
ដោយមើលឃើញពីភាពចាំបាច់ ក៏ដូចជារួមចំណែកនៅក្នុងការងារមនុស្សធម៌ ថ្នាក់ដឹកនាំ និងកម្មករនយោជិតធនាគារអេស៊ីលីដាប្រមាណជាង ៦០០នាក់ មកពីការិយាល័យកណ្ដាល និងសាខានៅទូទាំងប្រទេស បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម។
បើតាមការអះអាងរបស់ លោក លី ថៃ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច នៃធនាគារអេស៊ីលីដា បានឲ្យដឹងថា ការចូលរួមបរិច្ចាគឈាមពីសំណាក់កម្មករនយោជិតរបស់ធនាគារអេស៊ីលីដា ដែលបានរៀបចំឡើងនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣នេះ គឺជាលើកទី៧ហើយ ខណៈនៅឆ្នាំនេះ កម្មករនិយោជិតរបស់ធនាគារអេស៊ីលីដាបានចូលរួមបរិច្ចាគឈាម២ដងឯណោះ។

លោកបន្ថែមថា ការចូលរួមបរិច្ចាគឈាមពីសំណាក់កម្មករនិយោជិតរបស់ធនាគារអេស៊ីលីដានេះ មានគោលបំណងចូលរួមចំណែកបំពេញតម្រូវការចាំបាច់របស់សង្គម តាមរយៈសកម្មភាពមនុស្សធម៌ ពិសេសគឺការជួយសង្គ្រោះជីវិតជនរងគ្រោះ ឬអ្នកជំងឺដែលត្រូវការឈាម។
ជាមួយគ្នានេះដែរ លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានគូសបញ្ជាក់ដែរថា បើទោះបីជាបច្ចុប្បន្ន សកម្មភាពបរិច្ចាគឈាមហាក់មានការកើនឡើងក៏ពិតមែន ប៉ុន្ដែ ការផ្គត់ផ្គង់ឈាមនៅតែមានភាពខ្វះខាតនៅតាមមន្ទីរពេទ្យនានា។

លោកស្រីបន្ថែមថា ក្នុងមួយឆ្នាំ កម្ពុជាមានតម្រូវការឈាមដល់ទៅ ១៧ម៉ឺនកំប្លោកឯណោះ ខណៈការផ្គត់ផ្គត់មានត្រឹមតែ១២ម៉ឺនកំប្លោកប៉ុណ្ណោះ ពោលគឺនៅខ្វះប្រមាណ ៣០%ទៀត។ ដូច្នេះ ការចូលរួមបរិច្ចាគឈាមពីសំណាក់សាធារណៈជន គឺពិតជាសំខាន់ខ្លាំងសម្រាប់ជួយជីវិតជនរងគ្រោះ ឬអ្នកជំងឺដែលត្រូវការឈាម។

សូមបញ្ជាក់ថា តាមការប៉ាន់ស្មានរបស់ លោកស្រីវេជ្ជបណ្ឌិត មើក សាមាន ស្របពេលកំណើនប្រជាពលរដ្ឋកើនឡើង តម្រូវការឈាមក៏នឹងមានការកើនឡើងកាន់តែច្រើនដែរ ហើយនៅឆ្នាំ២០២៤ តម្រូវការឈាមត្រូវបានរំពឹងថា នឹងកើនដល់ ១៨ ទៅ១៩ម៉ឺនកំប្លោកនៅក្នុងមួយឆ្នាំ៕






