ណាតូផ្ដើមផែនការដាក់ពង្រាយកងទ័ពនៅអឺរ៉ុបខាងកើតបន្ថែមទៀត

វិបត្តិសង្គ្រាមនៅអ៊ុយក្រែន៖ អង្គការណាតូនឹងចាប់ផ្ដើមផែនការដាក់ពង្រាយកងទ័ពថែមទៀតនៅអឺរ៉ុបខាងកើត


មន្ត្រីជាន់ខ្ពស់ និងអ្នកការទូតបាននិយាយថា អង្គការណាតូនឹងប្រាប់ឱ្យមេបញ្ជាការយោធារបស់ខ្លួននៅថ្ងៃពុធនេះ ដើម្បីរៀបចំផែនការសម្រាប់មធ្យោបាយថ្មីក្នុងការរារាំងរុស្ស៊ី បន្ទាប់ពីមានការលុកលុយរបស់រដ្ឋាភិបាលក្រុងមូស្គូទៅលើអ៊ុយក្រែន។

ជាមួយ​គ្នា​នោះ អង្គការ​ណា​តូ នឹង​បញ្ជូន​កងទ័ព និង ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​កាន់តែ​ច្រើន​បន្ថែម​ទៀត​ទៅ​កាន់​តំបន់​អឺរ៉ុប​ខាងកើត ដើម្បី​ត្រៀមខ្លួន​ជា​មុន ប្រសិនបើ​សង្គ្រាម​ឈ្លានពាន​រុ​ស្ស៊ី រាលដាល​ហួស​អ៊ុយ​ក្រែ​ន ខណៈ​ដែល​ថ្មី​ៗ​នេះ រុ​ស្ស៊ី​ក៏​បាន​បាញ់​ផ្លោង​កាន់តែ​ខ្លាំងក្លា​ទៅ​លើ​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន ក៏​ដូច​ជា​ក្បែរ​ព្រំដែន​ប្រទេស​ប៉ូ​ឡូញ​ជាដើម​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ជា​សមាជិក​អង្គការ​ណា​តូ នឹង​ត្រូវ​ធ្វើការ​ប្រឹក្សា​យោបល់​ផ្នែក​យោធា​នៅ​ទីស្នាក់ការ​អង្គការ​ណា​តូ នៅ​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​នេះ ពោល​គឺ​នៅ​រយៈពេល​តែ​ជាង​មួ​យស​ប្តា​ហ៍​ប៉ុណ្ណោះ មុន​ពេល​មេដឹកនាំ​សម្ព័ន្ធមិត្ត​រួម​ទាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden នឹង​ត្រូវ​ជួបជុំ​គ្នា​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ប្រទេស​បែ​ល​ហ្ស៊ិ​ក​នៅ​ថ្ងៃ​ទី​២៤ ខែមីនា​ខាង​មុខ​នេះ​។

ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំងនេះ ក៏​នឹង​បាន​ស្ដាប់​ការ​លើក​ឡើង​ពី​សម​ភាគី​អ៊ុយ​ក្រែ​ន គឺ​លោក អូ​ឡិ​ក​ស៊ី រ៉េ​ស​នី​កូវ (Oleksii Reznikov)  ដែល​គេ​រំពឹង​ថា នៅ​ក្នុង​កិច្ចប្រជុំ​នោះ លោក រ៉េ​ស​នី​កូវ នឹង​ស្នើ​សុំ​អាវុធ​បន្ថែម​ទៀត ពី​ប្រទេស​សមាជិក​អង្គការ​ណា​តូ ខណៈ​ដែល​រុ​ស្ស៊ី​បន្ត​វាយប្រហារ​ទៅ​លើ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន ហើយ​យោធា​រុ​ស្ស៊ី​កំពុង​ខំប្រឹង​គ្រប់គ្រង​ដណ្ដើម​យក​ទីក្រុង កៀវ​របស់​អ៊ុយ​ក្រែ​ន​យ៉ាង​ស្វិតស្វាញ​។

លោក ជេន ស្តូ​ល​ថិ​ន​ប៊ឺ​ក (Jens Stoltenberg) អគ្គលេខាធិការ​អង្គការ​ណា​តូ​បាន​និយាយ​ថា ពួក​គេ​ត្រូវ​កំណត់​ឡើង​វិញ​នូវ​ឥរិយាបថ​យោធា​របស់​ខ្លួន​សម្រាប់​ការ​ពិត​ថ្មី​នេះ ដោយ​បាន​បន្ថែម​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​សមាជិក​ណា​តូ នឹង​ចាប់ផ្តើម​ការ​ពិភាក្សា​ដ៏​សំខាន់​មួយ​ស្តី​ពី​វិធានការ​ជាក់ស្តែង ដើម្បី​ពង្រឹង​សន្តិសុខ​របស់​ខ្លួន​សម្រាប់​រយៈពេល​វែង​ជាង​នេះ នៅ​ក្នុង​គ្រប់​វិស័យ​ទាំងអស់​។

ខណៈ​ពេល​ដែល​សម្ព័ន្ធមិត្ត​អង្គការ​ណា​តូ​ធំ​ៗ​បំផុត​ចំនួន​១០ រួម​មាន សហរដ្ឋអាមេរិក អង់គ្លេស និង​បារាំង​ជាដើម​បាន​ដាក់​ពង្រាយ​ទាហាន នាវា និង​យន្តហោះ​ចម្បាំង​បន្ថែម​ទៀត​ទៅ​កាន់​តំបន់​អឺរ៉ុប​ខាងកើត និង​ដាក់​កងទ័ព​ប្រចាំការ​បន្ថែម​ទៀត សម្ព័ន្ធមិត្ត​ទាំងអស់​ក៏​ត្រូវ​តែ​ពិចារណា​ពី​របៀប​ប្រឈម​មុខ​នឹង​ស្ថានភាព​សន្តិសុខ​ថ្មី​នៅ​អឺរ៉ុប​ក្នុង​រយៈពេល​មធ្យម​ផង​ដែរ​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន បាន​ដាក់​កងកម្លាំង​នុយក្លេអ៊ែរ​របស់​ខ្លួន​ឱ្យ​ប្រុង​ជើងការ​ខ្ពស់ ហើយ​មី​ស៊ី​ល​របស់​រុ​ស្ស៊ី​បាន​វាយប្រហារ​មូលដ្ឋាន​អ៊ុយ​ក្រែ​ន​នៅ​ជិត​ព្រំដែន​ប្រទេស​ប៉ូ​ឡូញ ដែល​ជា​សមាជិក​ណា​តូ​កាលពី​ថ្ងៃ​ទី​១៣ ខែមីនា ដែល​ជា​ការ​ឈ្លានពាន​មួយ​ជិត​ដល់​មាត់ទ្វារ​របស់​អង្គការ​ណា​តូ​។

ជុំវិញ​សង្គ្រាម​ដែល​កំពុង​ឆាបឆេះ​នៅ​អ៊ុយ​ក្រែ​ន​នេះ លោក ចា​រ៉ូ​ស្លេវ កា​ស៊ី​ន​ស្គី មេដឹកនាំ​គណបក្ស​កំពុង​កាន់​អំណាច​នៅ​ប្រទេស​ប៉ូ​ឡូញ និង​មេដឹកនាំ​ប្រទេស​ស្លូ​វ៉ា​គី និង​សាធារណរដ្ឋ​ឆេ​កបាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ដោយ​ពួក​គេ​បាន​ស្នើ​សុំ​ឱ្យ​មាន​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ក្រោយ​ពី​បាន​ជួប​មេដឹកនាំ​អ៊ុយ​ក្រែ​ន​លោក ហ្សេ​ឡិន​ស្គី​។

លោក កា​ស៊ី​ន​ស្គី មេដឹកនាំ​គណបក្ស​កំពុង​កាន់​អំណាច​នៅ​ប្រទេស​ប៉ូ​ឡូញ បាន​ប្រាប់​សន្និសីទកាសែត​ថា លោក​គិត​ថា វា​ចាំបាច់​ណាស់​ដែល​ត្រូវ​មាន​បេសកកម្ម​សន្តិភាព​មួយ គឺ​អង្គការ​ណា​តូ និង​អាច​ពង្រីក​រចនាសម្ព័ន្ធ​អន្តរជាតិ​កាន់តែ​ធំ​ទូលាយ ប៉ុន្តែ​បេសកកម្ម​នោះ គឺ​អាច​ការពារ​ខ្លួនឯង​នៅ​ពេល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​លើ​ទឹកដី​ប្រទេស​អ៊ុយ​ក្រែ​ន​៕

អត្ថបទ​៖ សុខ ជា 

None



អត្ថបទបន្ទាប់


វិបត្តិសង្គ្រាមនៅអ៊ុយក្រែនធ្វើឲ្យជនភៀសខ្លួនអ៊ុយក្រែនកើនជាង ៣លាននាក់ហើយ

ជនភៀសខ្លួនអ៊ុយក្រែនសរុបបានកើនឡើងដល់ជាង៣លាននាក់ហើយ គិតចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនរហូតមកទល់នឹងពេលនេះ។ នេះបើតាម…

អ៊ុយក្រែនថា ការចរចាជាមួយរុស្ស៊ីហាក់រីកចម្រើនជាងមុនហើយ

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយនៅថ្ងៃពុធទី១៦មីនាថា ការចរចាសន្តិភាពជាមួយរុស្ស៊ីហាក់បី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ