ថ្លែងនៅក្នុងកម្មវិធីអបអរសាទរខួបលើកទី៤០ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ២០ មីនា ឆ្នាំ១៩៨០ - ២០ មីនា ឆ្នាំ២០២០ ឯកឧត្តម ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ក្រោយពីរាជរដ្ឋាភិបាលបានកំណត់គោលនយោបាយលើកកម្ពស់ប្រាក់រៀលជាអាទិភាពសំខាន់មួយនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដើម្បីជំរុញការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច គឺសបញ្ជាក់ឲ្យឃើញថា ប្រាក់រៀលចាប់ផ្តើមមានការកើនឡើងជាលំដាប់ ដោយក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ តម្រូវការប្រាក់រៀលបានកើនឡើងជាមធ្យម ១៦% ក្នុងមួយឆ្នាំៗ។
ឯកឧត្តមជា ចាន់តូនៅតែរំពឹងថា ការប្រើប្រាស់ប្រាក់រៀលនឹងនៅតែបន្តកើនឡើងថែមទៀតធៀបនឹងឆ្នាំមុន ខណៈជំនឿទុកចិត្តលើរូបិយវត្ថុជាតិបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងពីអត្ថប្រយោជន៍នៃប្រាក់រៀលក្នុងសេដ្ឋកិច្ចមានកំណើនច្រើន។
ជាមួយគ្នានេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានគូសបញ្ជាក់ថា ធនាគារអេស៊ីលីដាកំពុងបានផ្តល់ឥណទានជាប្រាក់រៀលប្រមាណជាង ១៥ភាគរយដល់អតិថិជនរបស់ខ្លួនក្នុងចំណោមឥណទានសរុបជិត ៤ពាន់លានដុល្លារ ខណៈប្រាក់រៀលដែលមាននៅក្នុងធនាគារអេស៊ីលីដាសរុបជាង២០ភាគរយ។
បើតាមឯកឧត្តមទេសាភិបាលធនាគារជាតិនៃកម្ពុជា វិស័យធនាគារបានបន្តអភិវឌ្ឍប្រកបដោយភាពរឹងមាំ និងបានពង្រីកវិសាលភាពសេវាកម្មនៅទូទាំងប្រទេស។ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ទ្រព្យសកម្មវិស័យធនាគារបានកើនឡើង ៩៣ដង ឥណទានបានកើនឡើង ១៧៨ដង និងប្រាក់បញ្ញើកើនឡើង ៩៥ដង។ កំណើនទាំងនេះ បង្ហាញពីជំនឿទុកចិត្តរបស់វិនិយោគិន និងប្រជាពលរដ្ឋមកលើប្រព័ន្ធធនាគារ និងរូបិយវត្ថុកម្ពុជា៕