៏ជានិស្សិតម្នាក់ដ៏ឆ្លាតវៃនិងពូកែផងដែរ ដោយទទួលបានពិន្ទុខ្ពស់កាលនាងរៀននៅសាកលវិទ្យាល័យ ផងដែរ ។ ពេលនាងរៀនចប់ ក្រសួងការបរទេសចិនបានជ្រើសរើសអ្នកបកប្រែជាង ២០០នាក់ ជាលើកដំបូងបង្អស់ ហើយក្នុងនោះ ក៏មាននាង ចាង ជីង ម្នាក់ដែរ ៕