ក្រុមមនុស្សដែលមានហានិភ័យខ្ពស់ទាំងនោះ រួមមាន ក្រុមមនុស្សវ័យចំណាស់ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅកូនដោយទឹកដោះ អ្នកមានជំងឺប្រចាំកាយ និងអ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ ក្នុងរយៈពេលចាប់ពី៤ខែឡើងទៅជាដើម។
សេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថាភាគច្រើននៃអ្នកជំងឺកូវីដ១៩ដែលបានស្លាប់កន្លងមក សុទ្ធសឹងតែជាអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំងការពារ។
ដូចនេះដើម្បីការពារ រួមទាំងកាត់បន្ថយអាត្រាអ្នកឆ្លង ក៏ដូចជាអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ និងដើម្បីបង្កើតភាពស៊ាំក្នុងខ្លួន រួមទាំងសហគមន៍ ក្រសួងលើកទឹកចិត្តដល់ក្រុមពលរដ្ឋដែលបានរៀបរាប់ខាងលើ ទៅចាក់វ៉ាក់សាំងការពារទាំងអស់គ្នា។
សូមជម្រាបថា ដោយគិតត្រឹមថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១ កម្ពុជាមានអាត្រាអ្នកឆ្លងមេរោគកូវីដ១៩ មកទល់ពេលនេះមានជាង១១ម៉ីន៧ពាន់នាក់ អ្នកជាសះស្បើយមានជាង១១ម៉ីន១ពាន់នាក់ និងអ្នកស្លាប់សរុបមានចំនួន២ពាន់៦រយនាក់ផងដែរ។
និងអ្នកចាក់វ៉ាក់សាំងកូវីដ១៩វិញ ឃើញថា សម្រេចបាន៩៩,៥៤%ហើយ នៃផែនការចាក់វ៉ាក់សាំង១០លានជូនដល់ពលរដ្ឋពេញវ័យចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ខណៈដែលចំនួនអ្នកដែលបានចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣វិញ គឺមានដល់ទៅ ១លាន ៤សែន នាក់ហើយ៕
អត្ថបទ៖ ហួន ស្រីនីត