
មន្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រំពឹងថា កម្ពុជានឹងអាចនាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារចិន នៅឆ្នាំនេះ តែក្រុមអ្នកជំនាញហាក់បារម្ភពីការខ្វះផ្លែទុរេនសម្រាប់នាំចេញ ព្រោះការដាំដុះរបស់កសិករធ្វើឡើងតាមស្តង់ដាផ្សេងៗពីគ្នា។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ដើម្បីអាចនាំចេញផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិន កសិករត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ទៅកាន់អគ្គនាយកដ្ឋានកសិកម្ម។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ក្រោយទទួលបានពាក្យស្នើសុំរួច មន្ត្រីជំនាញនឹងចុះណែនាំ វាយតម្លៃចម្ការនិងរោងចក្រ ស្របតាមលក្ខណៈបច្ចេកទេសដែលមានចែងក្នុងពិធីសារ មុននឹងបញ្ជូនបញ្ជីឈ្មោះទៅកាន់អាជ្ញាធរគយចិន សម្រាប់ការត្រួតពិនិត្យចុងក្រោយ។ យ៉ាងណាមិញឯកឧត្តម រំពឹងថា ការនាំចេញផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិននឹងអាចចាប់ផ្តើមបានក្នុងឆ្នាំ២០២៥ នេះ ខណៈការនាំចេញនឹងជួយពង្រីកទីផ្សារកសិផលកម្ពុជា បង្កើនចំណូលដល់កសិករ និងរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ ឧកញ៉ា ចាន់ ស៊ីថា ម្ចាស់ចម្ការទុរេនម្នាក់នៅខេត្តកំពត ជឿជាក់ថា ប្រសិនបើផ្លែទុរេនស្រស់របស់កម្ពុជា ពិតជាអាចហក់ចូលទីផ្សារចិន បានមែននោះ វាជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជួយជំរុញការដាំដុះ និងលើកកម្ពស់ជីវភាពរបស់កសិករ។ តែយ៉ាងណាអ្នកជំនាញកសិកម្មរូបនេះ ហាក់បារម្ភពីការខ្វះលទ្ធភាពផ្គត់ផ្គង់ផ្លែសម្រាប់ទីផ្សារចិន ដោយសារការដាំទុរេននៅតាមចម្ការមួយចំនួនមិនត្រូវតាមស្តង់ដាក្នុងការនាំចេញ។ ទន្ទឹមនឹងនេះលោកស្នើឱ្យស្ថាប័នពាក់ព័ន្ធនានា គួររៀបចំអ្នកបច្ចេកទេសជួយបណ្ដុះបណ្ដាលដល់ម្ចាស់ចម្ការទុរេន ដើម្បីធ្វើយ៉ាងណាឱ្យស្របតាមលក្ខខណ្ឌបច្ចេកទេសក្នុងការនាំចេញ។
ដោយឡែក លោក ប៊ុន នាង អ្នកបច្ចេកទេសជំនាញលើដំណាំទុរេននៃក្រុមហ៊ុន អង្គរហ្រ្គីន យល់ឃើញថា កម្ពុជា ទំនងជាមិនទាន់អាចលទ្ធភាពក្នុងការនាំចេញផ្លែស្រស់ទៅកាន់ទីផ្សារចិន នៅឆ្នាំនេះបាននោះទេ ហើយបើបានក៏ក្នុងបរិមាណតិចតួចដែរ ដោយសារចម្ការដាំទុរេនភាគច្រើននៅកម្ពុជា ពុំទាន់បានអនុវត្តតាមស្តង់ដាក្នុងការនាំចេញនៅឡើយ។ អ្នកជំនាញរូបនេះជឿជាក់ថា កម្ពុជា អាចចំណាយពេលច្រើនជាងនេះ ដើម្បីអាចនាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារចិន។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងគម្រោងនាំចេញផ្លែទុរេនទៅទីផ្សារប្រទេសចិន នេះដែរ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្នើឱ្យម្ចាស់ចម្ការទុរេន សហគមន៍កសិកម្មទុរេន និងម្ចាស់រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែទុរេនស្រស់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ នាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារប្រទេសចិនរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែទុរេនស្រស់នៅអគ្គនាយកដ្ឋានកសិកម្ម។ ហើយបន្ទាប់ពីទទួលបានពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្ត្រីជំនាញចុះណែនាំ និងវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសនឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រ កែច្នៃវេចខ្ចប់ផ្លែទុរេនស្រស់ទៅកាន់ភាគីចិននៅអំឡុងខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីឱ្យភាគីចិនពិនិត្យ និងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ៕
អត្ថបទ៖ បូ ដូឡា