គំរោងទាំង៣ ដែលMitsubishi បានដកខ្លួនចេញនេះ គឺជាគំរោងរោងចក្រផលិតអគ្គិសនីដើរដោយថាមពលធ្យូងថ្ម ស្ថិតក្នុងតំបន់អភិវឌ្ឍ Vinh Tan ខេត្ត Binh Thuan ភាគខាងត្បូងប្រទេសវៀតណាម។ ក្រោយលេចចេញគំរោងនេះឡើង មានអង្គការជាតិ និងអន្តរជាតិជាច្រើនបានសម្តែងការព្រួយបារម្ភពីប៉ះពាល់ដល់បរិស្ថាន ព្រមទាំងការប្រែប្រួលអាកាសធាតុក្នុងតំបន់ និងពិភពលោកផងដែរ។
ដំបូងឡើយគម្រោង Vinh Tan ទាំង៣ត្រូវបានគេកំណត់ឲ្យដំណើរការនៅឆ្នាំ២០២៤ ខាងមុខដែលវានឹងបំពាក់មកជាមួយនូវបច្ចេកវិទ្យាទំនើបៗ ចុងក្រោយគេបំផុតរបស់ជប៉ុន ជាមួយនឹងសមត្ថភាពផលិតអគ្គសនីបានចំនួន ២ពាន់ម៉េហ្គាវ៉ាត់ ក្នុងមួយថ្ងៃ។ ប៉ុន្តែទន្ទឹមនឹងនេះវា ក៏អាចនឹងបង្កផលប៉ះពាល់ខ្លាំងក្លាណាស់ដែរដល់បរិស្ថាន។
គម្រោងនៅវៀណាមលើកនេះ ត្រូវបានគេរាយការណ៍ឲ្យដឹងថា វាមិនមែនជាគម្រោងរបស់រដ្ឋាភិបាលវៀតណាមទាំងស្រុងនោះទេ ពោលគឺ Mitsubishi មានភាគហ៊ុនដល់ទៅ ៤៩% ខណៈក្រុមហ៊ុនរដ្ឋវៀតណាមមានភាគហ៊ុនតែ២៩% ខណៈសល់ពីនោះ ជាភាគហ៊ុនរបស់ក្រុមហ៊ុនចិន ដែលជាអ្នកទទួលបន្ទុកដឹកជញ្ជូន និងផ្អត់ផ្គង់សម្ភារៈសម្រាប់ការសាងសង់។
សូមបញ្ជាក់ផងដែរថានេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនជប៉ុនមួយនេះហើយ ដែលបានសម្រេចដកខ្លួនចេញពីការរកស៊ីក្នុងវិស័យធ្យូង។ ក្រោយដកខ្លួនពីគម្រោងលើកនេះ ក្រុមហ៊ុន Mitsubishi បានគូសបញ្ជាក់ថា ខ្លួននឹងឈប់ធ្វើការអភិវឌ្ឍលើគម្រោងថាមពលណាដែលប៉ះពាល់ខ្លាំងដល់បរិស្ថានទៀតហើយ ដោយក្រុមហ៊ុននឹងងាកមកវិនិយោគលើគម្រោងថាមពលឧស្ម័នធម្មជាតិ និងថាមពល ដែលអាចកកើតបានឡើងវិញដូចជា គម្រោងថាមពលពីផ្ទាំងសូឡាជាដើម៕