អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបបានប្រាប់ខេមបូណូមីសថា ការសាងសង់ផ្លូវរត់ឡូរី ដែលប្រើប្រាស់ថាមពលកកើតឡើងវិញ ប្រវែងជិត១០គីឡូម៉ែត្រក្នុងតំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ គឺដើម្បីទាក់ទាញអ្នកទេសចរឱ្យងាកមកធ្វើដំណើរកម្សាន្ត និងចូលរួមលើកកម្ពស់តំបន់ទេសចរណ៍ក្នុងស្រុក និងដើម្បីកាត់បន្ថយការចំណាយក្នុងការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស។
បើតាមសេដ្ឋីកសិកម្មរូបនេះ ការសាងសង់ផ្លូវរត់ឡូរីប្រវែងជិត១០គីឡូម៉ែត្រមានការលំបាកមួយចំនួនដោយសារកត្តាភូមិសាស្រ្តសម្បូរថ្ម ទីខ្ពស់ ដែលតម្រូវឱ្យមានការកាត់ពុះជ្រៀកថ្មដើម្បីសម្រួលដល់ផ្លូវរត់របស់ឡូរី។ ការសាងសង់ផ្លូវរត់សម្រាប់ឡូរីនេះដែរ ត្រូវបានអ្នកឧកញ៉ា ម៉ុង ឫទ្ធី អះអាងថា ភាគច្រើនប្រើប្រាស់គ្រឿងសម្ភារ និងធនធានក្នុងស្រុក និងមួយចំនួនត្រូវបាននាំចូលពីចិន ដោយសារនៅកម្ពុជា ពុំទាន់មាន។
បើតាមអ្នកឧកញ៉ា ម៉ុង ឫទ្ធី ការជិះឡូរី ប្រវែងជិត១០គីឡូម៉ែត្រនេះនឹងត្រូវចំណាយថវិកាចំនួន២ម៉ឺនរៀល សម្រាប់មនុស្សម្នាក់ ដោយរួមបញ្ចូលទាំងការដើរលេងកម្សាន្តនៅក្នុងសួនសត្វនៅតំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ផងដែរ។
សូមបញ្ជាក់ថា ផ្លូវរត់ឡូរីនេះមានប្រវែងសរុប៩២០០ម៉ែត្រ ដោយបានបើកការដ្ឋានសាងសង់កាល់ពីអំឡុងខែមករា ឆ្នាំ២០២៤ ខណៈមកទល់ពេលនេះការសាងសង់បានបញ្ចប់ជាស្ថាពរហើយ ដោយគ្រោងសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី២០ ខែកក្កដា នេះ។ នៅក្នុងគម្រោងនេះមានស្ថានីយសម្រាប់អ្នកដំណើរឡើងជិះឡូរីចំនួនពីរកន្លែង មានរូងក្រោមដី៣កន្លែង និងមានឡូរីសរុបចំនួន៣០គ្រឿង ដោយប្រើថាមពលអាគុយ៕
អត្ថបទ៖ បូ ដូឡា