ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារដដែលបានបញ្ជាក់ថា ធនាគារឯកទេសវីងនឹងផ្ញើសារទៅលេខទូរស័ព្ទ ដែលកម្មករនិយោជិត ធ្លាប់បានផ្តល់ឲ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក។ ក្រសួងការងារ ក៏បានប្រាប់ឲ្យកម្មករនិយោជិត ឲ្យត្រៀមទៅបើកប្រាក់ឧបត្ថម្ភតាមសាខាណាមួយរបស់ភ្នាក់ងារវីង (Wing) ដែលនៅជិតបំផុត ទូទាំងប្រទេស ដោយមិនតម្រូវឱ្យបង់សេវាបន្ថែមណាមួយ ទៅភ្នាក់ងារវីងនោះឡើយ។
បើកម្មករនិយោជិតខកខានមិនបានទៅដកប្រាក់ពីភ្នាក់ងារវីង ក្នុងយរៈពេល ១០ថ្ងៃបន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីភ្នាក់ងារវីងទេនោះ ទឹកប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបង្វិលជូនរាជរដ្ឋាភិបាលវិញ។នេះបើតាមការបញ្ជាក់របស់ក្រសួងការងារ។
ទោះយ៉ាងណា ក្រសួងការងារមិនបានបញ្ជាក់ទេថា តើទឹកប្រាក់ឧបត្ថម្ភនោះ នឹងត្រូវចាប់ផ្ដើមផ្ទេរជូនកម្មករនិយោជិតនៅពេលណានោះទេ។
បើតាមអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ខេមបូណូមីសតាមតេឡេក្រាមថា ក្រសួងគ្រាន់តែជូនដំណឹងដល់កម្មករឲ្យបានដឹងមុន កុំឲ្យកម្មករនិយោជិតទាំងវិស័យទេសចរណ៍ និងវាយភណ្ឌកាត់ដេរ មានការភ្ញាក់ផ្អើល នៅពេលដែលទទួលបានសារពីវីងអំពីការទទួលបានប្រាក់ឧបត្ថម្ភនេះ។
អ្នកនាំពាក្យក្រសួងការងារបានឱ្យដឹងទៀតថា ទឹកប្រាក់ដែលរាជរដ្ឋាភិបាលនឹងបើកជូនកម្មករក្នុងជុំទី១នេះមានប្រមាណជាង ៦៨ម៉ឺនដុល្លារអាមេរិក។ ហើយកម្មករដែលត្រូវបើកប្រាក់ឧបត្ថម្ភជូននេះ មកពីរោងចក្រកាត់ដេរចំនួន ៨៣រោងចក្រ ខណៈដែលលោកបញ្ជាក់ថា នៅមានកម្មកររោងចក្រមួយចំនួនជាបន្តបន្ទាប់ទៀត ក៏នឹងត្រូវបើកប្រាក់ឧបត្ថម្ភនេះជូនផងដែរ ព្រោះថា ត្រូវធ្វើតាមលំដាប់លំដោយ អ្នកណាព្យួរការងារមុន នឹងទទួលបានប្រាក់ឧបត្ថម្ភមុន។ ចំណែកកម្មករមួយចំនួនទៀត ដែលមកពីសណ្ឋាគារ ភោជនីយដ្ឋានចំនួន ២៨ ក៏នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភនេះផងដែរ។
សូមបញ្ជាក់ថា ដើម្បីសម្រួលដល់ទុក្ខលំបាករបស់កម្មករ និយោជិត បម្រើការងារក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបាត់បង់ការងារក្នុងអំឡុងពេលរងវិបត្តិដោយសារជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាល បានសម្រេចឧបត្ថម្ភថវិកាដល់កម្មករ និយោជិតក្នុងមួយខែចំនួន ៤០ដុល្លារសម្រាប់ផ្នែកវាយភណ្ឌកាត់ដេរ និង៣០ដុល្លារ កម្មករនិយោជិតសម្រាប់ផ្នែកវិស័យទេសចរណ៍៕