ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តក្រើនរំលឹកប្រតិបត្តិករផ្គត់ផ្គត់សេវាទូរសព្ទចល័ត និងអ៊ិនធឺណិតនៅតាមបុរី និងទីប្រជុំជននានាទៅទូទាំងប្រទេស ឲ្យបង្កើនគុណភាពសេវាកម្ម ដើម្បីលើកកម្ពស់គុណភាពសេវាទូរសព្ទនិងអ៊ិនធឺណិតនៅតាមទីតាំងទាំងនោះឲ្យកាន់តែល្អប្រសើរ។ ការក្រើនរំលឹកនេះធ្វើឡើងក្រោយ ក្រសួង ទទួលបានការត្អូញត្អែរពីប្រជាពលរដ្ឋរស់នៅតាមបុរី ពាក់ព័ន្ធរឿងសេវាទូរសព្ទ និងអ៊ិនធឺណិតខ្សោយ ដែលបានធ្វើឲ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍ ការសិក្សា និងអាជីវកម្មមួយចំនួន។
ឯកឧត្តម លីវ សុផាណារិទ្ធិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានគូសបញ្ជាក់ថា ជុំវិញបញ្ហាសេវាទូរសព្ទ និងអ៊ិនធឺណិតខ្សោយនេះ ក្រសួង នឹងចាត់វិធានការនានារួមទាំងផ្លូវច្បាប់ចំពោះប្រតិបត្តិករណា ដែលមិនអនុវត្តតាមលក្ខន្តិកៈក្នុងអាជ្ញាបណ្ណ ដែលជាទំនួលខុសត្រូវរបស់ប្រតិបត្តិករក្នុងការផ្តល់សេវាទូរសព្ទ និងអ៊ិនធឺណិត។ ឯកឧត្តមបានបន្តថា ប្រតិបត្តិករអាចនឹងរងការផ្អាក ឬដកហូតអាជ្ញាបណ្ណតែម្តង ប្រសិនបើបន្តផ្តល់សេវាកម្មមិនត្រឹមត្រូវ។ ប៉ុន្តែមុនឈានដល់អនុវត្តវិធានការក្តៅនេះ ក្រសួង ត្រូវឆ្លងកាត់វិធានការជូនដំណឹង និងព្រមានជាមុនសិន។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់បន្ថែមថា ក្រោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចុះសិក្សាស្រាវជ្រាវឃើញថា មានកត្តាធំៗពីរដែលធ្វើឲ្យការផ្គត់ផ្គង់សេវាទូរសព្ទ និងអ៊ិនធឺណិតនៅតាមបុរីខ្សោយ និងមានភាពរអាក់រអួល។ កត្តាទាំងពីរនេះរួមមាន ម្ចាស់បុរីមិនបានផ្តល់ទីតាំង និងរៀបចំប្រព័ន្ធរួមដល់ប្រតិបត្តិករសម្រាប់សាងសង់បង្គោលអង់តែនទូរសព្ទ និងអូសខ្សែបណ្តាញនានា និងប្រតិបត្តិករខ្លួនឯងមិនបានដំឡើង ឬអូសខ្សែបណ្តាញសេវាឲ្យគ្របដណ្តប់នៅតាមបុរីនីមួយៗ។
ជុំបញ្ហានេះដែរឯកឧត្តម ជា វ៉ានដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មីៗនេះ បានជួបពិភាក្សាជាមួយប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត និងអ៊ិនធឺណិត និងប្រជាពលរដ្ឋនៅបុរី ប៉េងហួត ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយក្នុងការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍។ ក្នុងឱកាសនោះ ឯកឧត្តម បានស្នើឲ្យភាគីពាក់ព័ន្ធចូលរួមសហការដោះស្រាយបញ្ហានេះទាំងអស់គ្នា ហើយភាគីទាំងអស់ក៏បានឯកភាពផងដែរ។
ឯកឧត្តម ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា បញ្ហាសេវាទូរសព្ទ និងអ៊ិនធឺណិតខ្សោយមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យប៉ះពាល់ដល់ការធ្វើការងារ ការប្រកបអាជីវកម្ម ក៏ដូចជាការសិក្សារបស់សិស្ស និស្សិតក្នុងអំឡុងពេលបិទខ្ទប់កន្លងមកផងដែរ។ ឯកឧត្តមកត់សម្គាល់ឃើញថា បញ្ហាគុណភាពសេវានេះ បានកើតមានជាច្រើនឆ្នាំមកហើយ ជាពិសេសនៅពេលមានកំណើនលំនៅឋាន និងប្រជាពលរដ្ឋ៕