អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា លោក គិត សុវណ្ណារិទ្ធ បានប្រាបអ្នកសារព័ត៌មានតាមរយៈសារជាសម្លេងរបស់លោកឲ្យដឹងថា គ្រប់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់សូមរក្សាភាពទន់ភ្លន់ដោះស្រាយបំណុលជាមួយកូនបំណុលតាមការអំពាវនាវ ក៏ដូចជាការណែនាំរបស់ធនាគារជាតិនៃកម្ពុជាដែលបានចេញនាពេលកន្លងមក និងចៀសវាងជាដាច់ខានមិនត្រូវរឹបអូសទ្រព្យបញ្ចាំរបស់កូនបំណុលខ្លួននោះឡើយ ក្នុងពេលដែលកំពុងមានការរីករាលដាលនៃជំងឺកូវីដ១៩។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមានការរីករាលដាលនៃមេរោគកូវីដ ១៩ បានឆ្លងទៅពលរដ្ឋកម្ពុជាកាន់តែច្រើនឡើងៗដែលរំពឹងថាបញ្ហានេះនឹងអាចរងផលប៉ះពាល់រយៈពេលយូរ ដូច្នេះធនាគារជាតិសូមអំពាវនាវដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សូមរក្សាភាពទន់ភ្លន់ចំពោះការដោះស្រាយបំណុល ជាមួយកូនបំណុលក្នុងកំឡុងវិបត្តិដ៏ធ្ងន់ធ្ងរនេះ។
អគ្គនាយករងត្រួតពិនិត្យធនាគារជាតិរូបនេះបានបញ្ជាក់ទៀតថា បើសិនជាមានគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុណាដែលមិនគោរពតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដូចដែលបានចែងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុបានអនុញ្ញាតឲ្យធនាគារជាតិនៃកម្ពុជាចាត់វិធានការមួយចំនួន ដូចជាព្រមាន ពិន័យ ហើយបើធ្ងន់ធ្ងរគឺឈានដល់ការបិទ ឬដកអាជ្ញាបណ្ណតែម្តង។
ជុំវិញនឹងសារាចរណែនាំរបស់ធនាគារជាតិ លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា វិធានការបស់ធនាគារជាតិកន្លងមក គឺបានជួយបើកផ្លូវដល់គ្រឹះស្ថានក្នុងការអនុវត្តគោលនយោបាយឥណទានរបស់គ្រឹះស្ថាននីមួយៗ ឲ្យប្រសើនិងថែរក្សាស្ថេរភាពហិរញ្ញវត្ថុជាពិសេសក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូវិត១៩នេះ។
លោកបញ្ជាក់ថា សមាគម មានជំនឿទុកចិត្តទាំងស្រុងថា សមាជិករបស់ខ្លួនមានទំនួលខុសត្រូវ ក្រមសីលធម៌ និងវិជ្ជាជីវៈគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហារបស់អតិថិជនដោយផ្អែកលើផលប៉ះពាល់ពិតប្រាកដ។ ម្យ៉ាងទៀត ដោយសារតែយន្តការទីផ្សារសេរី ប្រកបដោយការប្រកួតប្រជែង គ្រឹះស្ថាននីមួយៗ ប្រាកដជាយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនរបស់ខ្លួន ដើម្បីធានាថាអតិថិជននឹងបន្តផ្តល់ទំនុកចិត្ត ហើយបន្តប្រើប្រាស់សេវាកម្មរបស់គ្រឹះស្ថានជាបន្តទៀត។
លោកបានបន្ថែមទៀតថា កូវីដ១៩ គឺជាបញ្ហាសកល ហើយកម្ពុជាក៏មិនអាចចៀសផុតពីផលប៉ះពាល់នេះបានដែរ ហើយយើងរំពឹងថាវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ក៏ចៀសមិនផុតពីផលប៉ះពាល់នេះផងដែរ។ វិស័យមីក្រូហរិញ្ញវត្ថុនៅកម្ពុជា ក៏នឹងរងផលប៉ះពាល់ដែរ តែសមាគមគិតថាផលប៉ះពាល់នឹងស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន។
បើតាមលោក ផល វ៉ាន់ឌី គិតត្រឹមថ្ងៃ០៣ ខែមេសា ឆ្នាំ២០២០ ស្ថានភាពវិស័យមីក្រូហិរញ្ញវត្ថុ ហាក់នៅមានស្ថានភាពធម្មតានៅឡើយ។ ការស្នើរសុំប្រាក់កម្ចី ក៏ដូចជាការដាក់ប្រាក់បញ្ញើ នៅមានចរន្តជាធម្មតា។ ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះក៏ឃើញមានការដកប្រាក់ខ្លះៗ ពីអតិថិជនដាក់ប្រាក់បញ្ញើតូចៗ តែអថិជនដែលមានប្រាក់បញ្ញើច្រើនគឺនៅធម្មតា ដូចនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ហាក់មិនទាន់មានកង្វះសាច់ប្រាក់បម្រុងទុកឡើយ។
សូមជម្រាបថា បន្ថែមលើយន្តការដែលមានស្រាប់ ធនាគារជាតិនៃកម្ពុជាបានបង្កើតគណៈកម្មការ និងអនុគណៈកម្មការតាមដាននិងគ្រប់គ្រងហានិភ័យប្រតិបត្តិការធនាគារកណ្តាល ក្នុងអំឡុងពេលនៃការរីករាលដាលវីរុសកូវីដ១៩ នៅកម្ពុជា។ គណៈកម្មការនេះមានភារកិច្ចចម្បងក្នុងការតាមដាននិងវាយតម្លៃរាល់ហានិភ័យនិងផលប៉ះពាល់ដែលអាចកើតឡើងជាយថាហេតុ ពីការរីករាលដាលវីរុសកូវីដ១៩ មកលើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា។
ទន្ទឹមនេះ គណៈកម្មការទទួលភារកិច្ចរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រ យន្តការ និងផែនការសកម្មភាពដើម្បីគ្រប់គ្រងហានិភ័យនិងផលប៉ះពាល់ទាំងនោះ សំដៅធានាភាពរឹងមាំនិងនិរន្តរភាពនៃវិស័យធនាគារកម្ពុជា។ ដើម្បីអនុវត្តការងារទាំងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ធនាគារជាតិនៃកម្ពុជា ក៏បានបង្កើតអនុគណៈកម្មការជំនាញបួន សម្រាប់ជំនួយដល់គណៈកម្មការខាងលើ៕