អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាយល់ឃើញថា ការប្រើប្រាស់ប្រាក់រៀលមិនត្រឹមតែជួយលើកកម្ពស់រូបិយប័ណ្ណជាតិប៉ុណ្ណោះទេ ថែមទាំងអាចជួយជំរុញកំណើនសេដ្ឋកិច្ច និងជួយរក្សាលំនឹងសេដ្ឋកិច្ចជាតិផងដែរ ខណៈការប្រើប្រាស់រូបិយប័ណ្ណបរទេសច្រើនពេកអាចនឹងបង្កផលប៉ះពាល់នាពេលខាងមុខ។ ដើម្បីចូលរួមលើកកម្ពស់ប្រាក់រៀល អ្នកជំនាញរូបនេះ ស្នើស្ថាប័នមានសមត្ថកិច្ចគួរតម្រូវឱ្យស្ថាប័នទាំងរដ្ឋ និងឯកជនបើកប្រាក់បៀវត្សរ៍ជាប្រាក់រៀល ឬអាចជាប្រាក់រៀលខ្លះ និងប្រាក់ដុល្លារខ្លះ។
អ្នកឧកញ៉ា លឹម ហេង ជឿជាក់ថា តាមរយៈប្រព័ន្ធទូទាត់ KHQR កូដថ្មីដែលអាចស្គែនទាំងគណនីប្រាក់រៀល និងប្រាក់ដុល្លារ ដែលធនាគារជាតិនឹងដាក់ឱ្យអនុវត្តនាពេលខាងមុខ វានឹងជួយធ្វើឱ្យការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក កាន់តែមានភាពងាយស្រួលបន្ថែមទៀត ពិសេសវានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។
ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានគាំទ្រចំពោះចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា និងអំពាវនាវដល់ពលរដ្ឋខ្មែរចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែច្រើន។
បើតាមមេផ្សារហ៊ុនរូបនេះ ការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារ ហើយងាកមកបង្កើនការប្រើប្រាស់ប្រាក់រៀលវានឹងជួយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាទទួលផលចំណេញកាន់តែច្រើន។ ការប្រើប្រាស់ប្រាក់រៀលនៅមានកម្រិត ត្រូវបានមន្រ្តីជាន់ខ្ពស់រូបនេះលើកឡើងថា ក៏ដោយសារតែការឆ្លងកាត់រឿងរ៉ាវមិនល្អពីអតីតកាលជាហេតុធ្វើឱ្យអ្នកប្រើប្រាស់មានទំនុកចិត្តទាប។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់រៀលរបស់កម្ពុជាស្ថិតក្នុងរូបិយប័ណ្ណដែលអាចមានស្ថិរភាពជាងគេនៅលើពិភពលោក។ អ្នកជំនាញហិរញ្ញវត្ថុរូបនេះជឿជាក់ថា វិធានការរបស់ធនាគារជាតិនៃកម្ពុជា វានឹងក្លាយជាយន្តការមួយដ៏សំខាន់ក្នុងការលើកកម្ពស់រូបិយប័ណ្ណជាតិ។
សូមបញ្ជាក់ថា ធនាគាជាតិនៃកម្ពុជាគ្រោងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់ KHQR កូដថ្មីមួយ ដែលជាការរួមបញ្ចូលគ្នារវាងប្រព័ន្ធ QR Code ប្រាក់រៀល និងប្រព័ន្ធ QR Code ប្រាក់ដុល្លារ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជន និងភ្ញៀវទេសចរបរទេសក្នុងការប្រតិបត្តិការទូទាត់ប្រាក់ ក៏ដូចជាលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា បានណែនាំដល់គ្រឹះស្ថានហិរញ្ញវត្ថុនានាឱ្យបើកកុងធនាគារជូនអតិថិជនជាប្រាក់រៀលដោយមិនគិតថ្លៃសេវា និងត្រូវផ្តល់ជម្រើសគ្រប់អតិថិជនទាំងអស់មានលទ្ធភាពទូទាត់សងប្រាក់ជាប្រាក់រៀល៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ