ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា ក្រសួងពាណិជ្ជកម្មតែងតែតាមដានជាប់ជាប្រចាំ និងមានផែនការរួចជាស្រេច ដើម្បីទប់ស្កាត់ការប្រែប្រួលថ្លៃទំនិញនៅលើទីផ្សារ ដែលកើតឡើងដោយសារបញ្ហាជាសកល។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្រិតអតិផរណាដែលត្រូវព្រួយបារម្ភខ្លាំង គឺលុះត្រាតែមានលើសពី៥%។ ជាការកត់សម្គាល់សម្រាប់មន្រ្តីជំនាញរូបនេះ តម្លៃទំនិញនៅលើទីផ្សារបច្ចុប្បន្នពុំបានឡើងថ្លៃព្រមគ្នាគ្រប់មុខទាំងអស់នោះឡើយ ដោយទំនិញខ្លះឡើងថ្លៃអាស្រ័យទៅលើតម្រូវការផ្គត់ផ្គង់ទីផ្សារ និងទំនិញខ្លះទៀត ជាប្រភេទនាំចូល មានការឡើងថ្លៃស្រាប់ ដែលបានរងឥទ្ធិពលអតិផរណាពីទីផ្សារអន្តរជាតិ។
ទោះបីបែបនេះក្ដី មន្រ្តីជាន់ខ្ពស់រូបនេះ បានអះអាងថា ក្រសួងពាណិជ្ជកម្ម មានផែនការសម្រាប់ទប់ស្កាត់លើរាល់មុខទំនិញមួយចំនួនដើម្បីកុំឱ្យកើនលើសកម្រិតអតិផរណាដែលបានកំណត់តាមរយៈការជួយសម្រួលនីតិវិធីដឹកជញ្ជូន និងមធ្យោបាយដោះស្រាយមួយចំនួនទៀតជាដើម។
ឯកឧត្តម ប៉ែន សុវិជាតិជឿជាក់ថា ប្រសិនបើក្នុងពេលខាងមុខស្ថានការណ៍ពិភពលោកបានធូស្រាលមិនមានវិវាទអ្វីកើតឡើង នោះការនាំចូលទំនិញមួយចំនួនមកលក់នៅលើទីផ្សាររបស់កម្ពុជា ក៏មានតម្លៃស្ថិតក្នុងកម្រិតសមរម្យ ហើយសន្ទស្សន៍នៃអតិផរណាក៏មិនមានអ្វីវែងឆ្ងាយទៀតដែរ លើកលែងតែអតិផរណាពិភពលោកកើនឡើងខ្ពស់ ដោយសារការដំឡើងអត្រាការប្រាក់ និងបញ្ហាផ្សេងៗទៀត នោះចង់ឬមិនចង់វានឹងជះឥទ្ធិពលមួយចំនួនដល់កម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា អតិផរណាមធ្យមប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ មានអត្រា ១,៤% ធៀបនឹងត្រីមាសមុន និង មានអត្រា ៣% ធៀបនឹងត្រីមាសដូចគ្នាឆ្នាំ២០២២ ដោយសារការកើនឡើង នៃសន្ទស្សន៍ថ្លៃទំនិញសឹងគ្រប់មុខ ជាពិសេសសន្ទស្សន៍ថ្លៃម្ហូបអាហារ, សន្ទស្សន៍ថ្លៃភោជនីយដ្ឋាន, សន្ទស្សន៍ថ្លៃផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ននិងឥន្ធនៈដទៃទៀត។ ទន្ទឹមនេះ អត្រាប្តូរប្រាក់ជាមធ្យមក្នុងរង្វង់ ៤១៣២,៦ រៀល/ដុល្លារ អាម៉េរិក បានកើនឡើង ០,៧% ធៀបនឹងត្រីមាសមុន និងបានកើនឡើង ០,៨% ធៀបនឹងត្រីមាសដូចគ្នា ឆ្នាំ២០២២៕