ប្រទេសហ្វីលីពីន

ធនាគារកណ្ដាលហ្វីលីពីននឹងដំឡើងអត្រាការប្រាក់គោល ០.៥% បន្ថែមទៀតនៅសប្ដាហ៍ ដើម្បីទប់ទល់អតិផរណា


ធនាគារកណ្តាលហ្វីលីពីននឹងអនុវត្តគោលនយោបាយដំឡើងអត្រាការប្រាក់ដ៏គួរឱ្យភ្ញាក់ផ្អើលដែលអនុម័តកាលពីខែកក្កដា ដោយត្រូវដំឡើងអត្រាការប្រាក់គោលក្នុងអត្រា ០,៥0% ថែមទៀត នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ហើយនឹងបន្តដំឡើង ០.១៥% ទៀតនៅក្នុងខែកញ្ញា ដើម្បីតាមឱ្យទាន់ធនាគារជាដៃគូរបស់ខ្លួន ដើម្បីទប់អតិផរណាដែលចេះតែកើនឡើង។ នេះបើតាមការព្យាករណ៍ការស្ទង់មតិរបស់ទីភ្នាក់ងារ Reuters។
ធនាគារកណ្ដាលហ្វីលីពីននឹងដំឡើងអត្រាការប្រាក់គោល ០.៥% បន្ថែមទៀតនៅសប្ដាហ៍

ដោយសារតែថ្លៃដឹកជញ្ជូន និងម្ហូបអាហារឡើងកាន់តែខ្ពស់នោះ អតិផរណានៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ ៦,៤% នៅក្នុងខែកក្កដា ដែលជាល្បឿនលឿនបំផុតមិនធ្លាប់មានក្នុងរយៈពេលជិត ៤ ឆ្នាំមកនេះ ជាហេតុធ្វើឱ្យធនាគារកណ្តាលហ្វីលីពីនរឹតបន្តឹងគោលនយោបាយរូបិយវត្ថុកាន់តែខ្លាំងផងដែរ។

ធនាគារកណ្ដាលហ្វីលីពីនបានអនុវត្តការដំឡើងអត្រាការប្រាក់០.១៥%ចំនួនពីរលើករួចមកហើយ ដោយកាលពីថ្ងៃទី១៤ ខែកក្កដាធនាគារកណ្ដាលនេះបានដំឡើងរហូតដល់ ០.៧៥%ដោយគ្មានការគ្រោងទុកជាមុន ហើយវាគឺជាការដំឡើងអត្រាការប្រាក់ខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០២មក។

ការស្ទង់មតិកាលពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែសីហារបស់ទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញថា អ្នកសេដ្ឋកិច្ចជិត ៧០% ពោលគឺចំនួន ១១ នាក់ក្នុងចំណោម ១៦ នាក់បានព្យាករថាធនាគារកណ្ដាលហ្វីលីពីន BSP នឹងដំឡើងអត្រាការប្រាក់គោល ០.៥០% ថែមទៀត ដោយធ្វើឲ្យអត្រាការប្រាក់ឡើងដល់ ៣.៧៥% នៅក្នុងកិច្ចប្រជុំរបស់ធនាគារកណ្ដាល ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ហើយអ្នកសេដ្ឋកិច្ច ៤នាក់ទៀតបានរំពឹងថានឹងមានការដំឡើង ០.២៥% ទៀតខណៈដែលអ្នកសេដ្ឋកិច្ចម្នាក់បាននិយាយថា នឹងគ្មានការដំឡើងអ្វីទៀតនោះទេ។

អ្នកសេដ្ឋកិច្ចភាគច្រើនរហូតដល់ ៦០% ពោលគឺ១០នាក់ក្នុងចំណោម ១៦ នាក់នេះបានព្យាករពីការកើនឡើងអត្រាការប្រាក់គោល ០,២៥% ថែមទៀត នៅក្នុងកិច្ចប្រជុំនៅខែកញ្ញា ដែលនឹងធ្វើឱ្យអត្រាការប្រាក់គោលឡើងដល់ ៤% ដូចកាលដែលធនាគារនេះបានធ្វើនៅមុនពេលជំងឺកូវីដ១៩បានផ្ទុះឡើងនៅប្រទេសហ្វីលីពីន។

សេដ្ឋវិទូចំនួន ៧ នាក់បានព្យាករថា អត្រាការប្រាក់នឹងឡើងដល់ ៤,២៥% ឬខ្ពស់ជាងនេះនៅចុងឆ្នាំ២០២២ ចំណែកអ្នកសេដ្ឋកិច្ច ៦ នាក់ទៀតបានរំពឹងទុកថា អត្រាការប្រាក់នឹងឡើងដល់៤% ខណៈដែលសេដ្ឋវិទូ៣នាក់ទៀតបាននិយាយថា អត្រាការប្រាក់នឹងឡើងត្រឹមតែ ៣,៧៥% ឬទាបជាងនេះ។

លោក ហ្វ៊ីលីប ម៉េដាឡា (Felipe Medalla) ទេសាភិបាលធនាគារកណ្ដាលហ្វីលីពីន ធ្លាប់បាននិយាយថា វាទំនងជានឹងដំឡើងអត្រាការប្រាក់ ០,២៥ ឬ ០,៥០% នៅក្នុងខែសីហានេះ ព្រោះពួកគេគិតថា ការកើនឡើងអតិផរណាខ្ពស់ជាងការរំពឹងទុកនោះ បានជំរុញឱ្យធនាគារកណ្ដាល ត្រូវចាត់វិធានការឱ្យបានកាន់តែលឿនផងដែរ។

សូមរំលឹកថា ធនាគារកណ្ដាលហ្វីលីពីន បានដំឡើងការប្រាក់ចំនួន ១,២៥ % រួចមកហើយគិតចាប់តាំងពីខែឧសភាមកទល់នឹងពេលនេះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


វិបត្តិអតិផរណាទាញឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះជាលើកដំបូង ចាប់តាំងពីវិបត្តិកូវីដ១៩មក

ព័ត៌មាន
សេដ្ឋកិច្ចពិភពលោកក្នុងត្រីមាសទីពីរឆ្នាំនេះ បានកត់ត្រាពីកំណើនអវិជ្ជមានប្រចាំត្រីមាស ជាលើកដំបូង រាប់ចាប់តាំងពីការរាតត្បាតនៃជំងឺឆ្លងកូវីដ១…

ចិនបន្ដធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ ចំពេលមានដំណើរទស្សនកិច្ចសមាជិកសភាអាមេរិកជាថ្មីនៅកោះនេះ

ព័ត៌មាន
យោធាចិនបាននិយាយថា ខ្លួនបានធ្វើសមយុទ្ធថែមមួយកម្រិតទៀតនៅជិតកោះតៃវ៉ាន់កាលពីថ្ងៃចន្ទ ទី១៥ សីហា ខណៈដែលសមាជិកសភាអាមេរិកមួយក្រុមបានធ្វើដំណើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ