និស្សិតគួររៀនជំនាញសាធារណការ

ហេតុអ្វីនិស្សិតគួររៀនជំនាញសាធារណការ?


ស្របពេលសិស្សនិស្សិត ដែលទើបបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)កំពុងស្វែងរកមុខជំនាញសម្រាប់បន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រ ថ្នាក់ដឹកនាំវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនលើកទឹកចិត្តឲ្យសិស្សនិស្សិតចាប់យកជំនាញសាធារណការ ដែលជាជំនាញកំពុងមានការពេញនិយម និងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន។
ហេតុអ្វីនិស្សិតគួររៀនជំនាញសាធារណការ?( រូបភាព និស្សិត ដែលទើបបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ផេកក្រសួងអប់រំ យុវជន និងកីឡា)
ដោយ

ការលើកទឹកចិត្តបែបនេះ ក៏ដោយសារមុខជំនាញ​នេះ​មិនត្រឹមតែអាចទទួលបានប្រាក់ឈ្នួលខ្ពស់នោះទេ ថែមទាំងមានឱកាសការងារខ្ពស់​នៅតាមក្រុមហ៊ុនឯកជន ក៏ដូចជាក្លាយជាមន្ត្រីក្របខណ្ឌនៅតាមក្រសួងស្ថាប័នរដ្ឋផងដែរ។

ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូនលើកទឹកចិត្តឲ្យសិស្សនិស្សិត ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ចាប់យក​ជំនាញ​សាធារណការ​សម្រាប់​ការសិក្សាបន្ត​នៅថ្នាក់​បរិញ្ញាបត្រ ព្រោះមុខជំនាញនេះ​មានឱកាសទទួលបានការងារខ្ពស់ទាំង​នៅក្រុមហ៊ុន​ឯកជន និងក្រសួងស្ថាប័នរដ្ឋ។ គោលបំណង​ចម្បង​មួយទៀត គឺក្រសួងសាធារណការ និងដឹកជញ្ជូនចង់ឲ្យ​កម្ពុជាមានធនធានវិស្វករ​លើជំនាញ​សាធារណការ និងដឹកជញ្ជូនឲ្យ​កាន់តែសម្បូរបែប ដើម្បីចូលរួម​អភិវឌ្ឍ​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ព្រោះកន្លងមករាល់គម្រោងអភិវឌ្ឍន៍សាធារណការ ហេដ្ឋារចនាសម្ព័ន្ធស្ពាន និងផ្លូវថ្នល់ធំៗនៅកម្ពុជាភាគច្រើន គឺប្រើប្រាស់វិស្វករបរមកពីបរទេស។

ជាមួយគ្នានេះឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ចូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូនអះអាងថា វិស័យដឹកជញ្ជូនផ្លូវគោកបានរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ពោលគឺបានរួមចំណែកប្រមាណ៩០% នៃការដឹកជញ្ជូនសរុបនៅកម្ពុជា។ ទោះយ៉ាងណា វិស័យនេះនៅតែជួបនូវបញ្ហាប្រឈមមួយចំនួនដូចជាកង្វះធនធាន លិខិតបទដ្ឋានគតិយុត្តិ និងឯកសារជំនាញបច្ចេកទេសផ្សេងៗ ដែលទាំងនេះទាមទារឲ្យកម្ពុជាត្រូវអភិវឌ្ឍន៍ធនធានឲ្យបានច្រើន និងមានគុណភាព ដើម្បីអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែរីកចម្រើន។ សម្រាប់ឯកឧត្តមឱកាសការងារលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជាមានភាពទូលំទូលាយណាស់ទាំងនៅ​ក្រសួងស្ថាប័នរដ្ឋ និងឯកជន ហើយតម្រូវការធនធាន​មានសមត្ថភាព​លើវិស័យនេះនឹងមានការកើនឡើង​ខ្ពស់​នាពេលអនាគត។

ជាមួយគ្នានេះឯកឧត្តម ហេង រ័ត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានចាត់ទុកវិស័យផ្លូវថ្នល់ជាសរស្តម្ភនៃការជួយជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាព និងសុខមាលភាព​របស់ប្រជាពលរដ្ឋ។ ដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះការសិក្សាលើជំនាញសាធារណការ គឺជាឱកាសរបស់យុវជនក្នុងការរួមចំណែកជួយអភិវឌ្ឍន៍វិស័យសាធារណការនៅកម្ពុជា និងឱកាសទទួលបានការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហឿន សំនៀង កត្តាដែលជំរុញឲ្យរាជរដ្ឋាភិបាលបង្កើតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនឡើង គឺដើម្បីបណ្តុះបណ្តាលជំនាញសាធារណការ និងដឹកជញ្ចូនដល់យុវជនកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា ក៏ដូចជាត្រៀមឆ្លើយតបនឹងតម្រូវការធនធានមនុស្សក្នុងវិស័យសាធាណការនាពេលបច្ចុប្បន្ន និងទៅអនាគត។ ការកាត់បន្ថយការប្រើប្រាស់វិស្វករជំនាញជនបរទេសក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក៏ស្ថិតក្នុងគោលដៅនៃការបង្កើតវិទ្យាស្ថាននេះផងដែរ៕




អត្ថបទបន្ទាប់


បញ្ហាអាកាសធាតុ ត្រូវបានផ្ដោតការពិភាក្សាយ៉ាងក្ដៅគគុកនៅថ្ងៃទី៣នៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក២០២៣

ព័ត៌មាន
នៅថ្ងៃទី៣ នៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅក្រុងដាវ៉ូស ប្រទេសស្វីស ដែលត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ រឿងរ៉ាវធំៗដែលទទួលបានការចា…

ក្រសួងរ៉ែ និងថាមពលនឹងផ្តល់អាជ្ញាបណ្ណឲ្យក្រុមហ៊ុនក្នុងស្រុកមួយ ជាអ្នករុករកធនធានរ៉ែនៅខេត្តកំពត

ព័ត៌មាន
មកទល់ពេលនេះក្រសួងរ៉ែ និងថាមពល បានបញ្ចប់ការសិក្សាវាយតម្លៃសមត្ថភាព បច្ចេកទេស និងធនធានរបស់ក្រុមហ៊ុនមួយ ដែលបានដាក់ពាក្យស្នើសុំស្វែងរុករកធន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ