អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun រៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការយោធាពីទីក្រុងម៉ូស្គូ គឺបានធ្វើឡើងដោយសមហេតុសមផលដើម្បីស្ថិរភាពនៃអធិបតេយ្យជាតិរបស់ប្រទេសរុស្ស៊ី។
ដោយមានសរសេរជាភាសារុស្ស៊ីផងនោះ សេចក្តីថ្លែងការណ៍ដដែលបន្តថា៖ «រុស្ស៊ីធ្វើបែបនេះ បានបង្ហាញយ៉ាងច្បាស់ទៅកាន់ពិភពលោកពីឋានៈរបស់ខ្លួនក្នុងនាមជាមហាអំណាចពិភពលោក»។
យ៉ាងណាក៏ដោយ ប្រតិបត្តិការឈ្លានពានតាំងតែពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ទី២៤កុម្ភៈ ពីសំណាកកងទ័ព កងរថក្រោះ អមដោយការវាយប្រហារតាមអាកាសទៅលើទីក្រុងនានារបស់អ៊ុយក្រែន បានបង្កឱ្យមានការខឹងសម្បារនៅទូទាំងពិភពលោក ខណៈដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានឆ្លើយតបជាមួយនឹងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់។
គួរជម្រាបថា ប្រទេសរុស្ស៊ីជាសម្ព័ន្ធមិត្ត និងទំនងជាខ្នងបង្អែកមួយខ្វះមិនបាន ព្រមទាំងជាអ្នកផ្គត់ផ្គង់អាវុធ ដ៏សំខាន់ផងដែររបស់យោធាមីយ៉ាន់ម៉ា។ ម៉ូស្កូជារឿយៗតែងបង្ហាញជំហរការពារមីយ៉ាន់ម៉ា ពីការដាក់ទណ្ឌកម្មនានារបស់បស្ចឹមប្រទេស មិនថានៅអង្គការសហប្រជាជាតិ ឬក្រុមប្រឹក្សាសន្តិសុខក្តី។
គួររំឭកថាដែរថា កាលពីឆ្នាំមុនប្រមុខដឹកនាំសឹកមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានស្ងាត់ទៅជួបសមភាគីរុស្ស៊ីដល់ម៉ូស្កូ ដើម្បីជជែកពីកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីថែមទៀត។
សូមបញ្ជាក់ថា អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ាទើបបានបញ្ចេញរបាយការណ៍ថ្មីមួយបង្ហាញថា រុស្ស៊ី និងចិន បាននិងកំពុងផ្តល់ឲ្យរបបសឹកមីយ៉ាន់ម៉ា នូវយន្តហោះចម្បាំងនិងសព្វាវុធជាច្រើនទៀត ដែលត្រូវបានគេយកមកប្រើប្រាស់សម្រាប់ការវាយប្រហារលើជនស៊ីវិលភូមា ចាប់តាំងពីក្រោយរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំមុនមក៕