វិស័យកសិកម្ម

បេក្ខជនជាង៣ពាន់នាក់ត្រូវបានជ្រើសរើសឱ្យប្រឡងប្រជែងដណ្តើមកៅអីមន្ត្រីកសិកម្មឃុំ ខណៈក្រសួងត្រៀមវិញ្ញាសាចំនួន៣


មន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈនិងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានសម្រេចជ្រើសរើសបេក្ខជាង៣ពាន់នាក់ ក្នុងចំណោមជាង១ម៉ឺននាក់ ឱ្យចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មសម្រាប់ដាក់ពង្រាយនៅតាមឃុំ/សង្កាត់ សំដៅជួយផ្តល់ប្រឹក្សាបច្ចេកទេសកសិកម្មដល់ប្រជាកសិករនៅតាមមូលដ្ឋាននានាក្នុងខេត្តដែលមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម។ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំនេះ ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្មបានត្រៀមវិញ្ញាសាសំខាន់ៗចំនួន៣ សម្រាប់ដាក់ឱ្យបេក្ខជនប្រឡង។
4
ដោយ

បើមិនមានការប្រែប្រួលទេ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ការប្រឡងប្រជែងនេះ នឹងត្រូវបំពេញលើវិញ្ញាសាដែលត្រូវបានរៀបចំជា៣ផ្នែក គឺ៖ (១)វិញ្ញាសា សរសេរ ជំនាញកសិកម្មរយៈពេល២ម៉ោង (២) វិញ្ញាសាពហុចម្លើយរយៈពេល១ម៉ោង ដែលមានរួមបញ្ចូលគ្នានូវជំនាញកសិកម្ម និងចំណេះដឹងទូទៅពាក់ព័ន្ធនឹងរដ្ឋបាលសាធារណៈ មុខងារសាធារណៈ ក្រមសីលធម៌ គណិតសាស្ត្រ ព័ត៌មានវិទ្យា ភូមិសាស្ត្រ និង(៣) វិញ្ញាសាសរសេរភាសាអង់គ្លេសរយៈពេល១ម៉ោង។

សម្រាប់វិញ្ញាសាប្រឡងទាំងអស់នឹងត្រូវបានរៀបចំតាក់តែងក្នុងថ្ងៃតែមួយ ពោលគឺរៀបចំវិញ្ញាសានៅពេលព្រឹក ហើយចាប់ផ្ដើមប្រឡងពីម៉ោង​១២ថ្ងៃត្រង់តទៅ ក្រោមការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា។ សន្លឹកកិច្ចការនីមួយៗ មានការចុះលេខសម្ងាត់ មានការកាត់ក្បាលសន្លឹកកិច្ច ហើយមានការពិនិត្យកំណែ ជាលើកទី២ មុនឈានដល់ការបូកពិន្ទុតាមប្រព័ន្ធអនាមិក។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាពេលថ្មីៗនេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ បានលើកឡើងថា ចាប់តាំងពីដំណាក់កាលផ្សព្វផ្សាយ ទាំងការដាក់ពាក្យ ទាំងការរៀបចំនីតិវិធីនានាសម្រាប់ដំណើរការជ្រើសរើស ប្រឡង និងកំណែប្រឡង សុទ្ធតែត្រូវបានឆ្លងកាត់ការពិភាក្សា និងការគិតគួរពិចារណាយ៉ាងហ្មត់ចត់បំផុតដោយ គណៈកម្មការជំនាញអន្តរក្រសួង ធ្វើយ៉ាងណាធានាដល់ការរៀបចំប្រព័ន្ធជ្រើសរើសមួយដែលផ្តល់ឱកាសស្មើៗគ្នា មាន តម្លាភាព មានយុត្តិធម៌ និងផ្អែកលើសមត្ថភាពពិតប្រាកដ។ ថ្នាក់ដឹកនាំជាន់ខ្ពស់រូបនេះ បានលើកទឹកចិត្តឱ្យមានការចូលរួមតាមដានជាប្រចាំលើដំណើរការនៃការប្រឡងក្នុងឆន្ទៈពិតប្រាកដចំពោះការកែទម្រង់រដ្ឋបាលសាធារណៈ និងប្រកាសស្វាគមន៍រាល់មតិចូលរួមដើម្បីស្ថាបនាជាវិជ្ជមាន។ទាក់ទងនឹងការជ្រើសរើសមន្ត្រីកសិកម្មឃុំនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា មន្រ្តីកសិកម្មឃុំដែលជ្រើសរើសថ្មី នឹងជួយផ្ដល់ជំនាញបច្ចេកទេសទាន់ពេលវេលា ដល់កសិករនៅតាមមូលដ្ឋានឃុំ-សង្កាត់ សំដៅលើកកម្ពស់ជីវភាពនិងបង្កើនប្រាក់ចំណេញរបស់កសិករ ដោយកាត់បន្ថយថ្លៃដើមជាអតិបរមា។

សូមបញ្ជាក់ថា បេក្ខជនដែលត្រូវបានអនុម័តឱ្យចូលរួមប្រឡងមានចំនួន ៣,៣២៩នាក់ ក្នុងនោះអ្នកជាប់ជាស្ថាពរចំនួន២៥០នាក់ នឹងត្រូវបញ្ចូលឱ្យបម្រើការជាមន្ត្រីរាជការក្នុងក្របខ័ណ្ឌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីដាក់ពង្រាយនៅតាមឃុំ ចំនួន២៥០ ក្នុងស្រុកចំនួន៨៩ នៃខេត្តចំនួន១៧ ហើយស្នាក់នៅជាអចិន្ត្រៃយ៍នៅមូលដ្ឋាន ដោយផ្សារភ្ជាប់ការងារនិងជីវភាពផ្ទាល់ជាមួយប្រជាកសិករ។

បើតាមសេចក្ដីប្រកាសរបស់ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា បេក្ខជនដែលបានជាប់ជាស្ថាពរ នឹងត្រូវបានចាត់បញ្ជូនទៅអនុវត្តកម្មសិក្សាការងារតាមគោលដៅនីមួយៗ ដោយមិនត្រូវបានអនុញាតិឱ្យផ្លាស់ប្តូរទីកន្លែងបំពេញការងារដោយហេតុផលណាមួយឡើយ។ ក្នុងករណីដែល មានការស្នើសុំផ្លាស់ប្តូរកន្លែងការងារ មានន័យថា សាមីជននោះបោះបង់ក្របខ័ណ្ឌមន្ត្រីរាជការ៕

អត្ថបទ៖ បូ ដូឡា​ វិស័យកសិកម្ម

None



អត្ថបទបន្ទាប់


សិង្ហបុរីដាក់ផែនការបណ្តុះអ្នកបច្ចេកទេសគ្រប់គ្រង AI ឱ្យបាន១ម៉ឺន៥ពាន់នាក់

ឧបនាយករដ្ឋមន្រ្តីដ៏មានឥទ្ធិពលនៅក្នុងប្រទេសសិង្ហបុរីមួយរូបបានប្រកាសថា ប្រទេសដែលមានប្រជាពលរដ្ឋសរុបត្រឹមជាង៥លាននាក់នេះ គ្រោងនឹងរៀបចំឱ្យមានអ្នក…

អ្នកវិភាគ៖ ការផលិតថាមពលនៅអាស៊ីមានលក្ខណៈកាន់តែស្អាត ទោះការបំភាយធ្យូងថ្មកើនឡើង

ទិន្នន័យបានបង្ហាញថា តំបន់អាស៊ី បានបង្កើនទិន្នផលអគ្គិសនីស្អាត និងកាត់បន្ថយចំណែកឥន្ធនៈហ្វូស៊ីលរបស់ខ្លួនបានលឿនជាងតំបន់អាម៉េរិកខាងជើង និងអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ