ក្រៅពីនេះ កិច្ចព្រមព្រៀងអាសិប បង្កើតជាក្របខណ្ឌគតិយុត្តទំនើបថ្មី ដែលជំរុញការធ្វើកំណែទម្រង់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ច្បាប់គតិយុត្ត និងស្ថាប័ន ដើម្បីធានាស្តង់ដារខ្ពស់របស់កម្ពុជានាពេលខាងមុខ ស្របពេលដែលកម្ពុជាអាចនឹងចាកចេញពីឋានៈប្រទេសអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៨ និងគ្រោងប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ប្រកបដោយប្រសិទ្ធភាពផងដែរ។
ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ទាក់ទងនឹង ផលបច្ច័យ បញ្ហាប្រឈម និងកំណើនសេដ្ឋកិច្ចនាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន កាលពីពេលថ្មីៗនេះ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP នឹងបង្កើតទីផ្សារបន្ថែមទៀតសម្រាប់អ្នកប្រើប្រាស់ជាង ២ពាន់លាននាក់ ដែលមានផលិតផលក្នុងស្រុកសរុបប្រមាណជាង ២៦ ទ្រីលានដុល្លារអាមេរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំណែកប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក និង ជាង៣២% នៃការវិនិយោគសកល។ឯកឧត្តមបាន បញ្ជាក់បន្ថែមថា យោងតាមការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា តាមរយៈកិច្ចព្រមព្រៀង RCEP ការនាំចេញរបស់កម្ពុជានឹងកើនឡើង ៧,៣% ការវិនិយោគនឹងកើនឡើង ២៣.៤% និងផលិតផលក្នុងស្រុកសរុបនឹងកើនឡើង ២% នៅពេលកម្ពុជាអនុវត្តកិច្ចព្រមព្រៀងនេះ ក្រោយការចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ កន្លងទៅ។
ឯកឧត្តម ប៉ាន សូរស័ក្ដិ សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះនឹងរួមចំណែកជាចាំបាច់ដល់ការស្តារសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា និងប្រទេសសមាជិកពាក់ព័ន្ធ នៅក្នុងនិងក្រោយវិបត្តិកូវីដ១៩ ព្រមទាំងជះឥទ្ធិពលវិជ្ជមានផ្សេងទៀតដល់ការអភិវឌ្ឍ តាមរយៈការបង្កើតការងារ ការជំរុញការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ការទទួលបានផលប្រយោជន៍ប្រកបដោយបរិយាប័ន្នខ្ពស់។ ក្រៅពីនេះ កិច្ចព្រមព្រៀង RCEP បង្កើតជាក្របខណ្ឌគតិយុត្តទំនើបថ្មី ដែលជំរុញការធ្វើកំណែទម្រង់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ច្បាប់គតិយុត្ត និងស្ថាប័ន ដើម្បីធានាស្តង់ដារខ្ពស់របស់កម្ពុជានាពេលខាងមុខ ស្របពេលដែលកម្ពុជាអាចនឹងចាកចេញពីឋានៈប្រទេសអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៨ និងគ្រោងប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ប្រកបដោយប្រសិទ្ធភាពផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ