វិបត្តិសង្គ្រាមនៅអ៊ុយក្រែន

តើវិបត្តិសង្គ្រាមនៅអ៊ុយក្រែន កំពុងបង្កភាពអាប់អួដល់កំណើនសកម្មភាពរោងចក្រនៅអាស៊ីយ៉ាងណាខ្លះ?


តើវិបត្តិសង្គ្រាមនៅអ៊ុយក្រែន កំពុងបង្កភាពអាប់អួដល់កំណើនសកម្មភាពរោងចក្រនៅអាស៊ីយ៉ាងណាខ្លះ? សកម្មភាពរោងចក្រនៅអាស៊ី បានរក្សាការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងខែកុម្ភៈ ចំពេលដែលសញ្ញានៃមេរោគកូវីដ១៩ បានបង្ហាញពីផលប៉ះពាល់ទៅលើអាជីវកម្មកាន់តែតិចទៅៗ ក៏ប៉ុន្ដែ ក្រោយពេលវិបត្តិសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើងនៅចុងខែកុម្ភៈ វាក៏បានបង្កជាហានិភ័យមួយដ៏ធំថ្មីទៀត ដែលអាចនឹងរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងដាក់សម្ពាធកាន់តែខ្លាំងទៅលើការចំណាយថ្លៃដើមសម្រាប់ការផលិត។
បណ្តារោងចក្រឧស្សាហកម្មនៅប្រទេសក្នុងតំបន់អាស៊ី បាននិងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសចាប់ពីអំឡុងខែកក្កដា ថ្មីៗកន្លងមកនេះ

ប្រការនេះ កំពុងក្លាយជាភាពអាប់អួសម្រាប់វិស័យផលិត ក៏ដូចជារោងចក្រនៅអាស៊ីនៅពេលខាងមុខផងដែរ ពិសេសប្រសិនបើសង្គ្រាមអូសន្លាយយូរ និងរីករាលដាលកាន់តែធំនៅក្នុងតំបន់អឺរ៉ុប។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

 

ការដាក់ទណ្ឌកម្មអន្តរជាតិយ៉ាងខ្លាំងក្លាប្រឆាំងនឹងរុស្ស៊ី នៅក្នុងការឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែននោះ បានធ្វើឲ្យទីផ្សារមានការរង្គោះរង្គើ និងជំរុញឲ្យតម្លៃប្រេងឆៅពិភពលោកហក់ឡើងថ្លៃកាន់តែខ្ពស់ដែរ ហើយវាបានបង្កឲ្យមានបញ្ហាការឈឺក្បាលបន្ថែមទៀត សម្រាប់សេដ្ឋកិច្ចអាស៊ី និងធុរកិច្ចដែលកំពុងតែមានថ្លៃដើមផលិតកើនឡើងខ្ពស់ស្រាប់រួចទៅហើយនោះ។

ទោះបីយ៉ាងណាក៏ដោយ សម្រាប់សូចនាកររោងចក្រផលិតនៅក្នុងប្រទេសចិន ទាំងវិស័យរដ្ឋ និងឯកជន នៅតែបង្ហាញពីសកម្មភាពពង្រីកខ្លួន ដែលវាចង្អុលបង្ហាញឲ្យឃើញពីភាពធន់ នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសមហាយក្សសេដ្ឋកិច្ចលំដាប់ទី២ក្នុងលោកមួយនេះ បើទោះបីជាមានការរងសម្ពាធលើថ្លៃដើមផលិតក៏ដោយ។ នេះបើតាមការគូសបញ្ជាក់ដោយសារព័ត៌មានរ៉យទ័រ។

សកម្មភាពរោងចក្រផលិតរបស់ចិនមានការពង្រីកខ្លួន នៅម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន ដោយសារតែប្រទេសទាំងបីនេះ ទើបតែបានបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ បើទោះបីជា មេរោគកូវីដ១៩ អូមីក្រុងនៅបន្ដឆ្លងរាលដាលក្ដី។

ប៉ុន្ដែ សម្រាប់សកម្មភាពរោងចក្រនៅជប៉ុនឯណោះវិញ វាហាក់បីដូចជាមានកំណើនយឺត នៅក្នុងខែកុម្ភៈកន្លងទៅនេះ ដោយសារតែការបន្ដដាក់ចេញនូវវិធានការទប់ស្កាត់កូវីដ១៩ និង ការកើនឡើងនៃថ្លៃដើមផលិត។

ដោយឡែក សកម្មភាពពង្រីកការផលិតនៅតៃវ៉ាន់ និង ឥណ្ឌូនេស៊ី ឯណោះវិញលោកអ្នកនាង ក៏ហាក់ដូចជាមានកំណើនយឺតផងដែរ ដែលជាសញ្ញាមួយបង្ហាញពីផលប៉ះពាល់ដែលបានបង្កឡើងដោយកូវីដ១៩ រីករាលដាល ធ្វើឲ្យរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់។

ការស្ទង់មតិរបស់រ៉យទ័របង្ហាញថា ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់អាស៊ីនៅតែមានភាពផុយស្រួយនៅឡើយ ហើយការស្ទង់មតិនេះ គឺធ្វើឡើងតាំងពីមិនទាន់មានវិបត្តិសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងឯណោះ។ ដូច្នេះ ស្របពេលដែលវិបត្តិសង្គ្រាមផ្ទុះឡើង និងមានការរីករាលដាល និងអូសបន្លាយកាន់តែយូរ នោះផលប៉ះពាល់មកលើសេដ្ឋកិច្ចអាស៊ី ក៏ដូចជាពិភពលោកក៏អាចនឹងមានកាន់តែធ្ងន់ធ្ងរដែរ។

សូមបញ្ជាក់ថា ថ្មីៗនេះ ប្រធានធនាពិភពលោក និង ប្រធានអង្គការមូលធិនិរូបិយវត្ថុអន្តរជាតិ បានចេញមុខមកព្រមានថា វិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច ទៅលើរុស្ស៊ី វាកំពុងធ្វើឲ្យប៉ះពាល់ការងើបឡើងនៃសេដ្ឋកិច្ចរបស់ពិភពលោក ហើយស្ថាប័នអន្តរជាតិធំៗទាំងពីរនេះ កំពុងតាមដានយ៉ាងដិតដល់ និងវាយតម្លៃបន្ដទៀតអំពីផលប៉ះពាល់មកពីបញ្ហាធំៗទាំងនេះ មកលើសេដ្ឋកិច្ចពិភពលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាសន្និបាតអង្គការសហប្រជាជាតិទាំង១៩៣ប្រទេសនឹងបោះឆ្នោតដាក់រុស្ស៊ីឲ្យនៅឯកោជុំវិញការឈ្លានពានអ៊ុយក្រែន

ព័ត៌មាន
មហាសន្និបាតអង្គការសហប្រជាជាតិដែលមានទាំងអស់១៩៣ប្រទេស បានចាប់ផ្តើមកិច្ចប្រជុំពិសេសបន្ទាន់មួយ ដើម្បីពិភាក្សាស្តីពីវិបត្តិនៅអ៊ុយក្រែនកាលពីថ្ងៃ…

សហភាពអឺរ៉ុបគ្រោងនឹងបើកកិច្ចប្រជុំកំពូលជាមួយប្រទេសចិននៅដើមខែមេសា ដើម្បីដោះស្រាយភាពតានតឹងរវាងប្រទេសទាំងពីរ

ព័ត៌មាន
សហភាពអឺរ៉ុបនឹងបើកកិច្ចប្រជុំកំពូលជាមួយប្រទេសចិននៅថ្ងៃទី ០១ ខែមេសា ក្នុងគោលដៅ ដើម្បីដោះស្រាយភាពតានតឹងដែលកំពុងកើនឡើងរវាងប្រទេសទាំងពីរ។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ