បើតាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ករណីរកឃើញថា មានការបង្កើត ដំឡើង ប្រើប្រាស់ ឬការកែប្រែហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញទូរគមនាគមន៍ ឬគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ ដើម្បីបង្កការកាត់ផ្តាច់ ការរំខាន ឬបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ នោះបុគ្គលដែលប្រព្រឹត្តិ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងត្រូវពិន័យជាទឹកប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាថ្ងៃទី២៦ ខែកក្កដា តាមរយៈការចុះត្រួតពិនិត្យហ្វ្រេកង់ស៍វិទ្យុ និងធ្វើការវាស់ស្ទង់គុណភាពសេវាទូរសព្ទចល័ត នៅក្នុងបរិវេនបុរីមួយចំនួន ក្នុងរាជធានីភ្នំពេញ ក្រសួងបានរកឃើញថា ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ឬឧបករណ៍ពង្រីកសេវា ដែលបានបង្កការឆ្លងរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់កម្រិតគុណភាពសេវាទូរសព្ទចល័តនៅក្នុងតំបន់នោះ។ ដូច្នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្នើដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ឬឧបករណ៍ពង្រីកសេវា ឲ្យរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយខ្លួនឯង នៅតាមផ្ទះរបស់ខ្លួន។
លើសពីនោះ ក្រសួងក៏បានស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ឲ្យបញ្ឈប់ការនាំចូលឧបករណ៍បង្កើនកម្លាំងសេវា ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការទទួលស្គាល់ ពីនិយ័តករទូរគមនាគមន៍កម្ពុជា ជាបន្ទាន់ ចៀសវាងការប្រឈមនឹងវិធានការច្បាប់។
ឯកឧត្តម លីវ សុផាណារិទ្ធ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា តាមរយៈការចុះវាស់ស្ទង់សេវាទូរសព្ទចល័ត ក៏ដូចជា ការវាស់ស្ទង់គុណភាពសេវាទូរសព្ទចល័ត នៅក្នុងបរិវេណបុរី មួយចំនួន នៅក្នុងរាជធានីភ្នំពេញ ក្រសួងបានធ្វើការសន្មត់បានថា ឧបករណ៍បង្កើនកម្លាំងសេវា ឬពង្រីកសេវា បានប៉ះពាល់យ៉ាងខ្លាំង ដល់កម្រិតសេវាទូរសព្ទនៅក្នុងតំបន់នោះ។
បើតាម ឯកឧត្តម លីវ សុផាណារិទ្ធ ក្រោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយម្ចាស់បុរី ដើម្បីចុះត្រួតពិនិត្យនៅតំបន់ដែលបានតម្លើងឧបករណ៍បង្កើនកម្លាំងសេវា ឬពង្រីកសេវា ក៏ពិតមែន តែវាមិនបានជួយឲ្យតំបន់នោះមានសេវានោះទេ តែវាបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់កម្រិតសេវាទូរសព្ទនៅតំបន់នោះទៅវិញ ដូច្នេះ ហើយការដក ឬរុះរើ ឧបករណ៍ខាងលើគឺជាដំណោះស្រាយដ៏ប្រសើរ ដើម្បីលើកកម្ពស់គុណភាពកម្រិតសេវាទូរសព្ទនៅកម្ពុជា។
សូមបញ្ជាក់ថា យោងតាមមាត្រា៨៤ នៃច្បាប់ស្តីពីទូរគមនាគមន៍ បានចែងថា «ការបង្កើត ការដំឡើង ការប្រើប្រាស់ ឬការកែប្រែហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញទូរគមនាគមន៍ ឬគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ ដើម្បីបង្កការកាត់ផ្តាច់ ការរំខាន ឬការជ្រៀតជ្រែកលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធទូរគមនាគមន៍ ឬបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងត្រូវពិន័យជាទឹកប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។
យ៉ាងណាមិញ ដើម្បីលើកកម្ពស់គុណភាពសេវាទូរសព្ទចល័ត នៅកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសសាងសង់ស្ថានីយអង់តែនចំនួន១០០ នៅតាមតំបន់គោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជំរុញឲ្យក្រុមហ៊ុនបម្រើសេវាទូរសព្ទបង្កើនគុណភាពសេវារបស់ខ្លួនទាំងនៅជនបទ និងទីប្រជុំជន៕