
ការចុះហត្ថលេខាបណ្ដាក់ទុនរួមគ្នានេះ ធ្វើឡើងរវាងអ្នកឧកញ៉ា សៀ ដានីញ៉ែល នាយកប្រតិបត្តិនៃក្រុមហ៊ុន WorldBridge Group និងលោក Sakolkorn Sakavee ប្រធានក្រុមហ៊ុន Bitkub Capital Group Holdings ដោយមានការ ការអញ្ជើញចូលរួមជាអធីបតីភាពពីសំណាក ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនិយតករមូលបត្រកម្ពុជា, អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group និងលោក Jirayut Srupsrisopa ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Bitkub Capital Group Holdingsផងដែរ។

ក្នុងនាមក្រុមហ៊ុន Bitkub ជាអ្នកឈានមុខគេលើទីផ្សារ និងមានអ្នកប្រើប្រាស់ច្រើនជាងគេនៅក្នុងប្រទេសថៃ រួមជាមួយនឹងការយល់ដឹងយ៉ាងស៊ីជម្ររបស់ក្រុមហ៊ុន WorldBridge Group អំពីទិដ្ឋភាពធុរកិច្ចនៅកម្ពុជា បានធ្វើឲ្យការបណ្តាក់ទុននេះ ក្លាយជាឱកាសដ៏សំខាន់មួយ ក្នុងការពន្លឿនការទទួលយកភាពជឿនលឿននៃបច្ចេកវិទ្យាផ្សេងៗ ខណៈក្រុមហ៊ុនទាំងពីរបានមើលឃើញពីសារៈសំខាន់នៃទ្រព្យសកម្មឌីជីថល និងការច្នៃប្រឌិតផ្នែក blockchain។
សូមបញ្ជាក់ថា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ដែលទើបបង្កើតថ្មីនេះ នឹងមានបំណងណែនាំអត្ថប្រយោជន៍នៃបច្ចេកវិទ្យា Web3 និង blockchain ដើម្បីកែលម្អការដាក់បញ្ចូលហិរញ្ញវត្ថុ និងដំណោះស្រាយទ្រព្យសម្បត្តិឌីជីថល សម្រាប់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។
















