អ្នកជំនាញក្នុងវិស័យទេសចរណ៍ជឿជាក់ថា តាមរយៈគម្រោងនេះវានឹងជួយបង្កើនភាពទាក់ទាញមួយកម្រិតទៀតសម្រាប់វិស័យទេសចរណ៍ ជាពិសេសទេសចរណ៍បែបសហគមន៍ និងនៅតំបន់ដាច់ស្រយាល។ លើសពីនេះវាក៏រួមចំណែកជួយបម្រើឲ្យការផ្សព្វផ្សាយតំបន់ទេសចរណ៍និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជំរុញឲ្យក្រុមហ៊ុនបម្រើសេវាទូរសព្ទបង្កើនគុណភាពសេវារបស់ខ្លួនទាំងនៅជនបទ និងទីប្រជុំជនមិនបានប៉ុន្មានម៉ោងផង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីជូនដំណឹងមួយស្តីការសាងសង់ស្ថានីយអង់តែនចំនួន១០០ ដើម្បីលើកកម្ពស់គុណភាពសេវានៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល។ ការដំឡើងអង់តែននេះ គឺដើម្បីបង្កើនភាពទាក់សម្រាប់វិស័យទេសចរណ៍ និងជួយសម្រួលដល់ការប្រើសេវាទូរសព្ទ និងអ៊ិនធឺណិតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្រុមអ្នកជំនាញទេសចរណ៍សុទ្ធតែបានបង្ហាញពីក្តីរំពឹងខ្ពស់ចំពោះគម្រោងនេះ ក្នុងការធ្វើឲ្យប្រសើរឡើងនៃវិស័យទេសចរណ៍កម្ពុជា។ ពួកគាត់ជឿជាក់ថា តាមរយៈគម្រោងនេះវានឹងជួយធ្វើឲ្យតំបន់ទេសចរណ៍ធម្មជាតិ និងបែបសហគមន៍កាន់តែមានភាពទាក់ទាញមួយកម្រិតទៀត។ លើសពីនេះការសាងសង់ស្ថានីយអង់តែននេះ ក៏ជាផ្នែកមួយបម្រើឲ្យការផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានារបស់កម្ពុជា ក៏ដូចជាជួយក្នុងការប្រកបអាជីវកម្មនានារបស់ប្រជាពលរដ្ឋផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ការសាងសង់ស្ថានីយអង់តែនចំនួន១០០នេះ ដោយប្រើប្រាស់ថវិការបស់មូលនិធិកាតព្វកិច្ចសេវាសកល និងការសហការជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករទូរសព្ទចល័ត។ ការសាងសង់ស្ថានីយអង់តែនបន្ថែមនេះគឺស្របនឹងយន្តការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានក្រុមការងារពង្រឹងគុណភាពសេវានៅតាមតំបន់ចំនួន៥នៅទូទាំងប្រទេស និងក្រុមការងារចំនួន៨ សម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ ដើម្បីជំរុញកាតព្វកិច្ចរបស់ប្រតិបត្តិករក្នុងការសាងសង់ស្ថានីយអង់តែនបន្ថែម សំដៅធ្វើឲ្យសេវាទូរគមនាគមន៍មានគុណភាព និងគ្របដណ្តប់ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕