ក្រោយរាជរដ្ឋាភិបាលបែងចែករាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលដែលជាទីតាំងមានការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ជាបីតំបន់ លឿង លឿងទុំ និងក្រហម គេសង្កេតឃើញមានតែរោងចក្រស្ថិតនៅតំបន់លឿងប៉ុណ្ណោះ ដែលអាចបើកដំណើរការបានជាបន្តបន្ទាប់។
បើតាមលោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា គិតត្រឹមថ្ងៃទី១៨ ឧសភា មានរោងចក្រកាត់ដេរចំនួន ២១១រោងចក្របានបើកដំណើរការឡើងវិញ ដោយអនុញ្ញាតឲ្យកម្មករកម្មការិនីជាង៧ម៉ឺននាក់ បានចូលបម្រើការងារឡើងវិញ បន្ទាប់ពីបានផ្អាកការងារមួយរយៈ។
គួររំលឹកថា ក្រោយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍មានការកើនឡើង បានបង្ខំឲ្យរោងចក្រជាង៣៦០ សម្រេចចិត្តបិទទ្វារជាបណ្តោះអាសន្នរយៈពេលពីរសប្តាហ៍។ ការបិទទ្វាររោងចក្រនេះបានធ្វើឲ្យកម្មករជាង ៣០ម៉ឺននាក់ត្រូវផ្អាកការងារជាបណ្តោះអាសន្ន។ប៉ុន្តែក្រោយអនុវត្តវិធានការបិទខ្ទប់បានចំនួនពីរសប្តាហ៍ និងមានការកំណត់បែងចែកការឆ្លងកូវីដ-១៩ ជាបីតំបន់ លឿង លឿងទុំ និងក្រហម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុញ្ញាតឲ្យរោងចក្រស្ថិតនៅតំបន់លឿង ដែលមានការឆ្លងកូវីដកម្រិតស្រាលអាចបើកដំណើរការឡើងវិញ។ ប៉ុន្តែអនុញ្ញាតឲ្យប្រើកម្លាំងពលកម្មតែ៥០% រយនៃកម្លាំងពលកម្មសរុបរបស់រោងចក្រនីមួយៗតែប៉ុណ្ណោះ។
បើតាមឯកឧត្តម មាស ម៉េតភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ វិធានការបិទខ្ទប់នេះទំនងជាត្រូវបិទបញ្ចប់នៅត្រឹមថ្ងៃទី២១ ឧសភា ខាងមុខនេះ។ ប៉ុន្តែបើស្ថានការណ៍នៅតែមិនមានធូរស្បើយរដ្ឋបាលរាជធានីភ្នំពេញអាចនឹងពិចារណាបិទបន្ត ប៉ុន្តែអាចធ្វើក្រោមរូបភាពបិទតាមខ្នងផ្ទះនីមួយៗវិញ៕