ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យឆ្លាស់វេន នៃក្រសួងពាណិជ្ជកម្ម បានប្រាប់ក្រុមការងារខេមបូណូមីសថា បើទោះបីជា ក្រសួងពាណិជ្ជកម្មបានប្រកាសបិទបញ្ចប់សកម្មភាពផ្គត់ផ្គង់ស្បៀងតាមស្តង់ តាំងពីថ្ងៃទី០៦ឧសភាក៏ដោយ តែក្រុមហ៊ុនឯកជន ដែលបានប្រព័ន្ធមួយមួយផ្សារអនឡាញរបស់ក្រសួងរួចហើយ ក្រសួងនឹងបន្តកិច្ចសហការជាមួយផ្សារ និងក្រុមហ៊ុនទាំងនោះដដែល។ ចំណែក ក្រុមហ៊ុនដែលដាក់លក់ជាមួយក្រសួងតាមស្តង់ អាចនឹងបន្តសហការជាមួយអាជ្ញាធររាជធានី អាជ្ញាធរមូលដ្ឋាន ដោយមានការជួយសំរបសំរួលពីមន្ទីរពាណិជ្ជកម្មរាជធានីផ្គត់ផ្គង់នៅតំបន់ក្រហម ឬលឿងទុំ ប្រសិនបើក្រុមហ៊ុន ឫផ្សារទាំងនោះនៅចង់ចូលរួមសកម្មភាពផ្គង់ផ្គង់ចំណីអាហារនេះបន្ដទៀត។
ជាមួយគ្នានោះដែរ លោក សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ ដែលជាក្រុមហ៊ុនបានសហការជាមួយនឹងក្រសួងពាណិជ្ជកម្មក្នុងការលក់ និងផ្គត់ផ្គង់ស្បៀង ក្នុងតំបន់ក្រហម និងលឿងទុំ បានអះអាងថា ការផ្គត់ផ្គង់មានការថយចុះ ដោយសារសាលាក្រុងបានយោគយល់ដល់ប្រជាពលរដ្ធអាចមានលទ្ធភាពលក់តាមដងផ្លូវបាន ក្រោយពីមានសេចក្ដីសម្រេចពីការបញ្ចប់ការបិទខ្ទប់មក។ ដូចនេះ ក្រុមហ៊ុនសំរេចផ្អាកការលក់តាមរថយន្តសិន រង់ចាំតម្រូវការជាក់ស្តែង។
លោកបានបន្ថែមថា
កន្លងមកការលក់ និងផ្គត់ផ្គង់ស្បៀងតាមរយៈក្រុមហ៊ុនលោក មានសរុប ប្រមាណ ប្រហែល
២០តោនសម្រាប់សាច់ បន្លែប្រហែល ១៥តោន និងគ្រឿងទេសផ្សេងៗទៀតផងដែរ។
អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំរូបនេះ យល់ថា
នេះជាសញ្ញាណមួយក្នុងការធ្វើឲ្យប្រទេសជាតិវិលមករកប្រក្រតីវិញក្នុងពេលឆាប់ៗ
ហើយប្រសិនបើប្រជាពលរដ្ឋបានចូលរួមទាំងអស់គ្នា
វានឹងអាចឈានដល់ការបញ្ចប់ព្រឹត្តិការណ៍ការ២០កុម្ភះ ក្នុងពេលឆាប់ៗនេះ។
សូមបញ្ជាក់ថា ក្រោយពេលដែលមានសេចក្ដីសម្រេចបញ្ចប់ការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅរួចមក រាជរដ្ឋាភិបាលបានបន្ធូរបន្ថយឲ្យមានការធ្វើចរចាឆ្លងកាត់ និងចេញចូលរាជធានីភ្នំពេញច្រើនជាងមុន លើកលែងតែតំបន់មានហានិភ័យឆ្លងខ្ពស់គឺ អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្ដបិទខ្ទប់ដដែល ដូចជាតំបន់ក្រហម និងលឿងទុំជាដើម។ ទោះយ៉ាងណា តំបន់ដែលបានបិទខ្ទប់ទាំងនេះ គឺនៅមានតិចតួចប៉ុណ្ណោះ បើធៀបនឹងកាលពីមិនទាន់មានសេចក្ដីសម្រេចបញ្ចប់ការបិទខ្ទប់កាលពីមុន៕