ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា អាជីវកម្មទេសចរណ៍ជាង៩០% ក្នុងចំណោមអាជីវកម្មទេសចរណ៍ជាង៨ពាន់ទីតាំងនៅទូទាំងប្រទេស ដែលបានបិទទ្វារ និងផ្អាកអាជីវកម្មដោយសារវិបត្តិកូវិដ-១៩ បានបើកដំណើរការឡើងវិញ ខណៈបច្ចុប្បន្នមានអាជីវកម្មតែជាង៦រយទីតាំងទៀតប៉ុណ្ណោះដែលបន្តបិទអាជីវកម្ម។ ក្នុងនោះបើគិតតែក្នុងខេត្តសៀមរាប ដែលជាខេត្តមានអាជីវកម្មទេសចរណ៍រងផលប៉ះពាល់ច្រើនជាងគេ នៅមានអាជីវកម្មទេសចរណ៍ប្រមាណជាង៣០% បានបន្តបិទទា្វរអាជីវកម្ម ខណៈ៧០%បានបើកដំណើរការឡើងវិញ។
មន្ត្រីជាន់ខ្ពស់រូបនេះបានចាត់ទុកស្ថានភាពវិស័យទេសចរណ៍កម្ពុជាបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលនៃការងើបឡើងវិញ។ ជាក់ស្តែងនៅ៩ខែឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង៣លាន៩សែននាក់ កើនឡើងជាង២០០% បើធៀបនឹងឆ្នាំមុន និងថយចុះប្រមាណ២០% បើធៀបនឹងឆ្នាំ២០១៩ មុនមានវិវបត្តិកូវីដ-១៩។ ទោះយ៉ាងណា ឯកឧត្តម តុប សុភ័ក ក៏បានបង្ហាញពីក្តីបារម្ភចំពោះវិស័យសេវាកម្មទេសចរណ៍កម្ពុជាបច្ចុប្បន្ន ពោលគឺក្រៅតែពីវិបត្តិកូវីដ-១៩ កម្ពុជាក៏បានជួបប្រទះនូវបញ្ហាប្រឈមពីវិបត្តិសកលមួយចំនួនទៀត ដូចជាបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងសង្គ្រាមនៅអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលទើបនឹងកើតឡើងថ្មីៗនេះ ដែលវានឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ហើយវានឹងងជះឥទ្ធិពលអវិជ្ជមានដល់វិស័យទេចរណ៍ពិភពលោករួមទាំងកម្ពុជាផងដែរ។
យ៉ាងណាមិញ បើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងបន្តនិន្នាការល្អក្នុងអត្រាកំណើន៦,៩%នៅឆ្នាំ២០២៤ខាងមុខ ដោយបានធ្លាក់ចុះពីមូលដ្ឋានល្អក្នុងរង្វង់៨,១%នៅឆ្នាំ២០២៣ ដោយសារការបន្តងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដោយសារការរំពឹងទុកការងើបឡើងវិញនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ជុំវិញបញ្ហានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា កត់សម្គាល់ឃើញថា វិស័យសេវាកម្មទេសចរណ៍នៅកម្ពុជា ហាក់បន្តជួបប្រឈមនឹងហានិភ័យខ្ពស់នៅឡើយ ហើយវាអាចនឹងកាន់តែមានហានិភ័យបន្ថែមទៀត ប្រសិនបើមិនមានដំណោះស្រាយឱ្យទាន់ពេលវេលាទេនោះ។ តែយ៉ាងណាអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា បច្ចុប្បន្នរាជរដ្ឋាភិបាល និងក្រសួងស្ថានប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជនកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការស្វែងរកដំណោះស្រាយ ហើយលោកជឿជាក់ថា វិស័យសេវាកម្មទេសចរណ៍កម្ពុជានឹងមានភាពប្រសើរឡើងវិញជាក់ជាមិនខាន។
បើតាមការរំពឹងទុករបស់ក្រសួងទេសចរណ៍ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់ប្រមាណ៤លាន៥សែននាក់ ទៅ៥លាននាក់ នៅពេញមួយឆ្នាំ២០២៣នេះ ដែលនឹងអាចចូលរួមចំណែកប្រមាណ៦% ដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ខណៈកាលពីឆ្នាំ២០១៩ កន្លងទៅ មុនពេលមានវិបត្តិកូវីដ-១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួនជាង៦លាន៦សែននាក់ និងបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាង១២% ផងដែរ៕