ទូរទស្សន៍ ស៊ីអិនអិន បានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួន នូវលទ្ធផលនៃការស្រាវជ្រាវចំនួនពីរ ដែលទាក់ទងនឹងផលប៉ះពាល់វិជ្ជមានរបស់កាហ្វេមកលើសុខភាពមនុស្ស។
ការសិក្សាទីមួយបានធ្វើអង្កេតទៅលើមនុស្សជាង ៥សែន ២ម៉ឺននាក់នៅក្នុងប្រទេសអឺរ៉ុបចំនួន ១០ ដែលធ្វើឲ្យការសិក្សាស្រាវជ្រាវនេះមានវិសាលភាពធំជាងគេបំផុតគិតមកទល់នឹងបច្ចុប្បន្ន ស្ដីពីកាហ្វេ និងអត្រាមរណភាពរបស់មនុស្ស និងបានរកឃើញថា ការទទួលទានកាហ្វេកាន់តែច្រើន អាចកាត់បន្ថយហានិភ័យនៃការស្លាប់របស់មនុស្សបានកាន់តែច្រើន។
ចំណែកការសិក្សាស្រាវជ្រាវទីពីរ គឺប្លែកបន្តិច ប្លែកត្រង់ថា វាផ្ដោតទៅលើប្រជាជនមិនមែនជាជនជាតិស្បែកស។ បន្ទាប់ពីធ្វើអង្កេតទៅមនុស្សជាង ១សែន ៨ម៉ឺន ៥ពាន់នាក់ ដែលជាប្រជាជនអាមេរិកដើមកំណើតអាហ្វ្រិក អាមេរិកជនជាតិដើម អ្នកកោះហាវ៉ៃ អាមេរិកដើមកំណើតជប៉ុន ឡាទីន ។ល។ អ្នកស្រាវជ្រាវបានរកឃើញថា កាហ្វេបង្កើនភាពមានអាយុវែងរបស់មនុស្សជាច្រើនជាតិសាសន៍។
យោងតាមការសិក្សាស្រាវជ្រាវខាងលើ អ្នកដែលទទួលទានកាហ្វេពី ២ ទៅ ៤ពែងក្នុងមួយថ្ងៃ កាត់បន្ថយហានិភ័យនៃការស្លាប់បាន ១៨% បើធៀបនឹងអ្នកដែលមិនទទួលទានកាហ្វេ។ ការរកឃើញនេះគឺស្របគ្នានឹងការរកឃើញនៃការសិក្សាមុនៗដែរ។
ការសិក្សារកឃើញផងដែរថា កាហ្វេមានផលប៉ះពាល់អាចកាត់បន្ថយហានិភ័យនៃការស្លាប់ចំពោះជំងឺបេះដូង មហារីក ជំងឺផ្លូវដង្ហើម ជំងឺដាច់សរសៃឈាម ទឹកនោមផ្អែម និងជំងឺតម្រងនោម។
ដោយឡែកការសិក្សាទៅលើបណ្ដាប្រទេសនៅអឺរ៉ុប បង្ហាញថា កាហ្វេមានផលប៉ះពាល់វិជ្ជមាន ពោលគឺកាត់បន្ថយហានិភ័យនៃការស្លាប់ ចំពោះជំងឺថ្លើម ការសម្លាប់ខ្លួនរបស់បុរស ជំងឺមហារីកលើស្ត្រី ជំងឺប្រព័ន្ធរំលាយអាហារ និងជំងឺទាក់ទងនឹងសរសៃឈាម។
អ្នកដែលទទួលទានកាហ្វេចាប់ពី ៣ពែងឡើងទៅក្នុងមួយថ្ងៃ មានហានិភ័យនៃការស្លាប់ដោយគ្រប់បុព្វហេតុខាងលើ ទាបជាងអ្នកដែលមិនទទួលទានកាហ្វេ។
លទ្ធផលនៃការសិក្សាទាំងពីរខាងលើ ត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្ដី ឱសថសាស្ត្រព្យាបាលជំងឺក្នុង៕