លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក បានរិះគន់យ៉ាងខឹងសម្បារចំពោះរបាយការណ៏នៃការស៊ើបអង្កេត ដែលបានរកឃើញថា លោកបានគ្រប់គ្រងឯកសារសម្ងាត់កំពូលមិនល្អ ហើយបាននិយាយថា លោកកំពុងស្ថិតនៅក្នុងស្ថានភាពពិបាកក្នុងការរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិត។ ពាក់ព័ន្ធនឹងការអះអាងនេះ លោក បៃដិន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសន្និសីទកាសែតថា ការចងចាំរបស់លោកមិនអីនោះទេ។
ការរិះគន់បានកើតមានឡើងក្រោយពេលដែលរបាយការណ៍ស៊ើបអង្កេតមួយ បានរកឃើញថា លោក បៃដិន បានរក្សាទុក និងបង្ហាញដោយចេតនា នូវឯកសារដែលបានចាត់ថ្នាក់ថា ជាការសម្ងាត់ជាតិ ប៉ុន្តែបានសម្រេចចិត្តមិនចោទប្រកាន់លោក។ ពាក់ព័ន្ធនឹងបញ្ហានេះទីប្រឹក្សាពិសេសនៃក្រសួងយុត្តិធម៌ លោក រ៉ូបឺត ហ័រ( Robert Hur) បានអះអាងថា លោក បៃដិន បានត្រូវគេរកឃើញថា លោកបានរក្សាទុកឯកសារ ដែលទាក់ទងនឹងគោលនយោបាយយោធា និងកិច្ចការបរទេសនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីបានបម្រើការជាអនុប្រធានាធិបតី។
របាយការណ៍កម្រាស់៣៤៥ទំព័រ បាននិយាយថា ការចងចាំរបស់លោកប្រធានាធិបតីមាន ដែនកំណត់។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហ័រ បានជួបលោក បៃដិន ជាងប្រាំម៉ោង ហើយនៅក្នុងអំឡុងពេលជួបនោះ លោក បៃដិន ដែលមានវ័យ៨១ឆ្នាំ មិនអាចនឹកឃើញនូវព័ត៌មានមួយចំនួននៅពេលគាត់ធ្វើជាអនុប្រធានាធិបតីពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧ ឬសូម្បីតែក្នុងរយៈពេលជាច្រើនឆ្នាំនៅពេល ដែលកូនប្រុសរបស់លោកបានស្លាប់កាលពីឆ្នាំ២០១៥។
ពាក់ព័ន្ធនឹងការរិះគន់នេះ លោក បៃដិន បាននិយាយប្រាប់អ្នកសារព័ត៌មានដោយត្រង់ៗថា លោកត្រូវបានគេសូរនូវព័ត៌មានដែលលោកខ្លួនឯងមិនចងចាំ ហើយលោកមិនត្រូវការនរណា ម្នាក់មករំលឹកលោកអំពីរឿងទទួលមរណៈភាពរបស់កូនប្រុសលោកឡើយ។ នៅពេលនេះ បញ្ហាអាយុរបស់លោក បៃដិន គឺជាកង្វល់មួយដ៏សំខាន់នៅក្នុងការពិចារណារបស់ពលរដ្ឋអាម៉េរិក ខណៈដែលអាមេរិកគ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងខែវិច្ឆិកា ខាងមុខនេះ៕
លោក បៃដិន គឺជាប្រធានាធិបតីអាមេរិកទី៤៦ និងជាប្រធានាធិបតី ដែលមានវ័យចំណាស់ បំផុតនៅក្នុងបញ្ជីរដ្ឋបុរសអាមេរិកទាំង៤៦រូប។ លោក បានក្លាយជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ហើយលោកធ្លាប់ជាអនុប្រធានាធិបតីនៅក្នុងពេលដែល អាមេរិកដឹកនាំដោយលោក បារ៉ាក់ អូបាម៉ា ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០០៩ ដល់ថ្ងៃទី២០ ខែ មករា ឆ្នាំ២០១៧៕