កម្ពុជារំពឹងថា តាមរយៈព្រឹត្តិការណ៍នេះវានឹងជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកកម្សាន្តនៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រល្អឯកគ្មានពីរនេះឲ្យកាន់តែច្រើនបន្ថែមទៀត។
អត្តពលិកជាតិ និងអន្តរជាតិជាង៧ពាន់៥រយនាក់មកពី៦៩ប្រទេស បានចូលរួមរត់ប្រណាំងក្នុងព្រឹត្តិការណ៍អន្តរជាតិពាក់កណ្តាលម៉ារ៉ាតុនអង្គរលើកទី២៧ នៅបរិវេណរមណីយដ្ឋានអង្គរខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២។ ក្នុងចំណោមអត្តពលិកអន្តរជាតិជិត២ពាន់ដែលបានចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ភាគច្រើនមកពីប្រទេសអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានចាត់ទុកចំនួននេះជាជោគជ័យដែលមិននឹកស្មានដល់ ដោយសារឯកឧត្តមមិនរំពឹងថា ព្រឹត្តិការណ៍នេះនឹងទទួលបានអត្តពលិកដ៏ច្រើនលើសលប់បែបនេះនោះទេ ដ្បិតថា វិបត្តិកូវីដ-១៩ កំពុងនៅបន្តគំរាមកំហែងដល់ប្រទេសផ្សេងៗនៅលើពិភពលោកនៅឡើយ។
ទន្ទឹមនឹងនេះ ឯកឧត្តម វ៉ាត់ ចំរើន បានចាត់ទុកវត្តមានរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពី៦៩ប្រទេសទូទាំងពិភពលោកនេះថា វាជាសញ្ញាមួយដ៏ល្អសម្រាប់កម្ពុជាក្នុងការឈានទៅស្តារវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ដែលរងផលប៉ពាល់ដោយសារវិបត្តិកូវីដ-១៩ឲ្យងើបមករកប្រក្រតីភាពឡើងវិញលឿនជាងការគ្រោងទុក។ លើសពីនេះវាបានបង្ហាញពិភពលោកឲ្យឃើញថា កម្ពុជាជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពសម្រាប់ការធ្វើដំណើរកម្សាន្តនាពេលបច្ចុប្បន្ន បើធៀបនឹងគោលដៅទេសចរណ៍នៅប្រទេសផ្សេងៗ។
សម្រាប់ឯកឧត្តម វ៉ាត់ ចំរើន ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិអង្គរនៅឆ្នាំនេះមិនត្រឹមតែជួយផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យមកកម្សាន្តនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកជួយផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ក៏ដូចជាស្តារអាជីវកម្មទេសចរណ៍ដែលបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ផងដែរ។ ជាក់ស្តែងបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន នៅក្នុងរយៈបីថ្ងៃកន្លងមកនេះសណ្ឋាគារ ផ្ទះសំណាក់ក្នុងខេត្តសៀមរាបទទួលបានការជួលស្ទើរគ្រប់ទីកន្លែង។
ជាមួយគ្នានេះលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាយល់ឃើញថា តាមរយៈព្រឹត្តិការណ៍ខាងលើវានឹងផ្សព្វផ្សាយឲ្យប្រទេសជាច្រើនលើពិភពលោកងាកមកចាប់កម្ពុជា ដែលជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាព និងល្អឯកមួយនៅលើពិភពលោក។ លើសពីនេះព្រឹត្តិការណ៍នេះវាបានរួមចំណែកក្នុងការជួយស្តារវិស័យចរណ៍ និងអាជីវកម្មក្នុងវិស័យទេសចរណ៍ឲ្យងើបឡើងវិញលឿនផងដែរ។ ព្រោះលោកជំទាវជឿជាក់ថា ភ្ញៀវទេសចរអន្តរជាតិមកពី៦៩ប្រទេសទាំងនោះ មកកម្ពុជាមិនត្រឹមតែចូលរួមព្រឹត្តិការណ៍ខាងលើនោះទេ ប៉ុន្តែពួកគេអាចនឹងបន្តស្នាក់នៅកម្ពុជា ហើយដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាផងដែរ។
ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ខាងលើ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានលើកឡើងថា បន្ទាប់ពីធ្វើបុរេព្រឹត្តិការណ៍កាលពីឆ្នាំ២០២១ ក្រោយវិបត្តិជំងឺកូវីដ-១៩ មានភាពធូរស្បើយ ឆ្នាំនេះជាសញ្ញាណបញ្ជាក់ពីការចេញដំណើរក្នុងការស្តាវិស័យទេសចរណ៍ឡើងវិញ និងមានភាពវិជ្ជមានគួរជាទីសង្ឃឹមក្នុងការស្រូបយកភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឡើងវិញឲ្យបានឆាប់រហ័ស។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី តាមរយៈព្រឹត្តិការណ៍នេះបានបង្ហាញឲ្យឃើញថា កម្ពុជាបានក្លាយជាគោលដៅទេសចរណ៍សុវត្ថិភាពមុនគេ និងផ្តល់នូវភាពកក់ក្ដៅជាទីបំផុត ក្រោមម្លប់នៃសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ៕