អាជីវកម្មរកស៊ីតាមអនឡាញ

អាជីវកម្មរកស៊ីតាមអនឡាញជាង៦ពាន់ហើយ បានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងលិខិតអនុញ្ញាត


ប្រធានការិយាល័យចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មបានអះអាងថា ក្រោយពីក្រសួងបានចាត់វិធានការតឹងរ៉ឹងតម្រូវឲ្យម្ចាស់អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវមកចុះបញ្ជី គិតតាំងពីខែកក្កដា គិតមកទល់ពេលនេះមានម្ចាស់ក្រុមហ៊ុន សហគ្រាស និងអ្នករកស៊ីតាមប្រព័ន្ធអេឡិចត្រូនិកជាង៦ពាន់ហើយ បានមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតក្នុងការប្រកបអាជីវកម្មអនឡាញនៅកម្ពុជា។
អាជីវកម្មរកស៊ីតាមអនឡាញជាង៦ពាន់ហើយ បានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងលិខិតអនុញ្ញាត(អគ្គនាយកដ្ឋានពន្ធដារ)

ក្នុងចំណោមពាក្យស្នើសុំទាំងនេះក្រសួងពាណិជ្ជកម្មទើបចេញអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតឲ្យម្ចាស់ក្រុមហ៊ុន សហគ្រាស និងអ្នករកស៊ីតាមអនឡាញបានជាង២រយតែប៉ុណ្ណោះ ខណៈក្រៅពីនេះកំពុងស្ថិតក្នុងនីតិវិធីត្រួតពិនិត្យ។ បើតាមការវាយតម្លៃរបស់ក្រសួងពាណិជ្ជកម្មមានអាជីវកម្មរកស៊ីតាមអនឡាញតិចតួចទៀតប៉ុណ្ណោះ ដែលមិនទាន់បានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត។

ក្រោយក្រសួងពាណិជ្ជកម្មព្រមានអនុវត្តវិធានការផាកពិន័យ យើងសង្កេតឃើញមានម្ចាស់ក្រុមហ៊ុន សហគ្រាស និងអ្នករកស៊ីតាមប្រព័ន្ធអេឡិចត្រូនិកជាច្រើន បានមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត និងចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម។ បើយោងតាមលោក ហ៊ុន ប៊ុនឆៃ ប្រធានការិយាល័យចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម មកទល់ពេលនេះមានម្ចាស់ក្រុមហ៊ុន សហគ្រាស និងអ្នករកស៊ីតាមអនឡាញជាង៦ពាន់២រយនាក់បានមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតនៅក្រសួងពាណិជ្ជកម្ម។ ប៉ុន្តែលោកអះអាងថា ក្នុងចំណោមអ្នកដាក់ពាក្យទាំងនេះ មានម្ចាស់ក្រុមហ៊ុន សហគ្រាស និងអ្នករកស៊ីតាមអនឡាញតែជិត៣រយប៉ុណ្ណោះ ដែលទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម។ យ៉ាងណាមិញលោកមិនទាន់ដឹងទេថា ក្រសួងទទួលបានដាក់ថវិកាប៉ុន្មានពីការចេញលិខិតអនុញ្ញត ឬអាជ្ញាបណ្ណអាជីវកម្មអនឡាញនេះនោះទេ។

តាមការកត់សម្គាល់របស់លោក ហ៊ុយ ប៊ុនឆៃ ខែកក្កដា ជាខែដែលមានម្ចាស់ក្រុមហ៊ុន សហគ្រាស និងអ្នករកស៊ីអនឡាញបានមកដាក់ពាក្យស្នើសុំលិខិត​អនុញ្ញាត ឬអាជ្ញាបណ្ណអាជីវកម្មអនឡាញនៅក្រសួងពាណិជ្ជកម្មច្រើនជាងគេ ដែលជាខែក្រសួងគ្រោងអនុវត្តវិធានការវិន័យ។ ប្រធានការិយាល័យចុះបញ្ជីពាណិជ្ជកម្មរូបនេះវាយតម្លៃថា មកទល់ពេលនេះមានអ្នករកស៊ីតាមប្រព័ន្ធអេឡិចត្រូនិកស្ទើរគ្រប់គ្នាហើយ​បានមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតនៅក្រសួងពាណិជ្ជកម្ម។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានជាង៣៧លានដុល្លារអាមេរិកនៅ៧ខែឆ្នាំនេះ ពោលគឺចាប់ខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២២។ ការប្រមូលចំណូលពីប្រតិបត្តិការពាណិជ្ជកម្មតាមអនឡាញនេះត្រូវបានអនុវត្តកាលពីដើមខែមេសា ឆ្នាំ២០២២។ ដើម្បីបង្កើន និងពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធក្នុងវិស័យអេឡិចត្រូនិក អគ្គនាយកពន្ធដារ នឹងបន្តចុះសិក្សាស្រាវជ្រាវ និងស្វែងយល់បទពិសោធន៍បន្ថែមលើការគ្រប់គ្រងការប្រមូលពន្ធពីវិស័យ E-Commerce ពីរដ្ឋបាលសារពើពន្ធនៅតាមប្រទេសផ្សេងៗ។

គួរបញ្ជាក់ផងដែរថា ចំពោះតម្លៃសេវានៃការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណអាជីវកម្មអេឡិចត្រូនិកមានតម្លៃខុសៗគ្នា ក្នុងនោះការស្នើសុំលិខិត​អនុញ្ញាតលក្ខណៈបុគ្គលមានតម្លៃ២០ម៉ឺនរៀល, លក្ខណៈសហគ្រាសឯកបុគ្គលតម្លៃ៤០ម៉ឺនរៀល និងសម្រាប់ក្រុមហ៊ុនតម្លៃ១លានរៀល។ ដោយឡែក ប្រសិនបើម្ចាស់ក្រុមហ៊ុន សហគ្រាស ឬអ្នករកស៊ីតាមអនឡាញបន្តធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត​ត្រឹមត្រូវពួកគេអាចរងពិន័យ​រហូតដល់១០លានរៀល ឬអាចប្រឈមនឹងការផ្អាក ឬបិទអាជីវកម្ម។




អត្ថបទបន្ទាប់


និយ័តករបរធនបាលកិច្ច រៀបចំកិច្ចប្រជុំបរធនបាលកិច្ចប្រចាំឆ្នាំ២០២២

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំ "កិច្ចប្រជុំបរធនបាលកិច្ចប្រចាំឆ្នាំ២០២២" ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយ…

ថៃត្រៀមដំឡើងពន្ធនាំចូល២០% លើថាមពលអគ្គិសនី នឹងជះឥទ្ធិពលអ្វីខ្លះដល់អាជីវកម្ម?

នៅទីបំផុតគណៈកម្មការនិយ័តកម្មថាមពលនៃប្រទេសថៃ បានប្រកាសថា នឹងដំឡើងពន្ធនាំចូល ២០% លើថាមពលអគ្គិសនីសម្រាប់ការប្រើប្រាស់ក្នុងក្រុមហ៊ុនអាជីវកម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ