ក្រោយពីការលុបចោលការលើកលែងនេះ ក្រុមហ៊ុនបរទេសដែលវិនិយោគ រកស៊ីនៅមីយ៉ាន់ម៉ា ត្រូវតែយកលុយបរទេសរបស់ពួកគេ មកប្ដូរជាលុយគីយ៉ាតរបស់មីយ៉ាន់ម៉ាវិញ ដោយវិធានការនេះ គឺធ្វើឡើងនៅចំពេលដែលសេដ្ឋកិច្ចប្រទេសដ៏កំពុងមានស្ថានភាពនយោបាយវឹកវរមួយនេះ កំពុងរកកលធ្លាក់ចូលក្នុងវិបត្តិ ដោយសារតែខ្វះខាតរូបិយវត្ថុអន្តរជាតិ។
ធនាគារកណ្តាលនៃប្រទេសមីយ៉ាន់ម៉ាកាលពីខែមេសាបានណែនាំឱ្យគ្រប់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ត្រូវបំប្លែងរូបិយបណ្ណបរទេសដែលទទួលបានពីអតិថិជនឱ្យទៅជាប្រាក់គីយ៉ាតមីយ៉ាន់ម៉ា។ រាល់ប្រាក់បញ្ញើរូបិយប័ណ្ណបរទេសដែលមានស្រាប់ហើយក៏ត្រូវតែបំប្លែងឱ្យទៅជាប្រាក់ក្យាតជាដំណាក់កាលៗផងដែរ។
នៅពាក់កណ្តាលខែមិថុនា ធនាគារកណ្ដាលមីយ៉ាន់ម៉ា ក៏បានចេញសេចក្តីជូនដំណឹងមួយថា ដោយមានការលើកលែងឲ្យក្រុមហ៊ុន ដែលមានចំណែកភាគហ៊ុនពីស្ថាប័នក្រៅប្រទេស ១០% ឬក៏ច្រើនជាងនេះ គឺមិនតម្រូវឲ្យប្ដូររូបិយបណ្ណបរទេស មកជារូបិយបណ្ណគីយ៉ាតរបស់មីយ៉ាន់ម៉ានោះទេ។ ប៉ុន្ដែ ឥឡូវនេះធនាគារកណ្ដាល បានលុបចោលការលើកលែងនេះវិញហើយ តាមរយៈសេចក្តីជូនដំណឹងដែលទើបតែចេញផ្សាយកាលពីពេលថ្មីៗនេះ។
ប៉ុន្តែក្រុមហ៊ុនវិនិយោគដែលត្រូវបានអនុម័តដោយគណៈកម្មការវិនិយោគមីយ៉ាន់ម៉ា ក៏ដូចជាក្រុមហ៊ុនដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសនេះ គឺត្រូវគេរំពឹងថានឹងមិនត្រូវបានលុបចោលការលើកលែងនេះនោះឡើយ។
ច្បាប់នៃការប្តូររូបិយបណ្ណបរទេសនេះ បានកើតឡើងនៅពេលដែលប្រទេសមីយ៉ាន់ម៉ាកំពុងតែជួបការខ្វះខាតយ៉ាងខ្លាំងនៃរូបិយបណ្ណបរទេសបន្ទាប់ពីរបបយោធាបានឡើងកាន់កាប់ប្រទេសមីយ៉ាន់ម៉ា ដោយរដ្ឋប្រហារយោធាទម្លាក់មេដឹកនាំប្រជាធិបតេយ្យលោកស្រី អ៊ុង សាងស៊ូជី នៅក្នុងខែកុម្ភៈឆ្នាំ២០២១។
រដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការត្រួតពិនិត្យការប្តូរប្រាក់បរទេសនៅក្នុងខែមេសា ដែលឥឡូវនេះគណៈកម្មការនេះ មានតួនាទីមើលការគ្រប់គ្រងការប្ដូរពីប្រាក់គីយ៉ាតមីយ៉ាន់ម៉ាទៅជារូបិយប័ណ្ណបរទេស ឬក៏ជាការផ្ទេរប្រាក់ទៅក្រៅប្រទេស។
រូបិយបណ្ណបរទេស ដែលប្រមូលបានមកពីវិធានការតម្រូវឲ្យក្រុមហ៊ុនបរទេសប្ដូរប្រាក់មកជាប្រាក់ជាតិមីយ៉ាន់ម៉ានេះ រដ្ឋាភិបាលនឹងយកទៅប្រើប្រាស់ ដើម្បីសងបំណុលបរទេស ព្រោះវាជាបញ្ហាអាទិភាពជាទីបំផុតរបស់របបយោធាមីយ៉ាន់ម៉ានាពេលនេះ។
រូបិយបណ្ណរបស់មីយ៉ាន់ម៉ាក៏កំពុងតែធ្លាក់ចុះខ្លាំងដែរបច្ចុប្បន្ននេះ ហើយទោះបីជាធនាគារកណ្តាលបានកំណត់អត្រាប្តូរប្រាក់ផ្លូវការនៅត្រឹម ១ ៨៥០ គីយ៉ាតក្នុង១ដុល្លារអាមេរិកកាលពីខែមេសាក៏ដោយ ប៉ុន្តែ អត្រាប្ដូរប្រាក់បច្ចុប្បន្ននេះ គឺមានប្រហែល ២ ១៩០ គីយ៉ាតនៅក្នុង១ដុល្លារដែលជាការប្រែប្រួលយ៉ាងខ្លាំងពី អត្រាប្ដូរប្រាក់នៅមុនពេលរបបយោធាឡើងគ្រប់គ្រង ដែលមានត្រឹមតែប្រហែល ១ ៣៣០ គីយ៉ាតក្នុង១ដុល្លារតែប៉ុណ្ណោះ៕
អត្ថបទ៖ សុខ ជា