បើតាមឯកឧត្តមរដ្ឋមន្រ្តី បញ្ហានេះក៏បានក្លាយជាហានិភ័យរបស់គម្រោងលំនៅដ្ឋានសមរម្យ ដែលត្រូវមានវិធានការដោះស្រាយ។
ឯកឧត្តមរដ្ឋមន្រ្តីថ្លែងយ៉ាងដូច្នេះថា៖ «ម៉ាភ្នំពេញសព្វថ្ងៃ មានមនុស្សបោកម៉ាក្រុមហ៊ុន ដែលក្រសួងកំពុងដោះស្រាយ។ មន្រ្តីរាជការ ភាគច្រើនជាគ្រូបង្រៀន បានទៅទិញគម្រោងលំនៅដ្ឋានសមរម្យ តែក្រុមហ៊ុនហ្នឹងបានលើកប៉ាណូអស់៤០០ដុល្លារ ហើយគូសប្លង់ចែកដីឡូតិ៍ ដាក់លក់យកប្រាក់កក់ ហើយយកដីគេលក់សោះ នៅពេលពលរដ្ឋបង់លុយកក់ប៉ាច់ វារត់បាត់។ ខ្ញុំមិនបញ្ចេញឈ្មោះទេ ប៉ុន្តែខ្ញុំស្គាល់ឈ្មោះជាង២០ឆ្នាំហើយ ឥឡូវ មនុស្សហ្នឹងចង់មកបោកលោកគ្រូអ្នកគ្រូ ថ្ងៃមុន គាត់មកទាមទារដោះស្រាយសំណើនេះ ហើយយើងកំពុងដោះស្រាយ»។
ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនៅពេលនេះ គឺធ្វើឡើងក្នុងពិធីសម្ពោធបញ្ចុះបឋមសិលា ការសាង់សង់លំនៅដ្ឋានសមរម្យ១០អគារ ស្មើនឹងប្រមាណ ២ពាន់យូនីតរបស់ក្រុមហ៊ុន Arakawa ជប៉ុន ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា។
បញ្ហានេះ ឯកឧត្តមរដ្ឋមន្រ្តីស្នើដល់សមត្ថកិច្ច និងអាជ្ញាធរដែនដី ក្តាប់ឲ្យបានគ្រប់ទីតាំងទាំងអស់ ដើម្បីត្រួតពិនិត្យឲ្យបានច្បាស់លាស់ ចំពោះក្រុមហ៊ុនទាំងឡាយ ដែលមានគម្រោងសាងសង់នៅមូលដ្ឋានរបស់ខ្លួន។
លើសពីនេះ ឯកឧត្តម ជា សុផារ៉ា បានអំពាវនាវដល់ពលរដ្ឋ និងមន្រ្តីរាជការទាំងអស់ ត្រូវត្រួតពិនិត្យ ស្រាវជ្រាវ និងសាកសួរអាជ្ញាធរមូលដ្ឋានជាមុន មុននឹងទិញផ្ទះ ឬដីនៅទីតាំងណាមួយ ដើម្បីជៀសវាងការចាញ់បោកគេ ដែលធ្វើឲ្យខាតបង់លុយកាក់ និងពេលវេលា៕