វិស័យ​ធនាគារ​និងហិរញ្ញវត្ថុ

សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ចុះហត្ថលេខា​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ចូលរួម ចំនួន ៧ បន្ថែម​ទៀត ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដែល​មាន​ការធានា​ចំនួន ២០០​លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​អាជីវកម្ម


សាជីវកម្មធានា​ឥណទាន​កម្ពុជា (CGCC) កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ​២០២១ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ធានា​ឥណទាន ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ចូលរួម ជុំទី២ ដែល​រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត, ធនាគារ ប្រេដ ប៊ែង, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និង ធនាគារ ស្ថាបនា ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន រវាងសាជីវកម្មធានាឥណទានកម្ពុជា និងស្ថាប័នហិរញ្ញវត្ថុចូលរួម
ដោយ

ការចាប់ដៃគូជាមួយធនាគារ​និង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ទាំងនេះ នឹង​ធ្វើឱ្យស្ថាប័ន​ហិរញ្ញវត្ថុចូលរួម​របស់​សាជីវកម្មធានាឥណទានកម្ពុជា សរុបកើនឡើងដល់ចំនួន ១៥។ ការចុះហត្ថលេខា​នេះ អនុញ្ញាតឱ្យ  សាជីវកម្មធានាឥណទាន​កម្ពុជា និង​ស្ថាប័នហិរញ្ញវត្ថុចូលរួម សហការគ្នា​ក្នុង​ការផ្តល់​ឥណទាន​ដែល​មាន​ការធានា ដល់​ក្រុមហ៊ុន​អាជីវកម្ម​នានា​នៅ​កម្ពុជា ។

ការកើនឡើងនៃចំនួនស្ថាប័នហិរញ្ញវត្ថុចូលរួម នឹងធ្វើឱ្យ​ការផ្តល់​ហិរញ្ញប្បទាន​ដែល​មាន​ការធានា​កាន់តែ​មាន​ភាព​ទូលំទូលាយ, ប្រកួតប្រជែង, ព្រមទាំង​ផ្តល់​ជម្រើស និង​លទ្ធភាព​កាន់តែ​ច្រើន​ ជូន​ដល់​ក្រុមហ៊ុន​អាជីវកម្ម ក្នុង​ការទទួល​បាន​ហិរញ្ញប្បទាន នៅទូទាំងប្រទេស ។ 

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលសាជីវកម្មធានាឥណទានកម្ពុជា

សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ផ្តល់​ការគាំទ្រ​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​ចូលរួម ដើម្បីផ្តល់​ហិរញ្ញប្បទាន​ជូន​ដល់​ក្រុមហ៊ុនអាជីវកម្ម ដែល​មាន​លទ្ធភាព​សង ប៉ុន្តែ​ខ្វះ​ទ្រព្យ​បញ្ចាំ ដោយ​ផ្តល់​ការធានា​ដែល​ដើរតួ​ជាទ្រព្យ​បញ្ចាំ ចន្លោះពី ៧០% ទៅ ៨០% នៃ​ប្រាក់​កម្ចី ។ 

វត្តមានរបស់​សាជីវកម្មធានាឥណទានកម្ពុជា ធ្វើ​ឱ្យ​ក្រុមហ៊ុន​អាជីវកម្ម មាន​លទ្ធភាព​ខ្ពស់​ក្នុងការទទួល​បាន​ប្រាក់​កម្ចី​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ចូលរួម ទោះបី​ជា​មិន​មាន​ទ្រព្យធានា​គ្រប់គ្រាន់​ក៏ដោយ។

លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា ស.ធ.ក.

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់សាជីវកម្មធានាឥណទានកម្ពុជា បានលើកឡើងថា “យន្តការធានាឥណទាន គឺជាសេវាហិរញ្ញវត្ថុថ្មីនៅកម្ពុជា ដែលរំពឹងថាអាចចូលរួមដោះស្រាយបញ្ហារាំងស្ទះដល់ការផ្តល់ហិរញ្ញប្បទាន និងនាំមកនូវទម្លាប់ថ្មីនៃការផ្តល់ឥណទានរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ខ្ញុំសូមលើកទឹកចិត្តឱ្យស្ថាប័នហិរញ្ញវត្ថុចូលរួម ចាប់យកឱកាសនៃភាពជាដៃគូជាមួយសាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពមូលដ្ឋានអតិថិជន និងទីផ្សារឥណទានរបស់ខ្លួន តាមរយៈការផ្តល់ឥណទានថ្មីៗ ដែលមានការធានាពីសាជីវកម្មធានាឥណទានកម្ពុជា។ ទន្ទឹមនេះ ដើម្បីទទួលបានអត្ថប្រយោជន៍រួមគ្នាក្នុងរយៈពេលវែងពីគម្រោងធានាឥណទាននេះ ការប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈ និងការពង្រឹងអភិបាលកិច្ចរបស់ស្ថាប័នហិរញ្ញវត្ថុចូលរួម ក្នុងការវាយតម្លៃ និងត្រួតពិនិត្យឥណទានរបស់ក្រុមហ៊ុនអាជីវកម្ម គឺពិតជាមានសារៈសំខាន់ណាស់។”

ឆ្វេងទៅស្តាំ: លោក Alan Wee Mun Sengគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត, លោកស្រី ឌិត នីតា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខេមា, លោក ឌិត សុចល ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, លោក Wong Keet Loong ស.ធ.ក., លោក Makoto Kurokawa ធនាគារ J Trust Royal, លោក សុខ វឿន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និង លោក Nakagawa Takahiro ធនាគារស្ថាបនា

CGCC បានដាក់ចេញគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ដែលមានទំហំទឹកប្រាក់ ២០០ លានដុល្លារអាមេរិក នៅខែមីនាឆ្នាំ ២០២១ ដើម្បីគាំទ្រដល់អាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូចនិងមធ្យម និងសហគ្រាស  ខ្នាតធំ ដើម្បីបង្កើនលទ្ធភាពទទួលបានប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុចូលរួម សម្រាប់ទុនបង្វិល, ការវិនិយោគ និងពង្រីកអាជីវកម្ម។ គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម មានសុពលភាពរហូតដល់ចុងឆ្នាំ២០២២ ហើយការធានាឥណទាននឹងផ្តល់ជូនផ្អែកតាមគោលការណ៍ “មកមុន ទទួលបានមុន”។ រហូតមកដល់ពេលនេះ ការធានាចំនួន ១៨ករណី ត្រូវបានផ្តល់ជូនដល់ស្ថាប័នហិរញ្ញវត្ថុចូលរួម ក្រោមគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម។

ពីឆ្វេងទៅស្តាំ: លោក Nakagawa Takahiroធនាគារស្ថាបនា, លោក ឌិត សុចល ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, លោក សុខ វឿនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី, លោក Wong Keet Loong ស.ធ.ក., ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ណូ លីដា ស.ធ.ក., លោក Alan Wee Mun Seng គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត, លោកស្រី ឌិត នីតា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខេមា, និង លោក Makoto Kurokawa ធនាគារ J Trust Royal

ក្រុមហ៊ុនអាជីវកម្មដែលមានគុណវុឌ្ឍិ អាចទំនាក់ទំនងស្ថាប័នហិរញ្ញវត្ថុចូលរួម សម្រាប់គម្រោងធានាឥណទាន ឬទំនាក់ទំនងសាជីវកម្មធានាឥណទានកម្ពុជា ដោយផ្ទាល់ តាមរយៈគេហទំព័រ www.cgcc.com.kh ដើម្បីទទួលបានព័ត៌មានបន្ថែម។ ស្ថាប័នហិរញ្ញវត្ថុចូលរួម ទាំង១៥ របស់សាជីវកម្មធានាឥណទានកម្ពុជា រួមមាន ធនាគារ អេស៊ីលីដា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត, ធនាគារ អាស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន, ធនាគារ ប្រេដ ប៊ែង, ធនាគារ ប្រៃសណីយ៍កម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា, ធនាគារ កាណាឌីយ៉ា, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី, ធនាគារ ហ្វីលីព, ធនាគារ ព្រីនស៍, ធនាគារ អ អេច ប៊ី, និង ធនាគារ ស្ថាបនា ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សចិន Didi នឹងបោះផ្សាយលក់ភាគហ៊ុននៅអាមេរិកតម្លៃ ៤ពាន់លានដុល្លារ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយ គឺ Didi Global Inc ដែលជាក្រុមហ៊ុនកក់សេវាធ្វើដំណើរ ស្រដៀងគ្នានឹងក្រុមហ៊ុន Grab និង Uber ដែរនោះ កំព…

ថៃនឹងខាតបង់ប្រាក់ជាង៤ពាន់លានដុល្លារ អំឡុងពេលបិទការដ្ឋានសំណង់ និងផ្ទះកម្មកររយៈពេល១ខែ

ប្រទេសថៃ ថ្មីៗនេះ បានសម្រេចដាក់ការរឹតត្បិតជាថ្មីទៀតហើយនៅក្នុងទីក្រុងបាងកក ដោយក្នុងនោះ ក៏មានការបិទខ្ទប់ជាបណ្ដោះអាសន្នរយៈពេល៣០ថ្ងៃគ្រប់ការដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ