យោងតាមទិន្នន័យពីការិយាល័យជាតិ ស្ថិតិវៀតណាម បានបង្ហាញថា ការកើនឡើងប្រាក់ចំណូលជាមធ្យមប្រចាំខែរបស់កម្មករនិយោជិតនេះ ត្រូវបានសង្កេតឃើញកើនឡើងក្នុងវិស័យភាគច្រើនរួមទាំងវិស័យគ្រប់គ្រងទឹកស្អាត និងកាកសំណល់ដែលបានកើនឡើង១៧,៤% វិស័យផលិតថាមពលកើនឡើង១៥,២% វិស័យហិរញ្ញវត្ថុ ធនាគារ និងធានារ៉ាប់រងកើនឡើង១០,៦% និងវិស័យអចលនទ្រព្យកើនឡើង៦,៩%។
គិតត្រឹមឆមាសទី១ដើមឆ្នាំនេះ ទីផ្សារការងារ បានកើនឡើងដោយចំនួនកម្មករនិយោជិតសរុបបានឈានដល់ជាង៥១លាននាក់ ដោយកើនឡើងជាង១៩ម៉ឺននាក់ នារយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះជាយ៉ាងណា បច្ចុប្បន្នមនុស្សដែលពេញកម្លាំងធ្វើការរហូតដល់ទៅជាង១លាននាក់ នៅក្នុងប្រទេសនេះ ឬស្មើនឹង២,២៧%នៃកម្លាំងពលកម្ម គ្មានការងារធ្វើ ហើយអត្រាគ្មានការងារធ្វើនៅតាមតំបន់ទីក្រុង គឺខ្ពស់ជាងនៅតាមតំបន់ជនបទ១,៥ដង។
សូមបញ្ជាក់ថា ជាង៧០%នៃកម្មករនិយោជិតទាំងនោះមិនទទួលបានការបណ្តុះបណ្តាលទេ ដែលនេះឆ្លុះបញ្ចាំងពីភាពចាំបាច់ដែលត្រូវកែលម្អគុណភាពរបស់កម្មករនិយោជិត។ កម្មករនិយោជិតក្រៅប្រព័ន្ធនៅតែគ្របដណ្ដប់រហូតដល់ទៅជាង៦៥% នៃកម្លាំងការងារ ដែលនេះបង្ហាញថា ទីផ្សារការងារនៅតែគ្មានស្ថិរភាព ទោះបីជាបង្ហាញសញ្ញានៃការងើបឡើងយ៉ាងណាក្ដី។
ដោយ: តែម សុខុម