បើគិតមកទល់ថ្ងៃទី ០២ ខែមេសា មានរោងចក្រចំនួន ជាង ៩០រោងចក្រហើយ ត្រូវបានផ្អាកប្រតិបត្តិការផលិតរបស់ខ្លួន និងមានកម្មករនិយោជិតប្រមាណជាង ៦ម៉ឺននាក់ បានរងផលប៉ះពាល់ការងារ។
ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ឲ្យដឹងថា វិធានការសម្រាប់ដាក់ចេញជួយដល់កម្មករ-និយោជិតរោងចក្រកាត់ដេរ នៅអំឡុងពេលមានវិបត្តិ Covid-19 នេះ គឺត្រូវធ្វើឡើងទៅតាមដំណាក់កាល ដោយកាលពីមុនវិធានការទី១ ដែលខាងរាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារ បានដាក់ចេញដើម្បីជួយដល់កម្មកររោងចក្រកាត់ដេរ ដែលរងផលប៉ះពាល់ដោយសារការព្យួរការងារនោះ គឺផ្អែកទៅលើស្ថានភាព Covid-19 មិនទាន់ក្លាយជាបញ្ហាសកល។ ប៉ុន្ដែ ឥឡូវនេះ ក្រសួងការងារ កំពុងពិនិត្យទៅលើវិធានការថ្មីទៀត ដើម្បីដោះស្រាយបញ្ហាទាំងនេះ ស្របតាមការវិវត្តនៃសភាពការណ៍។
ឯកឧត្តម ហេង សួរ បញ្ជាក់យ៉ាងដូច្នេះថា « វិធានការគឺមាន ដំណាក់កាល។ វិធានការទី១ គឺផ្អែកទៅលើស្ថានភាពកូវីដ មិនទាន់ក្លាយជាបញ្ហាសកល។ ឥឡូវនេះយើងកំពុងពិនិត្យទៅលើវិធានការថ្មី។»
នៅពេលដែលត្រូវបានសួរថា តើវិធានការនេះ នឹងរួចរាល់ ដាក់ចេញនៅពេលណានោះ? ឯកឧត្តម ហេង សួរ បានបញ្ជាក់ដោយខ្លីថា “កំពុងរៀបចំ”។
បើតាមក្រសួងការងារ និងបណ្ដាលវិជ្ជាជីវៈ គិតមកទល់ថ្ងៃទី ០២ ខែមេសានេះ មានរោងចក្រកាត់ដេរចំនួន ៩១ហើយ ដែលត្រូវបានព្យួរការងារកម្មករ ហើយក្នុងនោះ កម្មករនិយោជិតដល់ទៅប្រមាណ ៦១.៥០០ នាក់ បានរងផលប៉ះពាល់។
កាលពីពេលកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវវិធានការណ៍ដើម្បីជួយដល់កម្មករ ដែលរងផលប៉ះពាល់ ដោយសារតែរោងចក្រផ្អាកដំណើរការ បណ្ដាលមកពីកង្វះវត្ថុធាតុដើមផលិត អំឡុងពេលមានការផ្ទុះរាលដាលនៃ Covid-19។ ក្នុងនោះ រាជរដ្ឋាភិបាល បានសម្រេចនឹងផ្ដល់ជូនប្រាក់ឧបត្ថម្ភប្រចាំខែ ២០% នៃប្រាក់ខែគោល ១៩០ ដុល្លារ ជូនដល់កម្មករ ខណៈដែល ថៅកែរោងចក្រត្រូវផ្ដល់ជូន ៤០% បន្ថែមទៀត ដូច្នេះ កម្មករនិយោជិត នឹងត្រូវទទួលបានសរុប ៦០% នៃប្រាក់ខែគោល ១៩០ ដុល្លារ របស់ពួកគេអំឡុងពេលព្យួរការងារ។ ប៉ុន្ដែ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ កម្មករនិយោជិត ក៏តម្រូវឲ្យចូលរួមវគ្គបណ្ដុះបណ្ដាលខ្លី ដែលរៀបចំដោយក្រសួងការងារផងដែរ។
អ្នកជំនាញក្នុងវិស័យកាត់ដេរមួយរូប បានលើកឡើង ដោយស្នើសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា រដ្ឋាភិបាលគួរតែលុបចោល នូវលក្ខខណ្ឌនៃការតម្រូវចូលរួមវគ្គបណ្ដុះបណ្ដាលខ្លីនេះចោលទៅ ដើម្បីឲ្យកម្មករនិយោជិត ងាយទទួលបានប្រាក់ឧបត្ថម្ភ។
អ្នកជំនាញគូសបញ្ជាក់ថា «លក្ខខណ្ឌតម្រូវនេះ វាមានការពិបាកសម្រាប់អនុវត្ត ដោយសារមិនដឹងថា វគ្គបណ្ដុះបណ្ដាលហ្នឹងនិយាយពីអ្វីខ្លះ នៅកន្លែងណា អាចចាប់ផ្ដើមបាននៅពេលណានោះទេ។ ម្យ៉ាងទៀត ទាក់ទងនឹងសមត្ថភាពនៃមជ្ឈមណ្ឌល ឬវិទ្យាស្ថានបណ្ដុះបណ្ដាល ក៏មិនសូវជាមានច្រើន ព្រោះគ្រឹះស្ថានមួយចំនួនត្រូវបានផ្អាកដំណើរការ ខណៈដែលកម្មករមានរាប់សែននាក់។»
«អ្វីដែលសំខាន់នោះ ជាវិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគ Covid-19 រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានអំពាវនាវ ហាមការជួបជុំដែលមានមនុស្សច្រើន។ ដូច្នេះ វាអាចនឹងធ្វើឲ្យកម្មករពិចារណានឹងបោះបង់សិទ្ធិ ក្នុងការទទួលប្រាក់បឧបត្ថម្ភនេះ។» នេះបើតាមការបញ្ជាក់របស់អ្នកជំនាញ ក្នុងវិស័យកាត់ដេរ។
ជុំវិញនឹងលក្ខខណ្ឌតម្រូវឲ្យកម្មករចូលរួមវគ្គបណ្ដុះបណ្ដាលខ្លី ដែលរៀបចំដោយរាជរដ្ឋាភិបាល ទើបទទួលបានឧបត្ថម្ភនេះដែរ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា អះអាងថា ខាងថ្នាក់បច្ចេកទេសនៃសមាគម បានពិភាក្សាអំពីរឿងនេះរួចហើយ ដោយមិនទាមទារឲ្យមានភ្ជាប់លក្ខខណ្ឌបណ្ដុះបណ្ដាលទេ។
លោក កាំង ម៉ូនីកា លើកឡើងយ៉ាងដូច្នេះ «ថ្នាក់បច្ចេកទេសគឺយើងបានពិភាក្សាគ្នាហើយ ដោយមិនមានភ្ជាប់លក្ខខណ្ឌបណ្តុះបណ្តាលទេ។ នៅពេលនេះរងចាំសេចក្តីសម្រេចចុងក្រោយពីថ្នាក់ដឹកនាំ»។
យ៉ាងណាក៏ដោយចុះ សម្រាប់ខែ មេសា និងឧសភា ឆ្នាំ២០២០នេះ រោងចក្រកាត់ដេរមិនមានលទ្ធភាពបើកប្រាក់ឧបត្ថម្ភ ៤០% ជូនដល់កម្មករ ក្នុងអំឡុងពេលផ្អាកការងារបណ្ដោះអាសន្ន បាននៅឡើយទេ ដោយសារការលក់សម្លៀកបំពាក់នៅអាមេរិក អឺរ៉ុប និងកាណាដា បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានការផ្ទុះឡើងនូវមេរោគកូវីដ១៩។ នេះបើតាមការអះអាងរបស់ លោកកាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។
ជុំវិញរឿងដែលរោងចក្រមិនមានលទ្ធភាពបើកប្រាក់ឧបត្ថម្ភ៤០% ឲ្យកម្មករនិយោជិតនេះដែរ ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការ បានគូសបញ្ជាក់ខ្លីថា «រោងចក្របានបើកផ្ដល់ [ប្រាក់ឧបត្ថម្ភ] ៤០% [ដល់កម្មករ] រដ្ឋនឹងផ្ដល់ជូន២០%»។
យ៉ាងណាក៏ដោយចុះ លោកកាំង ម៉ូនីកា គូសបញ្ជាក់ថា ចក្រតែងតែអនុវត្តតាមបទបញ្ញត្តិដែលរដ្ឋាភិបាលបានដាក់ចេញ។ យ៉ាងណាមិញ រឿងផ្ដល់ប្រាក់ឧបត្ថម្ភ ៤០% និង២០% ជូនដល់កម្មករនិយោជិត អំឡុងពេលផ្អាកការងារនេះ មិនមែនជាលក្ខខណ្ឌចំណុះឲ្យគ្នាទៅវិញទៅមកទេ ពីព្រោះរឿងផ្ដល់ប្រាក់ឧបត្ថម្ភ ២០% គឺមានភ្ជាប់លក្ខខណ្ឌនៃការចូលរួមវគ្គបណ្តុះបណ្តាល ដែលត្រូវរៀបចំឡើងដោយរដ្ឋាភិបាល៕