សារព័ត៌មាន CNA បានរាយការណ៍នៅថ្ងៃទី១៩ ខែវិច្ឆិកា ថា នៅក្នុងរបាយការណ៍ប្រចាំឆ្នាំដ៏សំខាន់ក្រោមចំណងជើងថា ទស្សនវិស័យថាមពលពិភពលោក ទីភ្នាក់ងារថាមពលអន្តរជាតិ បានគូសបញ្ជាក់ថា អ្នកប្រើប្រាស់ទូទាំងសកលលោកកំពុងរែកពុនបន្ទុកចំណាយកាន់តែធ្ងន់ធ្ងរ ខណៈពិភពលោកអស់លទ្ធភាពទប់ទល់នឹងផលប៉ះពាល់លើការផ្គត់ផ្គង់ថាមពល ដែលបង្កឡើងដោយជម្លោះនេះហើយ។ IEA ក៏បានព្រមានដែរថា វិបត្តិនេះនឹងបន្សល់ទុកនូវស្លាកស្នាម និងផលប៉ះពាល់ដ៏ធំធេង ព្រមទាំងអូសបន្លាយរយៈពេលយូរទៅមុខទៀត។
ចាប់តាំងពីការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអែល បានដុតបញ្ឆេះភ្លើងសង្គ្រាមកាលពីខែកុម្ភៈ មក បណ្តាប្រទេសនៅតំបន់ឈូងសមុទ្របានជួបភាពរាំងស្ទះយ៉ាងខ្លាំងក្នុងការនាំចេញប្រេង បន្ទាប់ពីអ៊ីរ៉ង់ បិទច្រកសមុទ្រហ័រមូស និងបង្កើនការវាយប្រហារលើនាវាដឹកប្រេង។ ទោះបីជាកងទ័ពអាម៉េរិក បានខិតខំការពារ និងអមដំណើរនាវាឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្ត្រ ដែលធ្លាប់ជាផ្លូវដឹកជញ្ជូនប្រេងប្រមាណ១ ភាគ៥ នៃបរិមាណសរុបរបស់ពិភពលោកក្តី ក៏ខ្សែច្រវាក់ផ្គត់ផ្គង់នៅតែរងការកាត់ផ្តាច់ និងរំខានឥតឈប់ឈរ។
លោក ហ្វ៉ាទី បៃរ៉ូល (Fatih Birol) នាយកប្រតិបត្តិនៃទីភ្នាក់ងារថាមពលអន្តរជាតិ បានសរសេរក្នុងសេចក្តីផ្តើមនៃរបាយការណ៍នេះថា វិបត្តិនៅច្រកសមុទ្រហ័រមូស បានបង្កើតការគំរាមកំហែងដ៏ធំបំផុតមិនធ្លាប់មានចំពោះសន្តិសុខថាមពល ដែលធ្វើឱ្យវិបត្តិប្រេងកាលពីទសវត្សរ៍ឆ្នាំ១៩៧០ ក្លាយជារឿងតូចតាចមិនអាចប្រៀបធៀបបានឡើយ។
លោកបានបន្តថា កន្លងមកបណ្តាប្រទេសនានាបានព្យាយាមគ្រប់មធ្យោបាយ ដើម្បីការពារពលរដ្ឋខ្លួន ដូចជាប្រទេសផលិតប្រេងបានបញ្ចេញស្តុកបន្ថែមចូលទីផ្សារ និងស្វែងរកផ្លូវដឹកជញ្ជូនជំនួស ខណៈប្រទេសចិនបានកាត់បន្ថយការទិញប្រេងពីទីផ្សារអន្តរជាតិ។ ទោះរដ្ឋាភិបាលនានាបានចូលអន្តរាគមន៍យ៉ាងណាក្តី ក៏ពិភពលោកនៅតែគេចមិនផុតពីវិបត្តិតម្លៃប្រេងហក់ឡើងខ្ពស់កប់ពពក និងកង្វះខាតការផ្គត់ផ្គង់នោះដែរ។
របាយការណ៍របស់ IEA បានសង្កត់ធ្ងន់ថា បច្ចុប្បន្នយន្តការសម្រាលការលំបាកផ្សេងៗត្រូវបានប្រើប្រាស់អស់រលីងទៅហើយ ដែលធ្វើឱ្យបន្ទុកទាំងស្រុងកំពុងធ្លាក់ទៅលើអ្នកប្រើប្រាស់។ លោក ហ្វ៉ាទី បៃរ៉ូល បានព្រមានថា ទោះបីជាវិស័យថាមពល និងសេដ្ឋកិច្ចសកលធ្លាប់បង្ហាញភាពធន់គួរឱ្យកត់សម្គាល់ក្តី ប៉ុន្តែជម្លោះនេះកាន់តែអូសបន្លាយ ផលប៉ះពាល់នឹងកាន់តែមហន្តរាយ ហើយលោកមើលមិនឃើញពីច្រកចេញណាមួយ ដែលអាចនាំឱ្យទីផ្សារថាមពលពិភពលោក វិលត្រឡប់ទៅរកសភាពដើមដូចមុនវិបត្តិវិញបានឡើយ៕
អត្ថបទៈ សួន ឡង់ទី