ក្នុងនោះ ប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា គឺជាប្រទេសដែលមានការបន្ធូរបន្ថយវិធានការលើការធ្វើដំណើរច្រើនជាងគេបំផុតគិតមកទល់ពេលនេះ ខណៈដែលប្រទេសថៃវិញ ក៏បានលុបចោលវិធានការរឹតបន្តឹងការពារមេរោគកូវីដ១៩ ស្ទើរតែទាំងស្រុងចាប់ពីថ្ងៃទី ១ ខែកក្កដា ខាងមុខនេះតទៅ ខណៈរដ្ឋាភិបាលថៃរំពឹងថា វិស័យទេសចរណ៍នេះ នឹងជួយជំរុញសេដ្ឋកិច្ចដែលជាប់គាំងរបស់ខ្លួនឱ្យស្ទុះងើបឡើងវិញ។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
គណៈរដ្ឋមន្ត្រីថៃបានសម្រេចចិត្តកាលពីថ្ងៃអង្គារ ទី ២១ មិថុនាថា ប្រទេសថៃដែលជាទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោកនឹងលុបចោលវិធានការចុះឈ្មោះតាមអ៊ីនធឺណិតលើប្រព័ន្ធធ្វើដំណើរ Thailand Pass របស់ខ្លួនហើយ ខណៈរដ្ឋាភិបាលរំពឹងថា នឹងទទួលបានភ្ញៀវទេសចរភាគច្រើនមកពី ប្រទេសឥណ្ឌា និង មជ្ឈិមបូព៌ា ជំនួសឱ្យការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរជនជាតិចិន។
គួរកត់សម្គាល់ថា រដ្ឋាភិបាលថៃមានការពឹងផ្អែកលើវិស័យទេសចរណ៍ជាខ្លាំង ដើម្បីជួយជំរុញដល់សេដ្ឋកិច្ចថៃ ខណៈដែលការជាប់គាំងនៃភ្ញៀវទេសចរមកពី ចិន សហរដ្ឋអាមេរិក និង អឺរ៉ុប បានធ្វើឱ្យមានភាពរង្គះរង្គើរសម្រាប់សេដ្ឋកិច្ចថៃជាខ្លាំង ដោយសារវិស័យទេសចរណ៍ ដែលជាឧស្សាហកម្មគ្មានផ្សែងរបស់ថៃមួយនេះបានរួមចំណែក ១២% ដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ លោក ភីផាត់ រ៉ាត់ឆាកគីតប្រាកន (Phiphat Ratchakitprakarn) បាននិយាយថា នៅពេលដែលមានការលុបចោលវិធានការរឹតបន្តឹងជំងឺកូវីដ ១៩ លោករំពឹងថា ចំនួនភ្ញៀវទេសចរនឹងកើនឡើងដល់ ២ ម៉ឺន ៥ ពាន់នាក់ ទៅ ៣ ម៉ឺននាក់ក្នុងមួយថ្ងៃ ខណៈចំនួនភ្ញៀវទេសចរសរុបនឹងកើនឡើងពី ៧លាន៥សែន ទៅ ១០ លាននាក់នៅចុងឆ្នាំនេះ។
មែនទែនទៅ វិស័យទេសចរណ៍ គឺជាប្រភពចំណូល និងការងារដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានអ្នកធ្វើដំណើរកម្សាន្ដមកក្នុងតំបន់នេះជាង ១៤០ លាននាក់ជារៀងរាល់ឆ្នាំ។
ចាប់តាំងពីខែមេសា ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនបានចាប់ផ្តើមស្វាគមន៍អ្នកទេសចរដែលបានចាក់វ៉ាក់ស៊ាំងពេញលេញ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក និង ធ្វើតេស្តរកកូវីដ១៩ ទៀតឡើយ។ ទន្ទឹមនឹងនោះ មានប្រទេសភាគច្រើនបានលុបចោលការតម្រូវឱ្យពាក់ម៉ាសនៅទីសាធារណៈថែមទៀតផង។
បើក្រឡេកមកមើល ភ្ញៀវទេសចរណ៍ដែលបានមកលេងនៅប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ដែលជាប្រាសាទបុរាណដ៏ចំណាស់មួយដែលត្រូវបានអង្គការយូណេស្កូ ចាត់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះ បានទទួលភ្ញៀវទេសចរបរទេសជាង ៤ ម៉ឺននាក់ នៅក្នុងរយៈពេល៥ខែដំបូង ក្នុងឆ្នាំ ២០២២នេះ កើនឡើងជាង ៨០០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ប្រទេសកម្ពុជាបានបើកប្រទេសឡើងវិញចំពោះអ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ តាំងតែខែវិច្ឆិកាឆ្នាំមុនមកម្ល៉េះ ហើយបច្ចុប្បន្នសកម្មសេដ្ឋកិច្ចគ្រប់វិស័យបានដំណើរការឡើងជាធម្មតា។
ដោយឡែក ប្រទេសឥណ្ឌូនេស៊ីវិញ បាននិយាយកាលពីដើមខែមិថុនាថា ខ្លួននឹងលែងតម្រូវឱ្យអ្នកទេសចរត្រូវទិញធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រនៅពេលចូលមកប្រទេសខ្លួនតទៅទៀតហើយ ខណៈកាលពីខែឧសភាប្រទេសនេះក៏បានដកចេញនូវតម្រូវការធ្វើតេស្ត PCR ផងដែរ។ ប៉ុន្តែ អ្នកទេសចរបរទេសនៅតែត្រូវការទាញយកកម្មវិធីតាមដានការធ្វើដំណើរ ដើម្បីទទួលបានការចូលទៅកាន់កន្លែងនានាដូចជាផ្សារទំនើបជាដើម។
លោក សានឌៀហ្គា អ៊ូណូ (Sandiaga Uno) រដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់ប្រទេសឥណ្ឌូនេស៊ីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីសប្តាហ៍មុនថា ការមកដល់នៃភ្ញៀវទេសចរនឹងកើនឡើងដល់កម្រិតខ្ពស់នៅក្នុងខែកក្កដា និង ខែសីហា ក្នុងឆ្នាំ ២០២២ នេះ។
ទោះយ៉ាងណា ការរឹតបន្តឹងមួយចំនួននៅតែមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាឧទាហរណ៍ ប្រទេសហ្វីលីពីន ដែលជាប្រទេស វិស័យទេសចរណ៍មានទំហំមួយភាគប្រាំនៃ GDP មុនការរាតត្បាតកូវីត ១៩នោះ នៅតែទាមទារឱ្យអ្នកធ្វើដំណើរចូលក្នុងប្រទេសខ្លួនចុះឈ្មោះតាមអ៊ីនធឺណិតជាមួយការិយាល័យដាក់ឱ្យនៅដាច់ពីគេនៅឡើយ៕