IB (International Baccalaureate) គឺជាស្ថាប័នមូលនិធិអប់រំ ដែលផ្ដល់នូវកម្មវិធីអប់រំបែបអន្តរជាតិដែលវិវឌ្ឍន៍នូវជំនាញផ្នែកប្រាជ្ញា ផ្នែកបុគ្គលិកលក្ខណៈ ផ្នែកអារម្មណ៍ និងផ្នែកសង្គម សុទ្ធសឹងតែជាជំនាញចាំបាច់ក្នុងការរស់នៅ រៀនសូត្រ និងធ្វើការនៅក្នុងពិភពលោកដែលកំពុងតែធ្វើវិវត្តន៍យ៉ាងឆាប់រហ័ស។
សាលារៀននីមួយៗត្រូវតែអនុញ្ញាតដោយអង្គការ IB ដើម្បីអាចបង្រៀនកម្មវិធីសិក្សាបែបនេះបាន។ អ្នកជំនាញផ្នែកអប់រំនៅកម្ពុជាបញ្ជាក់ថា មានតែសាលារៀនកូនអ្នកមានចំនួន៥ប៉ុណ្ណោះ ដែលបានទទួលសិទ្ធិបង្រៀនតាមកម្រិតស្តង់ដារអន្តរជាតិ IB នេះ។
បើតាមអ្នកជំនាញអប់រំ លោក មុំ វ៉ារិន ដែលជាស្ថាបនិកនិងនាយកសាលា Asia-Pacific Fretfort International School (AFIS) បញ្ជាក់ថា សាលាចំណេះទូទៅឯកជនដែលបណ្តុះបណ្តាលសិស្សតាមស្តង់ដារ IB នៅកម្ពុជា មាន ៥រួចទៅហើយ ដែលបើកបង្រៀនសិស្សតាមកម្មវិធីសិក្សានេះ។
សាលាទាំងប្រាំនោះរួមមាន៖
- Northbridge International School (NIS) ស្ថិតនៅលើផ្លូវ ២០០៤។
- International School of Phnom Penh (ISPP) នៅតាមមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ក្នុងសង្កាត់ចាក់អង្រែ។
- Asian Hope International School (AHIS) ដែលមានទីតាំងស្ថិតនៅសង្កាត់ភ្នំពេញថ្មី។
- Asia-Pacific Fredfort International School (Fredfort) ដែលមានទីតាំងនៅខណ្ឌជ្រោយចង្វា។
- Australian International School of Phnom Penh (AISPP) នៅទួលគោក។
ទន្ទឹមនឹងនោះ មានសាលាចំនួន២ទៀត ដែលអាចនឹងបើកនៅចុងឆ្នាំ២០១៧ ឬដើមឆ្នាំ២០១៨ ដែលបង្រៀនតាមកម្រិតស្តង់ដារ IB នេះ។
សាលាទាំងពីរនេះរួមមាន សាលា South Bridge International School (SBIS) នៅបុរីប៉េងហួត បឹងស្នោរ ខណ្ឌច្បារអំពៅ។ សាលានេះគឺជាការចូលហ៊ុនគ្នារវាងឧញ៉ា គិត ម៉េង និងឧញ៉ា ថៃ ជាហួត ម្ចាស់ក្រុមហ៊ុន បុរី ប៉េង ហួត។
ហើយសាលាមួយទៀត ដែលអនុវត្តិកម្មវិធីសិក្សា IB Curriculum អាចនឹងបើកឆ្នាំ២០១៧ ដែលមានទីតាំងនៅពោធិ៍ចិនតុង ដែលមានម្ចាស់សាលាជានាយកក្រុមហ៊ុន អ៊ែតវូដ (Atwood) គឹលោកជំទាវឧកញ៉ា លឹម ឈីវហូ។
សាលាទាំង៧នេះសុទ្ធតែទទួលសិស្សឲ្យចុះឈ្មោះចូលរៀន ភាគច្រើនជាកូនអ្នកមាននៅរាជធានីភ្នំពេញ ដោយថ្លៃសាលាតម្លៃរាប់ពាន់ ឬម៉ឺនដុល្លារ ក្នុង១ឆ្នាំៗ។ សិស្សដែលបញ្ចប់ការសិក្សានៅសាលាទាំងនេះអាចទៅសិក្សានៅសកលវិទ្យាល័យឯបរទេសបាន។
អត្ថប្រយោជន៍នៃកម្មវិធីសិក្សា IB សិស្សនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖
- ពួកគេនឹងត្រូវបានជំរុញឲ្យមានការគិតបែបឯករាជ្យ និងជាអ្នកកាច់ចង្កូតការរៀនសូត្ររបស់ពួកគេដោយខ្លួនឯង
- រួមចំណែកក្នុងកម្មវិធីសិក្សាដែលអាចឲ្យពួកគេចូលរៀនក្នុងសាកលវិទ្យាល័យកម្រិតនាំមុខជាច្រើនជុំវិញពិភពលោក
- យល់ដឹងច្រើនពីវប្បធម៌ផ្សេងៗ តាមរយៈការអភិវឌ្ឍជំនាញភាសាទីពីរ
- អាចមានលទ្ធភាពទំនាក់ទំនងជាមួយអ្នកដទៃ នៅក្នុងពិភពលោកដែលមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស និងការធ្វើសកលភាវូបនីយកម្មកាន់តែកើនឡើង
ប្រព័ន្ធសិក្សាអន្តរជាតិ IB (International Baccalaureate) ត្រូវបានសាលាជាង៤ពាន់ក្នុងចំណោមជាង៤០ប្រទេសលើសកលលោកដាក់ឲ្យអនុវត្ត។ ក្នុងនោះសហរដ្ឋអាមេរិកនាំមុខគេខាងអនុវត្តកម្មវិធីនេះ តាមពីក្រោយដោយកាណាដា និងអូស្ត្រាលី ចិន ឥណ្ឌា និងប្រទេសក្នុងតំបន់អឺរ៉ុប អាស៊ី ជាច្រើនទៀត៕