ទោះបីរដ្ឋាភិបាលផ្តល់សិទ្ធឲ្យក្រុមហ៊ុនឯកជនអាចនាំចូលវ៉ាក់សាំងកូវីដ-១៩ ក៏ដោយ ប៉ុន្តែក្រសួងសុខាភិបាល បញ្ជាក់ថា នឹងតម្រូវឲ្យក្រុមហ៊ុននាំចូលទាំងនោះត្រូវលក់វ៉ាក់សាំងកូវីដ-១៩ ជូនអតិថិជនក្នុងតម្លៃសមរម្យ។
ឯកឧត្តម ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាលបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ក្រោយរាជរដ្ឋាភិបាលអនុញ្ញាតឲ្យវិស័យឯកជនអាចនាំចូលវ៉ាក់សាំងកូវីដ-១៩ រួចមក មានក្រុមហ៊ុនឯកជនមួយចំនួនបានមកដាក់ពាក្យស្នើសុំចុះបញ្ជីនាំចូលវ៉ាក់សាំងជាបន្តបន្ទាប់ ខណៈបច្ចុប្បន្នក្រសួងសុខាភិបាលកំពុងពិនិត្យសំណើររបស់ក្រុមហ៊ុនទាំងនោះ។
បើតាមក្រសួងសុខាភិបាលប្រភេទវ៉ាក់សាំងដែលអាចនាំចូលបាន គឺត្រូវតែជាវ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។ មិនតែប៉ុណ្ណោះ វិស័យឯកជនអាចនាំចូលវ៉ាក់សាំងកូវីដ-១៩ ដោយគ្មានកំណត់ចំនួននោះឡើយ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។
ពាក់ព័ន្ធបញ្ហាតម្លៃវ៉ាក់សាំងវិញ អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះបានបញ្ជាក់ថា ក្រសួងមិនបានកំណត់តម្លៃណាមួយជូនវិស័យឯកជននោះទេ។ ប៉ុន្តែក្រសួង តម្រូវឲ្យគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថឯកជនទាំងនោះ ត្រូវចាក់ និងលក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ ដែលប្រជាពលរដ្ឋទូទៅអាចទទួលយកបាន។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា មកទល់ពេលនេះកម្ពុជាបានបញ្ចប់ការទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងពីរដូសជូនប្រជាពលរដ្ឋហើយ បន្ទាប់ពីវ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ចំនួន៣លានដូស ត្រូវបានដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី១២ ខែសីហា និងគ្រោងដឹកមកដល់២លានដូសបន្ថែមទៀតនៅសប្តាហ៍ទី៣ ឬដើមសប្តាហ៍ទី៤ក្នុងខែសីហា នេះ។
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងអំឡុងពេលទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៣លានដូស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានទូតកំពុងទំនាក់ទំនងជាមួយប្រទេសមួយចំនួន ដើម្បីបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ អាស្ត្រាហ្សេនីកាសម្រាប់ប្រើក្នុងយុទ្ធនាការចាក់ដូសជំរុញ ឬដូសទី៣ ដល់ពលរដ្ឋនៅតាមខេត្ត ដែលមានហានិភ័យខ្ពស់ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនប្រភេទដែលតា។
គិតមកទល់ពេលនេះ កម្ពុជាសម្រេចបានជាង៨០% ហើយ លើផែនការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋឲ្យបាន១០លាននាក់ ខណៈការចាក់វ៉ាក់សាំងជូនកុមារ និងយុវជនអាយុពី១២ឆ្នាំដល់១៧ឆ្នាំ សម្រេចបានជិត២០%។ រីឯអ្នកបានចាក់ដូសទី៣ ឬដូសជំរុញវិញមានជាង១០ម៉ឺននាក់ហើយ៕