តាមការគូសបញ្ជាក់ពីក្រសួងរ៉ែនិងថាមពល តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា គិតមកទល់ពេលនេះ វិស័យរ៉ែនិងថាមពលកម្ពុជា បានសម្រេចសមិទ្ធផល និងមានគម្រោងអភិវឌ្ឍធំៗសំខាន់ៗជាច្រើន ដូចជា៖
១. ការផលិតស៊ីម៉ងត៍៖ ការធ្វើអាជីវកម្មផ្នែកអនុវិស័យរ៉ែថ្មសម្ភារៈសំណង់ បានឆ្លើយតប និងបំពេញបានតាមតម្រូវការនៃវិស័យសំណង់និងអចលនទ្រព្យនៅទូទាំងប្រទេស ដែលកំពុងមានសន្ទុះរីកចម្រើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។
តួយ៉ាង វិស័យរ៉ែបានសម្រេចបង្កើតបានជាថ្មីនូវសករាជនៃឧស្សាហកម្មផលិតស៊ីម៉ងត៍របស់កម្ពុជា តាមរយៈការបង្កើតបាននូវសមត្ថភាពផលិតស៊ីម៉ងត៍ក្នុងស្រុកសរុប ប្រមាណ ៧លានតោន ក្នុងមួយឆ្នាំ សម្រាប់បំពេញតម្រូវការក្នុងវិស័យសំណង់ និងជំនួសការនាំចូលជាមួយនឹងការបង្កើតនូវរោងចក្រផលិតស៊ីម៉ងត៍ក្នុងស្រុកជាច្រើនកន្លែងផងដែរ។
២. គម្រោងរុករករ៉ែមាស៖ គម្រោងអាជីវកម្មរ៉ែមាសទ្រង់ទ្រាយធំចំនួនពីរ ត្រូវបានសិក្សារៀបចំឡើង និងគ្រោងចាប់ផ្តើមផលិតកម្មនៅឆ្នាំ២០១៨ និងនៅឆ្នាំ២០១៩ នៅខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
៣. សមត្ថភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី៖ ក្នុងវិស័យអគ្គិសនី វារីអគ្គិសនីចំនួន ៦ស្ថានីយ មានអានុភាពសរុប ៩២៨ មេហ្កាវ៉ាត់ អគ្គិសនីដើរដោយធ្យូងថ្មមាន ៥០៥ មេហ្កាវ៉ាត់ អគ្គិសនីដើរដោយប្រេងមាន ២១៨ មេហ្កាវ៉ាត់ និងថាមពលព្រះអាទិត្យមាន ១០ មេហ្កាវ៉ាត់ បានផ្គត់ផ្គង់តាមរយៈខ្សែបណ្ដាញជាតិបញ្ជូនអគ្គិសនីឲ្យដល់រាជធានី-ខេត្ត ចំនួន ១៨ និងបានផ្គត់ផ្គង់ដល់ភូមិ ចំនួនប្រមាណ ១១,២០០ភូមិ ត្រូវជា៨០ភាគរយនៃចំនួនភូមិទូទាំងប្រទេស និងបានតភ្ជាប់ទៅលំនៅដ្ឋានចំនួនប្រមាណជិត ២លានខ្នងផ្ទះ ត្រូវជា ៦០ភាគរយនៃចំនួនខ្នងផ្ទះសរុបទូទាំងប្រទេស ។
៤. រោងចក្របូមប្រេងកំពុងត្រៀមខ្លួនយកតំណក់ប្រេងលើកដំបូង៖ កម្ពុជាបានចាប់ផ្តើមបោះជំហានតាមផែនការអភិវឌ្ឍន៍វិស័យប្រេងកាតរបស់ខ្លួននៅតំបន់ប្លុកប្រេងកាតដែនសមុទ្រ ហើយគ្រោងនឹងចាប់ផ្តើមផលិតកម្មតំណក់ប្រេងឆៅរបស់ខ្លួនជាលើកដំបូងនៅចុងឆ្នាំ២០១៩។
៥. រោងចក្រចម្រាញ់ប្រេងកាត៖ រោងចក្រចម្រាញ់ប្រេងកាតមួយនេះ ដែលមានសមត្ថភាព ៥លានតោនក្នុង១ឆ្នាំ ត្រូវបានដាក់ឲ្យវិនិយោគសាងសង់ និងបើកផ្លូវឲ្យកម្ពុជាបង្កើតបានឡើងវិញជាថ្មីនូវឧស្សាហកម្មវិស័យប្រេងកាតរបស់ខ្លួន។
ទោះយ៉ាងណា វិស័យរ៉ែនិងថាមពលនៅតែកំពុងមានវិសាលភាពនៃតម្រូវការបន្ថែមទៀត ពិសេស គឺថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ ខណៈដែលម្ចាស់រោងចក្រសហគ្រាសជាច្រើនតែងតែត្អូញត្អែរពីតម្លៃអគ្គិសនីក្នុងស្រុក ថា នៅមានខ្ពស់ជាងប្រទេសជិតខាង ដែលធ្វើឲ្យថ្លៃដើមផលិតមានខ្ពស់៕