
ការដាក់សម្ពោធជាផ្លូវការនូវក្រុមហ៊ុននេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោកជំទាវ យឹម ឆៃលីន ប្រធានក្រុមប្រឹក្សាប្រតិបត្តិ នៃក្រុមហ៊ុន MR Training & Jobs Center និងអ្នកឧកញ៉ា សៀ ឬទ្ធី អភិបាលនៃក្រុមហ៊ុន ព្រមទាំងប្រធានសមាគមធុរកិច្ច ម្ចាស់សហគ្រាស និងភ្ញៀវកិត្តិសយមកពីបណ្តាស្ថាប័នឯកជននានា។
ក្រុមហ៊ុន អិមអ ត្រេនីង &យ៉ប សេនធ័រ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃស្ថានភាពទីផ្សារការងារបច្ចុប្បន្ន ដែលស្ថិតក្នុងយុគសម័យឌីជីថល ក៏ដូចជាក្នុងបរិបទនៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលក្រុមហ៊ុនសហគ្រាស និងនិយោជកនានា កំពុងជួបប្រទះនូវបញ្ហាប្រឈមក្នុងការស្វែងរកបុគ្គលិក ដែលមានចំណេះជំនាញសមស្របឲ្យបំពេញការងារនៅតាមស្ថាប័ន សហគ្រាសរបស់ខ្លួន។
លោកជំទាវ ងួន សូនី នាយិកាគ្រប់គ្រងក្រុមហ៊ុន អិមអ ត្រេនីង &យ៉ប សេនធ័រ បានគូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនផ្តោតលើសក្តានុពលយុវជន ព្រោះតំណែងនិងការងារក្នុងកម្រិតដំបូងមានសារៈសំខាន់ណាស់ ដែលវាជាចំណុចចាប់ផ្តើមនៃបុគ្គលគ្រប់គ្នា។ ដូច្នេះការជ្រើសរើស និងបំប៉ន តាមរយៈការបណ្តុះបណ្តាល ពីតថភាពជាក់ស្តែងអំពីការងារពិតប្រាកដ ដល់យុវជនគឺរឹតតែសំខាន់ ទើបក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត។

ក្នុងឱកាសនោះដែរ លោកជំទាវ យឹម ឆៃលីន ប្រធានក្រុមប្រឹក្សាប្រតិបត្តិ នៃក្រុមហ៊ុន MR Training & Jobs Center បានគូសបញ្ជាក់ថា ក្រុមហ៊ុននឹងដើរតួនាទីក្នងការផ្សាភ្ជាប់យុវជនដែលមានចំណេះជំនាញ សមត្ថភាពវិជ្ជាជីវៈ ទៅនឹងទីផ្សារការងារដ៏សម្បូរបែបនាពេលបច្ចុប្បន្នតាមរយៈការផ្តល់ការបណ្តុះបណ្តាលតម្រង់ទិស និងការប្រឹក្សាការងារដល់យុវជន ជាពិសេសនិស្សិត ដែលទើបតែបញ្ចប់ការសិក្សាពីគ្រឹះស្ថានសិក្សានានា ដើម្បីឲ្យពួកគេទទួលបានចំណេះដឹងជាមូលដ្ឋានក្នុងការឈានទៅប្រកបអាជីពនាពេលអនាគត។

ជាមួយគ្នានេះ អ្នកឧកញ៉ា សៀ ឬទ្ធី អភិបាលក្រុមហ៊ុន MR Training & Jobs Center គូសបញ្ជាក់ថា កម្ពុជាមានប្រជាជនស្ថិតក្នុងវ័យក្មេងច្រើន ហើយសុទ្ធសឹងតែមានឆន្ទៈ ក្នុងការកសាងជីវភាពរស់នៅ និងរួមចំណែកកសាងប្រទេសជាតិឱ្យកាន់តែប្រសើរឡើង។ ប៉ុន្តែយុវជននៅខ្វះកត្តាជំរុញ ដើម្បីអាចក្លាយជាធនធានមនុស្សប្រកបដោយទេពកោសល្យ ផ្សាភ្ជាប់ជាមួយនឹងការងារ។ ក្រុមហ៊ុននឹងដោះស្រាយបញ្ហាគម្លាតនេះនៅក្នុងទីផ្សារកម្ពុជា តាមរយៈការបណ្តុះបណ្តាលផ្នែកធនធាន ចំណេះដឹងវិជ្ជាជីវៈបន្ថែមដល់យុវជន។

សូមបញ្ជាក់ថា បេសកកម្មស្នូលរបស់អិមអ ត្រេនីង &យ៉ប សេនធ័រ រួមមាន៖ លើកកំពស់ស្តង់ដារនៃសមត្ថភាពដោយផ្តល់នូវកម្មវិធីបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការអាជីវកម្មដែលកំពុងកើនឡើង។ ផ្សារភ្ជាប់យុវជនដែលមានចំណេះជំនាញ សមត្ថភាពវិជ្ជាជីវៈ ទៅនឹងទីផ្សារការងារដ៏សម្បូរបែបនាពេលបច្ចុប្បន្ន៕

