ពិធីចុះហត្ថលេខានេះ បានធ្វើឡើងក្នុងប្រទេសសិង្ហបុរី ដោយមានវត្តមានលោក Ting Wee Liang ប្រធានប្រចាំ ប្រទេសសិង្ហបុរី និងជាប្រធានគ្រប់គ្រងទីផ្សារ និងសេវាកម្មប្រចាំអាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា របស់ក្រុមហ៊ុន TotalEnergies និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Royal Group។
អ្នកឧកញ៉ា គិត ម៉េង ជឿជាក់ថាកិច្ចសហការនេះ គឺមានគោលបំណងជំរុញកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍន៍សម្រាប់គម្រោងកកើតឡើងវិញដ៏ល្អប្រសើរបំផុតនៅក្នុងប្រទេសកម្ពុជា ដើម្បីបន្តការផ្លាស់ប្តូរថាមពលរបស់ប្រទេសជាតិ និងគោលដៅបរិស្ថាន ហើយរំពឹងថា គម្រោងនេះនឹងទទួលបានជោគជ័យរួមគ្នាជាច្រើននៅពេលខាងមុខឆាប់ៗនេះ។
យ៉ាងណាមិញ តាមការអះអាងរបស់អ្នកឧកញ៉ា គិត ម៉េង កិច្ចសហការជាមួយក្រុមហ៊ុនបារាំង TotalEnergiesនេះ ក្រុមហ៊ុនរបស់លោក បានត្រៀមខ្លួនធ្វើជាសម្ព័ន្ធមិត្តដ៏ខ្លាំងក្លា ដោយប្រើប្រាស់ចំណេះដឹង ជំនាញ និងសមត្ថភាពប្រតិបត្តិរួមគ្នា។
អ្នកឧកញ៉ា បន្ថែមថា មូលដ្ឋានគ្រឹះនៃភាពជឿជាក់ និងភាពជាដៃគូដ៏រឹងមាំនៅក្នុងការបណ្តាក់ទុននេះកំពុងតែចាប់ផ្តើមមានរូបរាងជាមួយនឹងក្រុមហ៊ុន TotalEnergies។
លោក Ting Wee Liang ប្រធានប្រចាំ ប្រទេសសិង្ហបុរី និងជាប្រធានគ្រប់គ្រងទីផ្សារ និងសេវាកម្មប្រចាំ អាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា របស់ក្រុមហ៊ុន TotalEnergies បានលើកឡើងដែរថា ក្រុមហ៊ុន TotalEnergies បានចូលមកទីផ្សារកម្ពុជារយៈពេល៣ទសវត្សរ៍មកហើយ ដោយមានដំណើរការនូវបណ្ដាញស្ថានីយ, ការលក់ប្រេងរំអិលយានយន្ដ និងប្រេងយន្ដហោះជាដើម។ លោកបន្ថែមថា ក្នុងនាមជាក្រុមហ៊ុនពហុថាមពល ក្រុមហ៊ុន TotalEnergies ប្ដេជ្ញាចិត្តអភិវឌ្ឍគម្រោងថាមពលកកើតឡើងវិញថ្មី និងផ្ដល់នូវអត្ថប្រយោជន៍នៅជុំវិញពិភពលោករួមទាំងកម្ពុជា ដើម្បីគាំទ្រដល់ការការផ្លាស់ប្ដូរថាមពលនៅក្នុងប្រទេសនេះ។
គួររំឭកថា នៅខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ផោវើ (RGP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុន Keppel Energy (KE) របស់ប្រទេសសិង្ហបុរី ដើម្បីរួមគ្នាស្វែងរកការអភិវឌ្ឍគម្រោងថាមពលកកើតឡើងវិញនៅក្នុងប្រទេសកម្ពុជា។