កិច្ចព្រមព្រៀងថាមពល

កិច្ចព្រមព្រៀងថាមពល និងរ៉ែរបស់លោក ត្រាំ ត្រូវបានគេរំពឹងថា​នឹងរងការស៊ើបអង្កេតពីបក្សប្រជាធិបតេយ្យ


ក្រោយចាញ់ឆ្នោតពាក់កណ្តាលអាណត្តិ ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងសម្ពាធនយោបាយយ៉ាងធ្ងន់ធ្ងរ និងរលកនៃការស៊ើបអង្កេតជាច្រើនករណី នៅពេលដែលគណបក្សប្រជាធិបតេយ្យឡើងគ្រប់គ្រងសភាទាំងពីររបស់សហរដ្ឋអាម៉េរិក នៅខែមករា ឆ្នាំ២០២៧ ខាងមុខ។ ក្នុងនោះកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗជាច្រើនក្នុងវិស័យថាមពល និងរ៉ែ ក្រោមរដ្ឋបាលរបស់លោក ត្រាំ ត្រូវបានគេព្យាករថា នឹងក្លាយជាផ្ទាំងស៊ីបចម្បង នៃប្រតិបត្តិការស៊ើបអង្កេតយ៉ាងស៊ីជម្រៅនេះ។
កិច្ចព្រមព្រៀងថាមពល
ដោយ

សារព័ត៌មាន CNBC បានរាយការណ៍ថា អស់រយៈពេលជាច្រើនខែមកហើយ ដែលគណបក្សប្រជាធិបតេយ្យ បានបង្កើនសម្ពាធយ៉ាងខ្លាំងលើសេតវិមាន ជុំវិញភាពស្របច្បាប់ នៃការជ្រៀតជ្រែករបស់រដ្ឋបាលលោក ត្រាំ ទៅក្នុងវិស័យប្រេងកាតរបស់ប្រទេសវេណេស៊ុយអេឡា និងការលុបចោលគម្រោងថាមពលកកើតឡើងវិញរបស់រដ្ឋបាលលោក ចូ បៃដិន។ លើសពីនេះក្រុមសមាជិកសភា ក៏បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងជុំវិញជម្លោះផលប្រយោជន៍ជុំវិញកិច្ចព្រមព្រៀងជាច្រើនក្នុងវិស័យរ៉ែ។ នៅពេលសភាអាម៉េរិកអាណត្តិថ្មីបើកទ្វារប្រជុំផ្លូវការក្នុងខែមករា ឆ្នាំក្រោយ គណបក្សប្រជាធិបតេយ្យនឹងក្តោបក្តាប់អំណាចកោះហៅ និងគ្រប់គ្រងលើគណៈកម្មាធិការសំខាន់ៗ ដែលផ្តល់សិទ្ធិអំណាចពេញលេញឱ្យពួកគេអាចបង្ខំឱ្យមានការផ្តល់សក្ខីកម្ម និងបញ្ចេញឯកសារសម្ងាត់ផ្សេងៗ។
លោក ហ្វ្រ៊ែង ផាឡូន (Frank Pallone) សមាជិកសភាជាន់ខ្ពស់របស់គណបក្សប្រជាធិបតេយ្យ ដែលត្រូវបានគេរំពឹងថានឹងក្លាយជាប្រធានគណៈកម្មាធិការថាមពល និងពាណិជ្ជកម្ម នៃសភាតំណាងរាស្ត្រ បានសង្កត់ធ្ងន់ថា គណៈកម្មាធិការនេះនឹងអនុវត្តរបៀបវារៈត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីលុបបំបាត់ និងវះកាត់អំពើពុករលួយ។
ជាមួយនឹងសំឡេងភាគច្រើនទាំងនៅក្នុងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា គណបក្សប្រជាធិបតេយ្យ ត្រូវបានរំពឹងថា នឹងជំរុញសេចក្តីសម្រេច ស្តីពី អំណាចក្នុងពេលមានសង្គ្រាម ដើម្បីបង្ខំឱ្យបញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់ ដែលជាដើមហេតុធ្វើឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងថ្លៃកប់ពពក ទាំងនៅក្នុងសហរដ្ឋអាម៉េរិក និងទីផ្សារសកល។ ដោយឡែកពាក់ព័ន្ធនឹងសំណុំរឿងប្រេងកាតវេណេស៊ុយអេឡា អស់រយៈពេលជាច្រើនខែមកហើយ ដែលក្រុមសមាជិកសភាបក្សប្រជាធិបតេយ្យទាមទារឱ្យរដ្ឋបាលលោក ត្រាំ បង្ហាញរបាយការណ៍ចំណូល និងចំណាយលើប្រេងវេណេស៊ុយអេឡា ប៉ុន្តែការទាមទារនេះគ្មានលទ្ធផលអ្វីឡើយ។
ចំពោះកិច្ចព្រមព្រៀងរ៉ែយុទ្ធសាស្ត្រសំខាន់ៗវិញ គណបក្សប្រជាធិបតេយ្យ បានលើកឡើងពីមន្ទិលសង្ស័យជុំវិញជម្លោះផលប្រយោជន៍ ដោយសមាជិកព្រឹទ្ធសភា បានផ្ញើលិខិតផ្លូវការកាលពីខែកក្កដា ទាមទារឱ្យរដ្ឋាភិបាលលោក ត្រាំ បង្ហាញកំណត់ត្រាការពារជាតិ ទាំងអស់ ដែលទាក់ទងនឹងកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចំនួន១៤។
បន្ថែមលើសពីនេះ គណបក្សប្រជាធិបតេយ្យ ក៏កំពុងពិនិត្យយ៉ាងល្អិតល្អន់ចំពោះចំណាត់ការរបស់រដ្ឋបាលលោក ត្រាំ ក្នុងការរំលាយចោលគម្រោងថាមពលខ្យល់ក្រៅឆ្នេរសមុទ្រ ដោយបានចំណាយប្រាក់ជិត១ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុន TotalEnergies ដើម្បីលុបចោលគម្រោង និងហាមឃាត់ការវិនិយោគលើគម្រោងស្រដៀងគ្នានេះនាពេលអនាគត។ សមាជិកសភាលោក ចារេដ ហាហ្វមែន (Jared Huffman) និងលោក ចេមី រ៉ាស្គីន (Jamie Raskin) បានចោទប្រកាន់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន TotalEnergies ថា ជាសកម្មភាពល្មើសច្បាប់ និងបានទាមទារឱ្យបើកការស៊ើបអង្កេតផ្លូវការតាំងពីខែមេសា កន្លងទៅ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


BYD ដាក់សម្ពោធស្ថានីយ FLASH Charge ផ្លូវជាតិលេខ 6A ជាផ្លូវការ៖ កម្ពុជាឈានចូលយុគសម័យ "សាកថ្មពេញក្នុងរយៈពេល 9 នាទី"

【រាជធានីភ្នំពេញ ព្រឹកថ្ងៃទី 6 ខែវិច្ឆិកា ឆ្នាំ 2026】 ស្ថានីយ FLASH Charge អាជីវកម្មដំបូងបង្អស់របស់ BYD នៅកម្ពុជា (ស្ថានីយ FLASH Charge…

ហេតុអ្វីក្រុមហ៊ុនផលិតធំៗលើពិភពលោកជ្រើសរើសវៀតណាម ជាជាងឥណ្ឌូនេស៊ី ដែលជាបងធំ​នៅអាស៊ាន?

ឥណ្ឌូនេស៊ី ជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតនៅតំបន់អាស៊ាន ប៉ុន្តែវិស័យផលិតកម្មរបស់ប្រទេសនេះកំពុងជួបការលំបាកក្នុងការប្រកួតប្រជែងជាមួយវៀតណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ