ដើម្បីជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា អាចប្រើប្រាស់ថ្នាលបច្ចេកវិទ្យារួមមួយ ក្នុងការនាំចេញផលិតផលកម្ពុជា និងពង្រើកទីផ្សារកាន់តែទូលំទូលាយជាងមុន ទាំងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស ក្រសួងពាណិជ្ជកម្ម បានដាក់ដំណើរការសាកល្បង ផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ សម្រាប់ការចុះឈ្មោះបឋម ចាប់ពីពាក់កណ្តាល ខែមិថុនា ឆ្នាំ២០២១។ បើតាមឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យឆ្លាស់វេងរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្រសួងនឹងដាក់ដំណើរការផ្សារឌីជីថលនេះផ្លូវការ នៅដើម ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសទៀតថា ស្ថិតក្នុងបរិបទកូវីដ-១៩ បញ្ហាប្រឈមសម្រាប់សហគ្រាសធុនតូច-មធ្យម មិនមានលទ្ធភាពសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លូន។ ដូច្នេះ ឯកឧត្តម ប៉ែន សុវិជាតិ ជឿជាក់ថា ការដំណើរការនៃគម្រោងផ្សារឌីជីថល នាពេលខាងមុខ នឹងជួយដោះស្រាយបញ្ហាប្រឈមសម្រាប់ផលិតផលខ្មែរ បង្កើតឱកាសទីផ្សារក្នុងស្រុក និងជំរុញការនាំចេញផលិតផល ទៅក្រៅប្រទេសផងដែរ។
បើតាមឯកឧត្តម ប៉ែន សុវិជាតិ បច្ចុប្បន្ន មានសហគ្រាសធុនតូច-មធ្យម ចំនួន១៦ហើយ ដែលបានចុះឈ្មោះ ដើម្បីលក់ផលិតផលរបស់ខ្លួន នៅលើផ្សារឌីជីថលខេមបូឌាត្រេដនេះ ហើយក៏មានសហគ្រាស ជាបន្តបន្ទាប់បានដាក់ពាក្យស្នើសុំ។ បើគ្មានអ្វីប្រែប្រួលនោះ ផ្សារអេឡិចត្រូនិក ខេមបូឌាត្រេដ អាចដំណើរការនៅចុងខែកញ្ញា ឬដើមខែតុលា ខាងមុខ។
ស្ថិតក្នុងវិបត្តិកូវីដ-១៩ ក៏ពិតមែន តែឯកឧត្តម ប៉ែន សុវិជាតិ បានបញ្ជាក់ថា ការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មិនមានកត្តារាំងស្ទះ អ្វីគួរឱ្យកត់សម្គាល់ឡើយ លើកលែងបញ្ហាជាមួយប្រទេសជិតខាង ដូចជាប្រទេសថៃ និងវៀតណាមតែប៉ុណ្ណោះ ដែលកន្លងមក កម្ពុជា មានការកកស្ទះផលិតផលកសិកម្ម ដូចជា ស្រូវ និងផ្លែមៀនប៉ៃលិន ដែលមិនអាចនាំចេញទៅកាន់ប្រទេសទាំងពីរនេះបាន៕
អត្ថបទ៖ ខន ណារី