លោក ស៊ិន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានបញ្ជាក់ថា «ខ្ញុំចង់ជម្រាបថា បើយើងយកឆ្នាំគោល ២០១៥-២០២៣នេះ គឺនៅក្នុង Airport Phnom Penh គាត់វិនិយោគបន្ថែមពីលើអ្វីដែលគាត់បានវិនិយោគកន្លងមក គឺ ៣៣២លានដុល្លារថែមទៀត អាកាសយានដ្ឋានសៀមរាបមានទិសដៅនឹងចំណាយថវិកា ១៧៤លានដុល្លារ សម្រាប់ពង្រឹងនិងពង្រីកអាកាសយានដ្ឋានសៀមរាបបច្ចុប្បន្ន ហើយនៅកំពង់សោមមានគម្រោងចំណាយ ១៨០លានដុល្លារ»។
លោក ចាន់ សិរីវុត្ថាបានបញ្ជាក់ថា ការពង្រីក អាកាសយានដ្ឋានទាំងនេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺត្រូវពិនិត្យមើលដែនអាកាសទៀតថា វាកែលម្អនិងអភិវឌ្ឍហើយឬនៅ។
លោកបានគូសបញ្ជាក់បន្ថែមថា « យើងកំពុងតែពង្រីកសមត្ថភាព ដើម្បីស្រូបយកយន្តហោះដែលហោះហើរចូលប្រទេសយើង និងហោះហើររំលងប្រទេសយើង ដូចដែលឯកឧត្តម ជា អូន បានមានប្រសាសន៍ហើយ គឺយើងបានអនុវត្តនូវវិធានការណ៍ថ្មី នូវនីតិវិធីហោះហើរថ្មីៗ ស្របទៅតាមការណែនាំរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ ដោយត្រូវចំណាយ ៧លានដុល្លារទៀត ដើម្បីកែលម្អបច្ចុប្បន្នកម្មប្រព័ន្ធ»។
បន្ថែមពីលើការស្តារហេដ្ឋារចនាសម្ព័ន្ធនៃអាកាសយានដ្ឋានដែលមានស្រាប់ ក្នុងទំហំទឹកប្រាក់ ៣,៥ពាន់លានដុល្លារនេះ ក៏ត្រូវប្រើប្រាស់សម្រាប់ការកសាងអាកាសយានដ្ឋានសៀមរាបថ្មីផងដែរ ដែលអភិវឌ្ឍដោយក្រុមហ៊ុនយូណាន និងដៃគូ ហើយត្រូវចំណាយថវិកាប្រមាណ ៩៨០លានដុល្លារ។ អាកាសយានដ្ឋានតារាសាគរខេត្តកោះកុងនៅក្នុងដំណាក់កាលទី១ ដែលត្រូវបញ្ចប់ក្នុងខែ១២ ឆ្នាំ២០២០នេះ ដោយបានចំណាយទឹកប្រាក់១៥០លានដុល្លារ ចំណែកអាកាសយានដ្ឋានមួយទៀតក្នុងខេត្តកោះកុងដែរ ត្រូវចំណាយប្រមាណ ៦០លានដុល្លារដើម្បីកសាង។ រីឯអាកាសយានដ្ឋានមួយទៀត នៅក្រុងប៉ោយប៉ែតវិញ ទោះស្ថិតនៅក្នុងដំណាក់កាលសិក្សាគម្រោងក៏ដោយ តែត្រូវបានប៉ាន់ប្រមាណថា នឹងចំណាយជាង ៥០លានដុល្លារ ខណៈដែលគម្រោងអាកាសយានដ្ឋាននៅមណ្ឌលគិរី ក៏នឹងត្រូវចំណាយប្រមាណ ៦០លានដុល្លារ៕