រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីសុខាភិបាលរបស់អង់គ្លេស បានលាឈប់ពីតំណែងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ រួមជាមួយតួនាទីតូចៗជាច្រើនទៀតដោយនិយាយថា ពួកគេមិនអាចបន្តនៅក្នុងរដ្ឋាភិបាលនេះបានទៀតនោះទេបន្ទាប់ពីរឿងអាស្រូវចុងក្រោយបង្អស់បានធ្វើឱ្យប៉ះពាល់ដល់រដ្ឋបាលរបស់លោក ចនសុន។
ដោយមានការអំពាវនាវកាន់តែខ្លាំងឡើងសុំឱ្យលាលែងពីតំណែងនោះ លោក ចនសុន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់លោកក្រាញននៀលក្នុងការបន្តកាន់តំណែងដដែល ដោយសម្រេចតែងតាំងអ្នកជំនួញ និងជារដ្ឋមន្ត្រីអប់រំ គឺលោកណាឌីម ហ្សាហាវី (Nadhim Zahawi) ធ្វើជារដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មី និងបំពេញតួនាទីទំនេរៗមួយចំនួនទៀតផងដែរ។
លោក ហ្សាហាវី ដែលនឹងត្រូវឡើងមកកាន់តំណែងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថ្មីនោះ បានប្រាប់អ្នកសារព័ត៌មានដែរថា លោកនឹងពិនិត្យមើលជម្រើសទាំងអស់ ដើម្បីកសាង និងជំរុញកំណើនសេដ្ឋកិច្ច ដែលកំពុងជួបការលំបាក និងទប់ទល់អតិផរណា។
សមាជិកសភាម្នាក់មកពីគណបក្សអភិរក្សនិយមបានប្រាប់រ៉យទ័រនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា គាត់សង្ស័យតែគេនឹងត្រូវចាប់អូសលោក ចនសុន ចេញពីកៅអីរដ្ឋាភិបាលអង់គ្លេសទេតែម្ដងទេមើលទៅ ប៉ុន្តែប្រសិនបើចាំបាច់ត្រូវតែធ្វើបែបនោះមែន នោះពួកគេនឹងធ្វើជាមិនខានឡើយ។
លោក ចនសុន ជាអតីតអ្នកកាសែត និងជាអភិបាលក្រុងឡុងដ៍ដែលបានក្លាយជាមុខសញ្ញានៃការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុបនោះ បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីនៅឆ្នាំ២០១៩ នៅមុនពេលលោកបានចាត់វិធានការទប់ទល់ប្រកបដោយភាពវឹកវរជាញឹកញាប់ក្នុងការគ្រប់គ្រងអំណាចរបស់លោក។
ភាពជាអ្នកដឹកនាំរបស់លោកបានជាប់គាំងនៅក្នុងរឿងអាស្រូវ និងការដើរខុសគន្លងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយនាយករដ្ឋមន្ត្រីលោក ចនសុន ត្រូវបានប៉ូលិសផាកពិន័យចំពោះការបំពានច្បាប់ស្ដីពីការបិទខ្ទប់ជំងឺខូវីដ១៩ និងរបាយការណ៍ដ៏អាក្រក់មួយដែលបានចេញផ្សាយពីអាកប្បកិរិយារបស់មន្ត្រីនៅការិយាល័យរដ្ឋាភិបាលរបស់លោក ដែលបានបំពានច្បាប់នៃការបិទខ្ទប់ផ្ទាល់ខ្លួនរបស់ពួកគេជាដើម។
ក៏មានការរិះគន់ផងដែរថា លោក ចនសុន មិនបានធ្វើគ្រប់គ្រាន់ ដើម្បីដោះស្រាយវិបត្តិតម្លៃនៃការទ្រទ្រង់ជីវភាពដល់ពលរដ្ឋអង់គ្លេសជាច្រើន ដែលកំពុងតស៊ូដើម្បីទប់ទល់ការឡើងថ្លៃប្រេងឥន្ធនៈ និងអាហារនោះទេ។
កាសែត The Times of London បាននិយាយថា «ភាពមិនស្មោះត្រង់ជាបន្តបន្ទាប់» របស់លោក Johnson គឺបាន«បំផ្លាញទាំងស្រុង»នូវរដ្ឋាភិបាលដែលមានប្រសិទ្ធភាពមួយនេះ ហើយបាននិយាយទៀតថា ប្រសិនបើលោក ចនសុន នៅតែសាបព្រួសភាពវឹកវរជារៀងរាល់ថ្ងៃបែបនេះ យកល្អដើម្បីផលប្រយោជន៍នៃប្រទេសជាតិ លោកគួរតែចុះចេញពីតំណែងទៅល្អជាង។
ការប្រកួតចុងក្រោយបំផុតរបស់អ្នកនយោបាយ នៅក្នុងការគ្រប់គ្រងប្រទេសអង់គ្លេសនេះ បានកើតឡើងនៅស្របពេលដែលសេដ្ឋកិច្ចបានធ្លាក់ចុះយ៉ាងឆាប់រហ័សដោយអ្នកសេដ្ឋកិច្ចមួយចំនួនបានព្រមានថា ប្រទេសនេះអាចឈានទៅរកវិបត្តិសេដ្ឋកិច្ចនាពេលខាងមុខ៕