
បើតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រុមហ៊ុន Morgan Group នាពេលថ្មីនេះឲ្យដឹងថា នៅក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់ PropertyGuru Awards ប្រចាំឆ្នាំ ២០២០ដែលប្រកាសលទ្ធផលកាលពីយប់ថ្ងៃទី ០៤ កញ្ញា ក្រុមហ៊ុនដ៏ធំមួយនេះបានឈ្នះរង្វាន់៩ដូចជា ១) ពានរង្វាន់ជាក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខល្អបំផុត ២) ក្រុមហ៊ុនអភិវឌ្ឍន៍របៀបរស់នៅល្អបំផុត ៣) ការអភិវឌ្ឍខុនដូល្អបំផុតនៅភ្នំពេញ ៤) ការអភិវឌ្ឍការប្រើប្រាស់ចម្រុះល្អបំផុត ៥)ការអភិវឌ្ឍការិយាល័យល្អបំផុត ៦)ពានរង្វាន់រចនាម៉ូដស្ថាបត្យកម្មខុនដូល្អបំផុត ៧)រចនាម៉ូដស្ថាបត្យកម្មការិយាល័យល្អបំផុត ៨)រចនាម៉ូដស្ថាបត្យកម្មទេសពាណិជ្ជកម្មល្អបំផុត និងពានរង្វាន់ទី៩)រចនាម៉ូដផ្នែកខាងក្នុងការិយាល័យល្អ បំផុត ។

ក្រុមហ៊ុន Morgan Group បានឲ្យដឹងទៀតថាបន្ទាប់ពីទទួលពានរង្វាន់យ៉ាងច្រើននេះ ក្រុមហ៊ុននឹងខិតខំជំរុញការអភិវឌ្ឍនិងវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាជាមួយនឹងការពង្រឹងគុណភាពសោភណភាពជាពិសេសលើកកម្ពស់ការអភិវឌ្ឍវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកាន់តែមានសន្ទុះបន្ថែមទៀត ។
រហូតមកដល់ពេលនេះ ក្រុមហ៊ុនចិនមួយនេះបាននិងកំពុងវិនិយោគលើគម្រោងធំៗជាច្រើនក្នុងប្រទេសកម្ពុជា ដូចជា គម្រោងអគារខ្ពស់ជាងគេនៅកម្ពុជា Morgan Tower គម្រោង Morgan Enmaison , មជ្ឈមណ្ឌល New City Walk នៅតំបន់ជ្រោយចង្វារ ជាដើម ដែលសុទ្ធតែជាគម្រោងធំៗនិងមានទឹកប្រាក់វិនិយោគរាប់រយលានដុល្លារអាមេរិក ។

លោក Hari V. Krishnan នាយកប្រតិបត្តិនិងជានាយកគ្រប់គ្រងក្រុមហ៊ុន PropertyGuru Group បានមានប្រសាសន៍ថា លោកមានសុទិដ្ឋិនិយមថា អ្នកឈ្នះពានរង្វាន់ និងអ្នកទទួលកិត្ដិសព្ទខ្ពស់បំផុត ពីពានរង្វាន់ PropertyGuru Cambodia Property Awards នឹងឈានមុខគេក្នុងការជួយអ្នកស្វែងរកអចលនទ្រព្យឱ្យកាន់តែប្រសើរ មានជម្រើសកាន់តែទូលំទូលាយក្នុងការស្វែងរកគេហដ្ឋាននិងប្រភេទអចលនទ្រព្យផ្សេងទៀតទូទាំងព្រះរាជាណាចក្រ ។ គម្រោងលេចធ្លោទាំងនេះ ពិតជាមានសក្ខីភាពចំពោះភាពរឹងមាំនិងភាពធន់ដោយអ្នកសាងសង់ផ្ទាំងគំនូរអាគារខ្ពស់ៗក្នុងប្រទេស នាសម័យដ៏អស្ចារ្យនេះ ៕