បើតាមម្ចាស់ អាជីវកម្មលក់ជ្រូកកណ្ដុរនៅភ្នំពេញ និងមានចិញ្ចឹមជ្រូកកណ្ដុរនៅមណ្ឌលគិរីដែរនោះ បានអះអាងថា នៅអំឡុងពេលកូវីដ-១៩ តម្រូវការជ្រូកកណ្ដុរខ្វៃ ឬអាំងកំពុងកើនឡើងកាន់តែខ្លាំងជាងឆ្នាំមុនៗ ប៉ុន្ដែ វានៅមិនទាន់មានការចិញ្ចឹមទ្រង់ទ្រាយធំនៅឡើយទេ។ ឥឡូវនេះ សូមទស្សនាសេចក្ដីរាយការណ៍ពិសេសដោយក្រុមការងារខេមបូណូមីសយើងដូចតទៅ។
ជ្រូកកកណ្ដុរ គឺជាប្រភេទសត្វជ្រូកម្យ៉ាង ដែលមានទំហំតូចជាងជ្រូកធម្មតា ហើយវាដំបូងឡើយត្រូវបានចិញ្ចឹមភាគច្រើនដោយជនជាតិដើមភាគតិច នៅក្នុងខេត្តមណ្ឌលគិរី។
បច្ចុប្បន្ន សត្វជ្រូកមាឌតូចល្អិតៗទាំងនេះ កំពុងមានការពេញនិយមទិញទទួលទានកាន់តែច្រើន ពិសេសអ្នកនៅរាជធានីភ្នំពេញ ដែលវានិងកំពុងជំរុញឲ្យការចិញ្ចឹមជ្រូកប្រភេទនេះ ក៏មានការកើនឡើងច្រើនជាងមុនដែរ ប៉ុន្ដែ វានៅតែជាការចិញ្ចឹមតាមលក្ខណៈគ្រួសារនៅឡើយទេ ពោលគឺមិនទាន់មានការចិញ្ចឹមបែបកសិដ្ឋានធំនោះឡើយ។
លោក អ៊ីង ឪរ៉ុម ម្ចាស់ហាងស្រុកស្រែ ដែលការមានចិញ្ចឹម និងប្រមូលទិញជ្រូកកណ្ដុរពីប្រជាកសិករនៅខេត្តមណ្ឌលគិរី បានប្រាប់ក្រុមការងារខេមបូណូមីសថា លោកបានប្រកបរបរចិញ្ចឹម និងលក់ជ្រូកកណ្ដុរនេះ ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៧មកម្ល៉េះ។ លោកបន្ថែមថា ទីផ្សារជ្រូកកណ្តុរពីមុនដំបូង គឺលក់សម្រាប់តែភ្ញៀវទេសចរដែលមកទស្សនានៅក្នុងខេត្តមណ្ឌលគិរីប៉ុណ្ណោះ។ ប៉ុន្តែ ឥឡូវនេះ រាជធានីភ្នំពេញ បានក្លាយជាទីផ្សារធំ ខណៈដែលនៅតាមបណ្ដាខេត្តនានា ក៏បានកម្ម៉ង់ទិញជាហូរហែរដែរ ដោយក្នុងនោះ ជ្រូកមួយក្បាលទម្ងន់ចាប់ពី ៥ ទៅ១២ គីឡូក្រាម អាចលក់បានក្នុងតម្លៃចាប់ពី ៥០ម៉ឺន ទៅដល់៨០ម៉ឺនរៀល។
បើតាមលោក អ៊ីង ឪរ៉ុម បន្ទាប់ពីមានតម្រូវការទីផ្សារច្រើន បច្ចុប្បន្ន ក្រៅពីខេត្តមណ្ឌលគិរី ក៏មានខេត្តមួយចំនួនទៀត កំពុងមានការចិញ្ចឹមជ្រូកកណ្ដុរនេះដែរ តួយ៉ាងដូចជានៅខេត្តក្រចេះជាដើម។ ម្ចាស់អាជីវកម្មលក់ជ្រូកកណ្ដុររូបនេះ អះអាងទៀតថា បច្ចុប្បន្ន លោកកំពុងប្រមូលទិញជ្រូកកណ្ដុរកាន់តែច្រើនបន្ថែមទៀត ដើម្បីមកផ្គត់ផ្គង់បន្ដនៅទីផ្សាររាជធានីភ្នំពេញផង ហើយក៏កំពុងពង្រីកការចិញ្ចឹមយកកូនលក់ផង សម្រាប់អ្នកដែលចង់បានពូជយកទៅចិញ្ចឹមបន្ដ។
ស្របពេលដែល តម្រូវការមានការកើនឡើងខ្លាំង ការប្រកួតប្រជែងទីផ្សារជ្រូកកណ្ដុរក៏កំពុងកើនឡើងដូចគ្នាដែរ។ ដោយអ្នកលក់ និងអ្នកចិញ្ចឹមជ្រូកកណ្ដុរ លើកឡើងថា បច្ចុប្បន្ននេះ មានបញ្ហាទីផ្សារខ្លះ ដោយសារតែ មានការនាំចូលប្រភេទជ្រូកកណ្ដុរនេះ ពីទីផ្សារប្រទេសជិតខាង ដែលធ្វើឲ្យជ្រូកកណ្ដុរក្នុងស្រុកហាក់មានជួបបញ្ហាតម្លៃតិចតួច ដ្បិតថា ជ្រូកនាំចូលមកទាំងនោះ គឺមានតម្លៃថោកជាងជ្រូកក្នុងស្រុក។
សូមបញ្ជាក់ថា ការចិញ្ចឹមជ្រូកកណ្ដុរនេះ ប្រជាកសិករមិនសូវចិញចិញ្ចឹមដាក់ទ្រុង ឬឲ្យចំណីគីមីឡើយ គឺប្រលែងតាមផ្ទះស៊ីចំណីបែបធម្មជាតិ ហើយវាក៏ធន់នឹងជម្ងឺរាតត្បាតផងដែរ។ សម្រាប់លក្ខណៈរបស់ជ្រូកកណ្ដុរនេះ គឺវាមានរសជាតិឆ្ងាញ់ មិនសូវមានខ្លាញ់ ដូចជ្រូកធម្មតានោះទេ។ ចំពោះមុខម្ហូបដែលគេនិយមចម្អិនរួមមាន៖ ជ្រូកខ្វៃ ឬអាំង អាំងអំពិលម្ទេសទាំងស្បែក ឆាក្តៅ សម្លរម្ជូរគ្រឿង និង ធ្វើម្ហូបផ្សេងទៀតបានតាមតម្រូវការ៕
អត្ថបទ៖ ហួន ស្រីនីត