ហើយថ្មីនេះដែរ ថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសសហភាពអឺរ៉ុប ដូចជា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងអង់គ្លេសជាដើម ក៏ទើបតែបានធ្វើដំណើរទស្សនកិច្ចដោយផ្ទាល់នៅទីក្រុងកៀវផងដែរ ដែលវាជាការបង្ហាញឲ្យទីក្រុងម៉ូស្គូឃើញកាន់តែច្បាស់សហភាពអឺរ៉ុបនៅតែធ្វើជាខ្នងបង្អែកធំសម្រាប់អ៊ុយក្រែន។ នេះបើតាមសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អគ្គលេខាធិការអង្គការណាតូលោក ជេន ស្តូលថិនប៊ឺក (Jens Stoltenberg) ត្រូវបានកាសែត Bild am Sonntag របស់ប្រទេសអាល្លឺម៉ង់ស្រង់សម្តីដោយនិយាយថា ការផ្គត់ផ្គង់អាវុធទំនើបដល់កងទ័ពអ៊ុយក្រែននឹងបង្កើនឱកាសរំដោះតំបន់ Donbas នៅភាគខាងកើតអ៊ុយក្រែនចេញពីការគ្រប់គ្រងរបស់រុស្ស៊ី។
លោក ស្តូលថិនប៊ឺក បាននិយាយថា ពួកគេត្រូវតែរៀបចំសម្រាប់ការពិតដែលថាវាអាចចំណាយពេលជាច្រើនឆ្នាំ។ ពួកគេមិនត្រូវបោះបង់ចោលការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែននោះឡើយ សូម្បីបើត្រូវចំណាយច្រើនដោយសារតែការកើនឡើងនៃថាមពល និងតម្លៃស្បៀងអាហារយ៉ាងណាក៏ដោយ។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ដែលបានទៅធ្វើទស្សនកិច្ចនៅទីក្រុងកៀវកាលពីថ្ងៃទី ១៧មិថុនា បានធ្វើអត្ថាធិប្បាយស្រដៀងគ្នានេះដែរ ពីតម្រូវការត្រៀមខ្លួនសម្រាប់សង្រ្គាមរយៈពេលយូរនៅអ៊ុយក្រែន។ នេះបើយោងាតាមការរាយការណ៍របស់កាសែត Sunday Times នៅទីក្រុងឡុងដ៍។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍លោក ចនសុន បានសង្កត់ធ្ងន់ចំពោះសម្ព័ន្ធមិត្តគឺ«មិនត្រូវនឿយណាយចំពោះអ៊ុយក្រែន និងត្រូវបង្កើនល្បឿនដាក់សម្ពាធលើកម្លាំងរុស្ស៊ី»ដើម្បីបង្ហាញពលរដ្ឋអ៊ុយក្រែនថា អឺរ៉ុបនៅទីនោះ ដើម្បីគាំទ្រពួកគេសម្រាប់រយៈពេលយូរអង្វែង។
ក្នុងបទសម្ភាសន៍ជាមួយកាសែត Sunday Times លោក ចនសុន បាននិយាយថា ទង្វើនេះគឺចង់បង្ហាញពីការធានាថា អ៊ុយក្រែននឹងមាន ឬទទួលបានយ៉ាងរហ័សនូវសព្វាវុធ ឧបករណ៍យោធា គ្រាប់រំសេវ និងការបណ្ដុះបណ្ដាលកាន់តែខ្លាំងក្លា។
លោក ចនសុន បាននិយាយថា «ពេលវេលាគឺជាកត្តាសំខាន់ ហើយអ្វីគ្រប់យ៉ាងគឺអាស្រ័យលើថាតើអ៊ុយក្រែនអាចពង្រឹងសមត្ថភាពការពារទឹកដីរបស់ខ្លួនបានលឿនជាងប្រទេសរុស្ស៊ីដែលអាចបង្កើនសមត្ថភាពជាថ្មីក្នុងវាយប្រហារភ្លាមៗបានដែរ ឬយ៉ាងណា។
ប្រទេសអ៊ុយក្រែនបានទទួលការជំរុញដ៏សំខាន់មួយកាលពីថ្ងៃទី១៧មិថុនា ពេលដែលគណៈកម្មការអឺរ៉ុបបានផ្តល់អនុសាសន៍ថា អ៊ុយក្រែនគួរតែទទួលបានឋានៈជាបេក្ខជនសហភាពអឺរ៉ុបជាអ្វីដែលប្រទេសសហភាពអឺរ៉ុបត្រូវគេរំពឹងថា នឹងគាំទ្រក្នុងកិច្ចប្រជុំកំពូលមួយក្នុងសប្តាហ៍នេះ។
ស្របពេលដែល សហភាពអឺរ៉ុបបង្ហាញពីជំហររឹងមាំគាំទ្រទីក្រុងកៀវនោះ ទីក្រុងម៉ូស្គូបានបង្កើនការវាយប្រហារកាន់តែខ្លាំងក្លា ទៅលើគោលដៅសមរភូមិមួយចំនួននៅប្រទេសអ៊ុយក្រែនដែលវាហាក់ដូចជាចង់ឆ្លើយតបទៅនឹងកម្លាំងគាំទ្ររបស់សហភាពអឺរ៉ុបសម្រាប់ប្រទេសអ៊ុយក្រែនដូច្នោះដែរ ពោលគឺបើអឺរ៉ុបគាំទ្រអ៊ុយក្រែនកាន់តែខ្លាំង រុស្ស៊ីនឹងបង្កើនការវាយប្រហាររបស់ខ្លួនកាន់តែចាស់ដៃផងដែរ។
យោធាអ៊ុយក្រែនបាននិយាយថា ទីក្រុងស៊ីវីយែរ៉ូដូណេត (Sievierodonetsk) ជាគោលដៅសំខាន់មួយនៅក្នុងការវាយលុករបស់ទីក្រុងម៉ូស្គូ ដើម្បីគ្រប់គ្រងបានពេញលេញនូវទីក្រុងលូហាននៅភាគខាងកើតអ៊ុយក្រែននោះ បានរងការបាញ់ប្រហារម្ដងទៀតដោយកាំភ្លើងធំ និងគ្រាប់រ៉ុក្កែតនៅពេលកងកម្លាំងរុស្ស៊ីបានវាយប្រហារតំបន់ខាងក្រៅទីក្រុងឧស្សាហកម្មនេះ។
បុគ្គលិកទូទៅរបស់កងទ័ពអ៊ុយក្រែនបានសារភាពថា កងកម្លាំងរបស់ពួកគេបានរងការបរាជ័យផ្នែកយោធានៅក្នុងការឈរជើងនៅតំបន់ ម៉េតូលគីណេ (Metolkine) នៅភាគអាគ្នេយ៍នៃទីក្រុង Sievierodonetsk៕
អត្ថបទ៖ សុខ ជា