IMF ថាសេដ្ឋកិច្ចអ៊ុយក្រែនអាចនឹងដួលរលំ

IMF ព្រមានពីការដួលរលំសេដ្ឋកិច្ចអ៊ុយក្រែន បើសង្គ្រាមនៅតែបន្តអូសបន្លាយ


អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ចុងក្រោយនេះថា រដ្ឋាភិបាលនៅទីក្រុងគៀវ នៅតែបន្តដំណើរការប្រព័ន្ធធនាគារមានស្ថិរភាព ហើយការទូទាត់បំណុលអាចដំណើរការបានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប្រសិនបើវិបត្តិសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្តអូសបន្លាយយូរទៀត នោះវាអាចនឹងនាំឲ្យសេដ្ឋកិច្ចអ៊ុយក្រែនត្រូវជួបគ្រោះមហន្តរាយ ដួលរលំជាក់ជាមិនខានឡើយ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
IMF ថាសេដ្ឋកិច្ចអ៊ុយក្រែនអាចនឹងដួលរលំ

អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានព្រមានថា សង្រ្គាមធ្វើឲ្យ ផលប៉ះពាល់យ៉ាងទូលំទូលាយ រួមទាំងការគំរាមកំហែងដល់សន្តិសុខស្បៀងពិភពលោកផងដែរ តាមរយៈការធ្វើឱ្យតម្លៃទំនិញកើនឡើងខ្ពស់ និងរារាំងដល់ការដាំដុះដំណាំ ជាពិសេសស្រូវសាលីនៅក្នុងប្រទេសអ៊ុយក្រែន។

ទោះបីជា IMF បានព្រមានអំពីភាពមិនច្បាស់លាស់ជុំវិញការព្យាករណ៍ក៏ពិតមែន ប៉ុន្តែប្រសិនបើជម្លោះត្រូវបានអូសបន្លាយយូរ នោះស្ថានភាពនៅអ៊ុយក្រែននឹងកាន់តែអាក្រក់ទៅៗ និងអាចធ្លាក់ដាំក្បាលចុះ ១០% នៅឆ្នាំ២០២២ បន្ទាប់ពីទើបតែបានកើនឡើង ៣,២%នៅឆ្នាំ ២០២១ ពោលគឺចំពេលមានការប្រមូលផលគ្រាប់ធញ្ញជាតិ និងការចំណាយរបស់អ្នកប្រើប្រាស់មានការកើនឡើងខ្លាំង។

ទោះយ៉ាងណា IMF ព្រមានថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់អ៊ុយក្រែនអាចនឹងកាន់តែអាក្រក់ជាងអ្វីដែលបានព្យាករទៅទៀត ដោយវាអាចនឹងមានការធ្លាក់ចុះដល់ ២៥% ទៅ៣៥% បើគេមើលទៅលើគំរូដែលធ្លាប់កើនឡើង ជាក់ស្ដែងនៅប្រទេសធ្លាប់ជួបវិបត្តិសង្គ្រាមធ្ងន់ធ្ងរ ដូចជាប្រទេស អ៊ីរ៉ាក់ លីបង់ និងប្រទេសផ្សេងៗទៀត។ 

សូមជម្រាបថា សង្គ្រាមនៅអ៊ុយក្រែនបានបំផ្លិចបំផ្លាញមន្ទីរពេទ្យ សាលារៀន និងផ្ទះសម្បែង ព្រមទាំងផ្លូវរាប់សិបគីឡូម៉ែត្រ និងអ្វីៗជាច្រើនទៀត នៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ បើតាមលោក លោក Oleg Ustenko ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន បានប៉ាន់ប្រមាណថា ការខូចខាតមានចំនួន ១០០ ពាន់លានដុល្លាររហូតមកដល់ពេលនេះ។

IMF ដែលកាលពីសប្តាហ៍មុនក៏បានអនុម័តកម្មវិធីជំនួយសង្គ្រោះបន្ទាន់ចំនួន ១ពាន់ ៤រយលានដុល្លារសម្រាប់អ៊ុយក្រែនផងដែរ។ បើតាមការបញ្ជាក់របស់ IMF អ៊ុយក្រែនក៏នឹងនៅតែអាចទទួល បានហិរញ្ញប្បទានពី IMF ដល់ទៅ ២ពាន់ ២រយលានដុល្លាររហូតដល់ខែមិថុនា ខាងមុខក្រោមកិច្ចព្រមព្រៀងដែលមានស្រាប់នាពេលកន្លងមក។

សូមជម្រាបថា បច្ចុប្បន្ននេះ IMF កំពុងរៀបចំហិរញ្ញប្បទានចំនួន ៣ ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងនានាក្នុងប្រទេសអ៊ុយក្រែន ដែលវានឹងរួចរាល់ក្នុងរយៈពេល ៦ សប្ដាហ៍ ទៅ ៨សប្តាហ៍ខាងមុខនេះ។ ហើយជាមួយគ្នានេះ អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទសប្តាហ៍នេះបាននិយាយថា ខ្លួនបានបែងចែកមូលនិធិចំនួន ៤០ លានដុល្លារអាមេរិក ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ក្នុងគោលបំណងដោះស្រាយជាមួយនឹងវិបត្តិដ៏អាក្រក់នេះផងដែរ។

ដោយឡែក សម្រាប់បំណុលសាធារណៈរបស់អ៊ុយក្រែន ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៦០% នៃទំហំ GDP នៅក្នុងឆ្នាំ២០២២ ពោលគឺបានកើនពី ៥០% នៃ GDP កាលពីឆ្នាំ២០២១៕

អត្ថបទ ស៊ើង និមល់

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបង្ហាញពីអត្ថប្រយោជន៍កម្ពុជានឹងទទួលបានពីកិច្ចព្រមព្រៀង RCEP

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ដែលវាមានសារៈសំខាន់យ៉ាងខ្ល…

ជប៉ុនបង្កកទ្រព្យសម្បត្តិមហាសេដ្ឋីរុស្ស៊ី ១៦នាក់បន្ថែមទៀត

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុជប៉ុនបានបញ្ជាក់ថា ប្រទេសជប៉ុនបានសម្រេចចិត្តបង្កកទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ីជនជាតិរុស្ស៊ីចំនួន ១៧ នាក់បន្ថែមទៀត នាំឱ្យ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ