ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនទាំងពីរនេះ បានធ្វើឡើង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge និងលោក Julien Bert នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Airports។
តាមរយៈកិច្ចសហការលើគម្រោងនេះ ភាគីទាំងពីរនឹងវាយតម្លៃលទ្ធភាពបង្កើតច្រករបៀងដឹកជញ្ជូនពហុមធ្យោបាយ ដែលតភ្ជាប់រវាងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនទំនិញក្នុងប្រទេស និងឆ្លងដែន។
អ្នកឧកញ៉ា សៀ ឫទ្ធី បានលើកឡើងថា ការចុះអនុស្សរណៈនេះ គឺជាការចាប់ផ្តើមនៃកិច្ចសន្ទនារវាងក្រុមហ៊ុនទាំងពីរ ដើម្បីសិក្សាឱកាសអភិវឌ្ឍវិស័យឡូជីស្ទិករបស់កម្ពុជា។ អ្នកឧកញ៉ា ជឿជាក់ថា តាមរយៈការរួមបញ្ចូលគ្នារវាងទីតាំងយុទ្ធសាស្ត្ររបស់ក្រុងព្រះសីហនុ ដែលមានកំពង់ផែទឹកជ្រៅ និងអាកាសយានដ្ឋានអន្តរជាតិ រួមជាមួយនឹងបទពិសោធន៍ និងជំនាញដ៏ប៉ិនប្រសប់របស់ក្រុមហ៊ុនទាំងពីរនៅក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិក នឹងអាចជួយឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញដ៏សំខាន់មួយក្នុងតំបន់ នាពេលអនាគត។
ជាមួយគ្នានេះ លោក Julien Bert បានមានប្រសាសន៍ថា Cambodia Airports មានគោលបំណងពង្រឹងសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវអាកាស បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងទំនិញ និងផ្តល់នូវសេវាកម្ម ដែលមានភាពបត់បែន ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការដឹកជញ្ជូនតាមផ្លូវអាកាស។ លោកជឿជាក់ថា ភាពជាដៃគូជាមួយ WorldBridge នឹងបង្កើតតម្លៃរយៈពេលវែងសម្រាប់ភាគីទាំងពីរ និងជួយពង្រឹងជំហររបស់កម្ពុជាជាមជ្ឈមណ្ឌលឡូជីស្ទិក និងពាណិជ្ជកម្មក្នុងតំបន់។
តាមផែនការ ក្រុមការងាររបស់ក្រុមហ៊ុនទាំងពីរនឹងបន្តសិក្សាលទ្ធភាព និងអភិវឌ្ឍចក្ខុវិស័យរួមសម្រាប់គម្រោងនេះក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ គម្រោងនេះក៏ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទិក ដើម្បីទាក់ទាញការវិនិយោគ គាំទ្រការនាំចេញ និងបង្កើតឱកាសការងារថ្មីៗនៅកម្ពុជា។